អន្តរជាតិ
លោក បៃឌិន និងលោក ត្រាំ ទំនងប៉ះគ្នាម្ដងទៀត ក្រោយលោកស្រី ហេលី ដកខ្លួន
07, Mar 2024 , 4:19 pm        
រូបភាព
លោកស្រីនីគី ហេលី បេក្ខជនប្រធានាធិបតីនៅក្នុងបក្សសាធារណរដ្ឋ។ រូបភាព AFP
លោកស្រីនីគី ហេលី បេក្ខជនប្រធានាធិបតីនៅក្នុងបក្សសាធារណរដ្ឋ។ រូបភាព AFP
លោកស្រី នីគី ហេលី (Nikki Haley) បានប្រកាសដើរចេញពីយុទ្ទនាការឃោសនារកការគាំទ្រខ្លួននៅក្នុងបក្សសាធារណរដ្ឋ នៅថ្ងៃទី ៦ ខែមីនា ក្រោយចាញ់លោកដូណាល់ ត្រាំយ៉ាងខ្លាំងនៅថ្ងៃបោះឆ្នោតបឋម Super Tuesday។ ការប្រកាសព្យួរយុទ្ធនាការនេះ បានធ្វើឱ្យលោកដូណាល់ ត្រាំ ក្លាយជាបេក្ខជនសំខាន់ចុងក្រោយ សម្រាប់ការតែងតាំងពីបក្សសាធារណរដ្ឋ ជាបេក្ខជនប្រធានាធិបតី មុននឹងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ។
 
លោកស្រី នីគី ហេលី ជាអតីតអភិបាលរដ្ឋ South Carolina និងឯកអគ្គរដ្ឋទូតអាម៉េរិកនៅអង្គការសហប្រជាជាតិនៅអាណត្តិលោកដូណាល់ ត្រាំ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ប្រកាសឈរឈ្មោះប្រជែងតំណែងបេក្ខជនប្រធានាធិបតីនៅក្នុងបក្សសាធារណរដ្ឋ។ បើទោះមានសំឡេងគាំទ្រតិចជាងលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក កន្លងមកលោកស្រីហេលី ទទួលបានការគាំទ្រពីអ្នកកណ្តាលនិយម និងអ្នកដែលទទួលបានការអប់រំនៅមហាវិទ្យាល័យ។ 
 
យ៉ាងណមិញ នៅថ្ងៃទី៦ ខែមីនា លោកស្រី ហេលី បានប្រកាសផ្អាកយុទ្ធនាការ រកការគាំទ្រជាបេក្ខជនប្រធានាធិបតីក្នុងបក្សសាធារណរដ្ឋ ដែលនឹងទុកលោកត្រាំ ជាបេក្ខជនដ៏សំខាន់តែម្នាក់ឯង។ យ៉ាងណាមិញ អតីតឯកអគ្គរដ្ឋទូតអាម៉េរិកនៅអង្គការសហប្រជាជាតិ មិនបានប្រកាសគាំទ្រលោក ត្រាំ ឡើយ។ 
 
«ឥឡូវនេះ វាអាស្រ័យលើលោក ដូណាល់ ត្រាំ ដែលអាចទាក់ទាញសន្លឹកឆ្នោតពីបក្សរបស់យើង និងអ្នកដែលមិនគាំទ្រគាត់។ ហើយ​ខ្ញុំ​សង្ឃឹម​ថា​គាត់​ធ្វើ​បែប​នេះ»។ លោកស្រី ហេលី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសុន្ទរកថានៅទីក្រុង Charleston រដ្ឋ South Carolina។ 
 
