កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីកាយសម្ព័ន្ធវៀតណាម Phuong ទទួលប្រាក់រង្វាន់ដែលគ្រូកេង ត្រឡប់មកវិញ
08, Mar 2024 , 8:39 am        
រូបភាព
អតីតកីឡាការិនីកាយសម្ព័ន្ធជម្រើសជាតិវៀតណាម Pham Nhu Phuong ទទួលបានប្រាក់រង្វាន់ដែលគ្រូបង្វឹករបស់នាងកេងយក ត្រឡប់មកវិញ។ ដោយសារករណីកេងបន្លំប្រាក់រង្វាន់ Phuong បានសម្រេចចិត្តចូលនិវត្តពីអាជីពកីឡាកាយសម្ព័ន្ធត្រឹមវ័យ២០ឆ្នាំ។


កាលពីពាក់កណ្តាលខែមករា កីឡាការិនី Phuong បាននិយាយថាត្រូវបង់ប្រាក់ ១០ភាគរយ នៃប្រាក់រង្វាន់មេដាយក្នុងការប្រកួតអន្តរជាតិ ដែលត្រូវផ្តល់ឱ្យអត្តពលិក ទៅកាន់គ្រូបង្វឹកស្រីរបស់ខ្លួនឈ្មោះ Nguyen Thuy Duong។ មិនតែប៉ុណ្ណោះ ប្រាក់រង្វាន់ ៥០ភាគរយ ផ្សេងទៀត ក៏ត្រូវបានគ្រូបង្វឹករបស់នាងម្នាក់ទៀត បង្ខំឱ្យបង់ផងដែរ។
 
តាមការស៊ើប​អង្កេត​របស់រដ្ឋបាលកីឡាវៀតណាម (VSA) រកឃើញថាគ្រូបង្វឹកចំនួន ២រូប លោកស្រី Duong និងជំនួយការគ្រូបង្វឹកលោក Nguyen Ha Thanh បានទទួលខុសត្រូវលើការលួចយកប្រាក់រង្វាន់នោះ។ ក្រោយស៊ើបដឹងការពិត ប្រាក់ទាំងនោះត្រូវប្រគល់ឱ្យកីឡាការិនីកាយសម្ព័ន្ធ Phuong វិញ។
 
បើតាមបងស្រីរបស់កីឡាការិនី Phuong ឈ្មោះ Pham Hong Anh គ្រួសារនាងទទួលយកប្រាក់រង្វាន់ ៥០ភាគរយនោះវិញ ប៉ុន្តែប្រាក់១០ភាគរយ នាងមិនយកវិញទេ ដោយផ្តល់ទៅឱ្យគណៈកម្មការមាតាបិតា អ្នកហាត់កាយសម្ព័ន្ធជម្រើសជាតិ ដែលប្រើប្រាស់វាលើការចំណាយបន្ថែមសម្រាប់អត្តពលិក រួមមាន ការសាងសង់បង្គន់អនាម័យ ជួយជុលម៉ាស៊ីនកម្តៅទឹក ម៉ាស៊ីនត្រជាក់ និងសម្ភារៈហាត់ផ្សេងៗ ព្រមទាំងជាមូលនិធិជួយដល់អត្តពលិករងរបួសជាដើម។
 
«ប្រសិនបើលុយពិតជាឱ្យឪពុកម្តាយមើលថែកីឡាករនៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកីឡាហាណូយពិតមែន យើងនឹងមិនយកវាមកវិញទេ ព្រោះគេប្រើក្នុងគោលបំណងត្រឹមត្រូវ។ ប្រសិនបើនេះមិនមែនជាករណីពិតមួយនោះទេ យើងនៅត្រូវបញ្ជាក់ចំនួនពិតប្រាកដដែលប្រមូលបាន។»។ នេះបើតាមសម្តីរបស់បងស្រីកីឡាការិនី Phuong។
  


កន្លងមកកីឡាការិនី Phuong បានអះអាងថា សមាជិកក្រុមបានថែមម៉ោងហាត់នៅថ្ងៃអាទិត្យ និងថ្ងៃសម្រាក ទោះបីមិនមែនជាពេលហាត់ពិតប្រាកដ ដើម្បីទទួលបានប្រាក់រង្វាន់បន្ថែម ហើយត្រូវបង់ចំនួន ៥០ភាគ តៅកាន់គ្រូបង្វឹកវិញ។ 
 
ពីមុនមកគ្របង្វឹកក្រុមកាយសម្ព័ន្ធបុរសលោក Truong Tuan Hien និងអ្នកស្រី Nguyen Thi Thanh Thuy ទទួលបន្ទុកក្រោមកាយសម្ព័ន្ធនារី ហើយអ្នកទាំងពីរបានបដិសេធមិនយកប្រាក់ដើម្បីផលប្រយោជន៍ខ្លួនឡើយ ដោយបញ្ជាក់ថាប្រើប្រាក់ដើម្បីបង្កើតមូលនិធិ។
 
យ៉ាងណាកាលពីថ្ងៃទី២​ ខែមីនា គ្រូបង្វឹកក្រុមជម្រើសជាតិ ៤រូប ត្រូវបានពិន័យ និងចាកចេញពីក្រុមក្នុងនោះក៏មានគ្រូបង្វឹករបស់កីឡាការិនី Phuong រួមជាមួយនឹងគ្រូបង្វឹកឈ្មោះ Do Thi Ngan Thuong, Thuy Duong និង Ha Thanh ផងដែរ។
 
ព្រោះតែបញ្ហាការកេងបន្លំថ្លៃប្រាក់រង្វាន់ពីគ្រូបង្វឹកបានបង្ខំចិត្តឱ្យកីឡាការិនី Phuong សម្រេចចិត្តចូលនិវត្តន៍នៅត្រឹមអាយុ ២០ឆ្នាំ ទោះបីជារដ្ឋបាលកីឡា VSA បានព្យាយមសម្របសម្រួលការងារឱ្យល្អឡើងវិញ ក៏កីឡាការិនីដដែលរូបនេះមិនដកថយពីការសម្រេចចិត្តរបស់នាងផងដែរ៕

Tag:
 វៀតណាម
  កាយសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com