ជាតិ
ព្រះពុទ្ធ និងអុីស្លាម សុទ្ធតែបាននិយាយពីការឱ្យតម្លៃស្រ្តី!
08, Mar 2024 , 9:09 am        
រូបភាព
(ឆ្វេង) សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប និងលោក មោសា អះម៉ាត់ គ្រូបង្រៀនផ្នែកសាសនាអ៊ីស្លាម។
(ឆ្វេង) សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប និងលោក មោសា អះម៉ាត់ គ្រូបង្រៀនផ្នែកសាសនាអ៊ីស្លាម។
សៀមរាប៖ ពិភពលោកបានកំណត់យកថ្ងៃទី៨ មីនា ប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ ដើម្បីជាការចងចាំ នៃសកម្មភាពទាមទារសិទ្ធិស្មើគ្នាដូចបុរស។ តាមន័យនេះ យើងអាចដឹងបានថា នៅសម័យកាលបុរាណ សង្គមមិនបានផ្ដល់តម្លៃស្មើគ្នារវាងបុរសនិងស្រ្តីឡើយ។
 
ងាកមកក្នុងវិស័យសាសនាវិញ ទាំងសាសនាព្រះពុទ្ធ និងសាសនាអ៊ីស្លាម សុទ្ធសឹងបាននិយាយពីស្រ្តី និងការឱ្យតម្លៃស្រ្តី ដែលចាត់ទុកជាមាតាពិភពលោក។ 
 
ទី១ សាសនាព្រះពុទ្ធ៖ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប បានសម្ដែងថា ក្នុងសង្គមខ្មែរ ស្រ្តីជាអ្នកមានក្រឹត្យ មានវិន័យល្អ និងជាបុគ្គលដ៏ខ្ពង់ខ្ពស់ ដ្បិតថា ព្រះពុទ្ធសាសនាបានចាត់ទុកស្រ្តីជាម្ដាយ ឬមាតាពិភពលោក។ សម្ដេចបន្ថែមថា មនុស្សនៅក្នុងលោក សុទ្ធតែធ្លាប់នៅក្នុងពោះស្រ្តី សូម្បីព្រះសម្មាសម្ភទ្ធ ក៏កើតពីពោះស្រ្តីដែរ។
 
សម្ដេច ពិន សែម មានបន្ទូលបន្ថែមថា ដូច្នេះស្រ្តីខ្លួនឯងគួរយល់ពីតម្លៃរបស់ខ្លួន និងរក្សាក្រឹត្យ​ឱ្យសមនឹងតម្លៃ ដែលពិភពលោកបានផ្ដល់ជូន មិនត្រូវបន្ថោកបន្ទាបខ្លួនឯងនោះទេ។ សម្ដេច ពិន សែម មានសង្ឃដីការដូច្នេះថា៖«ដូច្នេះត្រូវរក្សាក្រឹត្យរបស់ខ្លួនជាស្រ្តី មិនត្រូវបោះក្រឹត្យវិន័យចោលទេ។ ដល់តែក្រឹត្យ​នៅស្រី វិន័យនៅសង្ឃ។​ ព្រះសង្ឃតែបង់វិន័យថោកទាបហើយ មនុស្សស្រីតែបង់ក្រឹត្យ​គឺថោកទាបហើយ»។ 
 
ជាមួយនេះ សម្ដេច ពិន សែម ក៏បានផ្ដល់ឱវាទដល់ឪពុកម្ដាយ ត្រូវចេះទូន្មាន និងបង្រៀនកូនប្រុសស្រី ពីរឿងជ្រើសរើសគូស្រករផងដែរ ព្រោះថាឪពុកម្ដាយជាគ្រូទីមួយរបស់កូន ហើយរឿងគូស្រករនេះទៀតសោត ជារឿងធម្មជាតិរ​បស់មនុស្សគ្រប់រូប ពុំមានអ្វីត្រូវអៀនខ្មាសឡើយ។ ព្រះអង្គមានបន្ទូលថា ព្រះពុទ្ធបានហាម​​មិនឱ្យក្មេងស្រី​ដើររកគូស្រករដោយខ្លួនឯងទេ។ ត្រង់នេះព្រះអង្គយល់ថា ព្រះពុទ្ធ​មិនបាន​​បំបិទសិទ្ធិដល់ក្មេងស្រីទេ តែជាការផ្ដល់តម្លៃដល់ស្រ្តី ហើយថាស្រ្តីដែលស្ថិតក្នុងយុវវ័យ មើលមិនគ្រប់ជ្រុង​ដូចមនុស្សចាស់ឡើយ។ 
 
ទី២ សាសនាអ៊ីស្លាម៖ គ្រូបង្រៀនផ្នែកសាសនាអ៊ីស្លាមលោក មោសា អះម៉ាត់ បានរំឮកពីសាវតាសិទ្ធិស្រ្តី មុនការមកដល់នៃសាសនាអ៊ីស្លាម ដែលនៅបណ្ដាប្រទេសអារ៉ាប់ គឺនៅក្នុងសម័យកាលអវិជ្ជា ស្រ្តីត្រូវបានគេចាត់ទុក​ដូចជាទាសករ និងជាមនុស្សមិនមានតម្លៃសោះនៅក្នុងគ្រួសារ និងសង្គម។ ស្រ្តីប្រៀបដូចជាឧបករណ៍លេងសើចនៅក្នុងសង្គម ការមិនឱ្យតម្លៃពីគ្រួសារ និងមិនមានសិទ្ធិទទួលកេរមរតកឡើយ។ 
 