ការបញ្ឈប់យុទ្ធនាការនេះ ធ្វើឡើងក្រោយលោកស្រីហេលី បានចាញ់ការគាំទ្រលើលោកត្រាំជាច្រើនសំឡេង នៅក្នុងការបោះឆ្នោតបឋម Super Tuesday។ មកទល់ពេលនេះ លោកត្រាំ ទទួលបានសំឡេងគាំទ្រ ១០៣១តំណាង ខណៈលោកស្រីហេលីទទួលបានត្រឹម ៨៩សំឡេងប៉ុណ្ណោះ។ លោកត្រាំមានលទ្ធភាពខ្ពស់ ក្នុងការតែងតាំងពីបក្សសាធារណរដ្ឋឱ្យធ្វើជាបេក្ខជនប្រធានាធិបតីតំណាងបក្ស។ លោកត្រាំ ចាំបាច់ទទួលបានការគាំទ្រពីតំណាងចំនួន ១២១៥ នៅក្នុងការបោះឆ្នោតបឋម។
 
ទន្ចឹមនេះ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានឆ្លៀតឱកាស ស្វាគមន៍អ្នកគាំទ្រលោកស្រី ហេលី ដើម្បីអាចមកគាំទ្ររូបលោកវិញ។ លោកបៃឌិន បានថ្លែងថា លោក ត្រាំ កន្លងមក មិនចង់បានសន្លឹកឆ្នោតពីអ្នកគាំទ្ររបស់លោកស្រីហេលីទេ។ បើតាមលោកបៃឌិន នៅក្នុងអាណត្តិក្រោយ លោកនឹងបន្តការពារប្រជាធិបតេយ្យ នីតិរដ្ឋ ការតទល់នឹងគូប្រជែង និងឈរនៅជាមួយសម្ព័ន្ធយោធាណាតូ។ ការអះអាងបែបនេះ គឺផ្ទុយពីលោកត្រាំ ដែលបានផ្តោតអាទិភាពលោកអាម៉េរិក កាលពីលោកនៅកាន់តំណែង។ 
 
ការចាកចេញរបស់លោកស្រីហេលី បានធ្វើឱ្យលោក ត្រាំ កាន់តែមានឱកាសកាន់តែច្រើន ដើម្បីផ្តោតលើការបោះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខ ដោយមានដៃគូប្រជែងចាស់ គឺលោកបៃឌិន។ ​ក្រោយពីដើរចេញ លោកស្រីហេលី បានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រីមិនចង់ធ្វើជាអនុប្រធានាធិបតី ក្នុងអាណត្តិរបស់ ត្រាំ ទេ។ 
 
ជាការពិត នៅក្នុងការស្ទាបស្ទង់មតិរបស់ AP VoteCast ដែលធ្វើឡើងក្នុងចំណោមអ្នកបោះឆ្នោតបឋម និងគណបក្សសាធារណរដ្ឋនៅរដ្ឋ Iowa, រដ្ឋ New Hampshire និង South Carolina រវាង 61% និង 76% នៃអ្នកគាំទ្ររបស់ លោកស្រី ហេលី បាននិយាយថាពួកគេមិនពេញចិត្តខ្លាំង ប្រសិនបើ លោក ត្រាំ ក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ហើយពួកគេនឹងមិនបោះឆ្នោតឱ្យអតីតប្រធានាធិបតីអាម៉េរិករូបនេះឡើយ នៅក្នុងការបោះឆ្នោតខែវិច្ឆិកា។ 
 
លោកស្រីហេលី គឺជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះការប្រកួតបឋមលើលោក ត្រាំ នៅ District of Columbia និងរដ្ឋVermont។ ប៉ុន្តែលោកស្រីនៅតែចាញ់លោក ត្រាំ ចំពោះរដ្ឋផ្សេងៗទៀត។ លោកស្រីចាកចេញពីការប្រណាំងនេះក៏ពិតមែន តែភាពល្បីល្បាញ និងការគាំទ្រកម្រិតខ្ពស់ អាចជួយលោកស្រីក្នុងការឈរឈ្មោះជាប្រធានាធិបតីនាពេលអនាគតបាន៕

Tag:
 អាម៉េរិក ការបោះឆ្នោត ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com