សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម​ និង​អូស្ត្រាលី​​ដំឡើងកម្រិត​ទំនាក់ទំនង​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ
07, Mar 2024 , 8:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីវៀតណាម (ឆ្វេង) និងនាយករដ្ឋមន្ត្រីអូស្ត្រាលីផ្លាស់ប្តូរសេចក្តីថ្លែងការណ៍ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាប្រទេសទាំងពីរ។ រូបភាព ៖ Dan Tri
នាយករដ្ឋមន្ត្រីវៀតណាម (ឆ្វេង) និងនាយករដ្ឋមន្ត្រីអូស្ត្រាលីផ្លាស់ប្តូរសេចក្តីថ្លែងការណ៍ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាប្រទេសទាំងពីរ។ រូបភាព ៖ Dan Tri
ក្នុងកិច្ចពិភាក្សានៅទីក្រុងកង់ប៉េរ៉ា នៅថ្ងៃទី៧ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ​ និងនាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Anthony Albanese បានឯកភាពគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរពីភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
 
វៀតណាម និងអូស្រ្តាលីបានប្រកាសដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងឱកាសក្រោយបិទបញ្ចប់កិច្ចប្រជុំរម្លឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ 
 
ការដំឡើងកម្រិតទំនាក់ទំនងវៀតណាម - អូស្ត្រាលីទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគឱ្យស៊ីជម្រៅ និងមានប្រសិទ្ធភាពលើវិស័យដូចជា ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ការពារជាតិ ការបណ្តុះបណ្តាល និងអប់រំជាដើម។ 
 
នាយករដ្ឋមន្ត្រីអូស្រ្តាលី អាន់ថូនី អាល់បានីស បាននិយាយថា លោកមានមោទកភាពដែលបានដំឡើងកម្រិតទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ប្រទេសទាំងពីរបានប្តេជ្ញាថា នឹងសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដើម្បីពង្រឹងការត្រួតពិនិត្យផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើបរិស្ថានសមុទ្រ។
 
ទន្ទឹមនេះ លោក ផាម មិញ ជិញ បានលើកឡើងថា ៖«ក្របខណ្ឌទំនាក់ទំនងថ្មីនេះ នឹងរួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការវៀតណាម-អូស្ត្រាលីកាន់តែស៊ីជម្រៅ បំពេញតាមសេចក្តីប្រាថ្នារួមរបស់ប្រជាជនទាំងពីរ»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress ។ 
 
បើតាមនាយករដ្ឋមន្រ្តីវៀតណាម បច្ចុប្បន្នមានប្រជាជន ៣៥ម៉ឺននាក់មានដើមកំណើតវៀតណាមកំពុងរស់នៅអូស្ត្រាលី ហើយវៀតណាមជាភាសានិយាយច្រើនជាងគេលំដាប់ទី៤ នៅអូស្ត្រាលី។ទំនាក់ទំនងរវាងប្រទេសទាំងពីរមានជាច្រើនជំនាន់មកហើយ។ ត្រង់ចំណុចនេះ លោកផាម មិញ ជិញ យល់ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អូស្ត្រាលី នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
 
លើសពីនេះ​ ភាគីទាំងពីរបានអនុម័តលើកិច្ចព្រមព្រៀងបង្កើតលក្ខខណ្ឌសម្រាប់កម្មករវៀតណាមចំនួន ១០០០នាក់បានធ្វើការក្នុងវិស័យកសិកម្ម ដើម្បីបំពេញការខ្វះខាតកម្លាំងពលកម្មនៅតំបន់ជនបទ និងដាច់ស្រយាលរបស់អូស្ត្រាលី។ 
 
បច្ចុប្បន្ន អូស្ត្រាលីមានគម្រោងវិនិយោគជាង៦០០ ដែលទុនវិនិយោគសរុបជាង២ពាន់លានដុល្លារដោយឈរនៅលំដាប់ទី២០ក្នុងចំណោម ១៤៣ប្រទេស និងតំបន់ដែលវិនិយោគនៅវៀតណាម។ វៀតណាមមានគម្រោងវិនិយោគចំនួន ៩២ នៅអូស្ត្រាលីដែលមានទុនវិនិយោគសរុបចំនួន ៥៥២,៧ លានដុល្លារដោយជាប់ចំណាត់ថ្នាក់ទី ១១ ក្នុងចំណោមប្រទេស និងតំបន់ចំនួន៨០ ដែលវិនិយោគនៅអូស្ត្រាលី។ នេះបើតាមសារព័ត៌មាន Phap Luat ។
 
ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៣ បានកើនដល់ ១៣,៨ ពាន់លានដុល្លារ។ បច្ចុប្បន្ន អូស្ត្រាលីជាដៃគូពាណិជ្ជកម្មធំជាងគេទី៧ របស់វៀតណាម ខណៈវៀតណាមជាដៃគូធំទី ១០ របស់អូស្ត្រាលី។ 
 
ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងរវាងប្រទេសនានា។ មក​ដល់​ពេល​នេះ វៀតណាម​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​ជិត​២០០ ក្នុង​នោះ​មាន​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយជាមួយ​ចិន រុស្ស៊ី ឥណ្ឌា កូរ៉េ​ខាង​ត្បូង អាម៉េរិក ជប៉ុន និង​អូស្ត្រាលី៕ 

Tag:
 ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ
  វៀតណាម​
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com