លោក មោសា បន្ថែមថា នៅជំនាន់នោះប្រសិនបើកើតបានកូនស្រី គឺប្រៀបដូចជាមានទ្រព្យមិនល្អ នៅក្នុងផ្ទះ និងមិនហ៊ានប្រាប់ថាខ្លួនកើតបានកូនស្រីឡើយ។ អ្នកខ្លះសម្រេចយកកូនស្រីទៅកប់ចោល ទាំងរស់​ ដែលនេះជាការបំពានសិទ្ធិរស់រានមានជីវិតរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ។ 
 
ផ្ទុយទៅវិញ ក្រោយសាសនាអ៊ីស្លាមចូលមកដល់ ស្រ្តីត្រូវបានផ្តល់សិទ្ធិឱ្យស្មើគ្នាដូចបុរសដែរ  ដែលសាសនាបានចែងថា មនុស្សគ្រប់រូបមានសិទ្ធិស្មើៗគ្នា។ អ៊ីស្លាមបាននិយាយថា «ការសម្លាប់ជីវិតម្នាក់ ដូចសម្លាប់ជីវិតមនុស្សនៅលើផែនដីនេះទាំងមូល»។ នេះជាការលើកឡើង របស់លោក មោសា អះម៉ាត់។
 
ក្រៅពីនេះ អ៊ីស្លាមហាមឃាត់អាណាព្យាបាល មិនឱ្យគាបសង្កត់ឱ្យកូនស្រី​រៀបការជាមួយ​បុរស​ដែលគេមិនពេញចិត្ត។ លោក មោសា បន្ថែមថា៖«អ៊ីចឹងកន្លែងនេះអ៊ីស្លាមផ្ដល់សិទ្ធិឱ្យស្រ្តី ក្នុងការជ្រើសរើសគូស្រកររបស់គាត់ ដូចបុរសមានសិទ្ធិជ្រើសរើសភរិយា»។ 
 
ចំណែកសិទ្ធិទទួលបានមរតកពីគ្រួសារវិញ ស្រ្តីមានសិទ្ធិទទួលបានមរតកពីឪពុកម្ដាយ និងបងប្អូន របស់ពួកគេ ផ្ទុយពីសម័យកាលអវិជ្ជា ដែលគេមិនអើពើលើស្រ្តី ហើយវាស​បញ្ជាក់ពីការផ្ដល់ភាពយុត្តិធម៌​ដល់ស្រ្តី។
 
ករណីខ្លះ ច្បាប់អ៊ីស្លាមបានផ្តល់សិទ្ធិលើស្រ្តីលើសពីបុរសផង។ ច្បាប់នោះរួមមាន ការដាក់បន្ទុកបុរស លើការគ្រប់គ្រង ថែរក្សា មើលខុសត្រូវលើស្រ្តី ដោយមិនចាំបាច់ឱ្យពួកនាងធ្វើអ្វីទាំងនោះ។ ករណីនេះ ដូចជា ឪពុកមានភារកិច្ចទំនុកបម្រុងលើកូនស្រីរហូតដល់នាងមានគ្រួសារ ,បុរសជាបងជាប្អូន មានភារកិច្ច មើលថែរក្សាចិញ្ចឹមបងឬប្អូនស្រី ហើយប្ដី មានភារកិច្ចគ្រប់គ្រងថែរក្សាភរិយា ដោយមិនឱ្យនាងចេញរកស៊ី ឬធ្វើការឡើយ ក្នុងករណីដែលនាងមិនចង់ធ្វើ។ យ៉ាងណា អ៊ីស្លាមក៏មិនហាមឱ្យស្រ្តីចេញធ្វើការ ឬរកស៊ីដោយខ្លួនឯងដែរ។  លោក មោសា លើកឡើងត្រង់ចំណុចនេះថា៖« បើគាត់មិនពេញចិត្ត គាត់អាចនៅផ្ទះ មិនចាំបាច់ធ្វើការ​អ្វីទាំងអស់ តែអ៊ីស្លាមក៏មិនហាមឃាត់ស្រ្តីធ្វើការដែរ»។ 
 
អ៊ីស្លាមក៏មិនបានដាក់កាតព្វកិច្ចលើស្រ្តីឱ្យថ្វាយបង្គំនៅថ្ងៃសុក្រជុំគ្នានៅវិហារអ៊ីស្លាម ដូចបុរសឡើយ។ ហើយបុរសត្រូវមានបណ្ណាការ​​ជូនស្រ្តី នៅពេលរៀបការ ដែលនេះជាការផ្ដល់សិទិ្ធស្ត្រី លើសបុរស។ ហើយនៅពេលស្លាប់ សាសនាអ៊ីស្លាមតម្រូវឱ្យរុំក្រណាត់ស លើសពបុរស៣ជាន់ ចំណែកស្រ្តី៥ជាន់ ដែលវាបង្ហាញពីការផ្ដល់តម្លៃ និងរក្សាកិត្តិយសដល់ស្រ្តីជាសំខាន់ ។ ​នេះជាការលើកឡើង​របស់គ្រូបង្រៀនសាសនាអ៊ីស្លាម លោក មោសា អះម៉ាត់។ 
 
ក្រៅពីនេះ សាសនាអ៊ីស្លាម​ក៏មាននិយាយ​ដែរថា នរណាដែលចិញ្ចឹម​កូនស្រី២នាក់​ ​ដោយផ្ដល់ការអប់រំ ថែរក្សាពួកគេឱ្យធំពេញវ័យនោះ នៅថ្ងៃបរលោក ពួកគេនឹងចូលឋានសួគ៌ដ៏ល្អ ដែលស្ថិតនៅជិតព្យាការីមូហាំម៉ាត់៕

© រក្សាសិទ្ធិដោយ thmeythmey.com