អន្តរជាតិ
ចិនមិនពេញចិត្តចំពោះការចុះផ្សាយរបស់សារព័ត៌មានហូឡង់ពាក់ព័ន្ធនឹងតៃវ៉ាន់
07, Mar 2024 , 5:39 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព Xinhua
​ចិន​ នៅថ្ងៃទី៦ ខែមីនា បាន​បង្ហាញការមិនពេញចិត្តចំពោះការចុះផ្សាយ​របស់​ទូរទស្សន៍​សាធារណៈ​ហូឡង់ NOS ស្តីពី​កោះ​តៃវ៉ាន់។ បើតាមស្ថានទូតចិន សារព័ត៌មានហូឡង់គួរតែគោរពគោលការណ៍ចិនតែមួយ និងមិនគួរផ្តល់ជាវេទិកាសម្រាប់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់។
 
ប្រព័ន្ធផ្សព្វផ្សាយហូឡង់NOS នៅថ្ងៃទី២ ខែមីនា បានចាក់ផ្សាយពីឧស្សាហកម្មបន្ទះឈីបនៅតៃវ៉ាន់ ហើយថែមទាំងហៅដែនកោះមួយជាប្រទេសថែមទៀត។ សារព័ត៌មានហូឡង់ ដែលមានកិច្ចសម្ភាសន៍ជាមួយ លោក Roy Chun Lee អតីតអនុរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ផងនោះ បានបន្តថា បន្ទះឈីប នឹងធានាតៃវ៉ាន់ពីការឈ្លានពានរបស់ចិន។ 
 
ការចុះផ្សាយបែបនេះ បានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង ដ្បិតចិនតែងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃដែនកោះរបស់ខ្លួន។ ជាការឆ្លើយតប ស្ថានទូតចិនប្រចាំនៅហូឡង់ បាននិយាយថា ទូរទស្សន៍ហូឡង់គួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ លុបបំបាត់ផលប៉ះពាល់អវិជ្ជមាន និងមិនគួរផ្តល់ជាវេទិកាសម្រាប់កងកម្លាំងឯករាជ្យតៃវ៉ាន់ឡើយ។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយ NOS មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះឡើយ។
 
ថ្មីៗ​នេះ ទីក្រុង​ប៉េកាំង​បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅចំពោះមុខកោះ​តៃវ៉ាន់។ ក្នុងពេលបើកកិច្ចប្រជុំសភាប្រជាជនចិន (NPC) លោកលី ឈាំង នាយករដ្ឋមន្រ្តីចិន បានប្រកាសជាថ្មីជុំវិញការបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់ និងចិន។ កន្លងមក លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានចាត់ទុកការបង្រួបបង្រួមដែនដីទាំងពីរ ជាបេសកកម្មប្រវត្តិសាស្រ្ត។ 
 
គួរបញ្ជាក់ថា ចិនបានទាមទារកោះ​តៃវ៉ាន់​ដែលគ្រប់គ្រងតាម​បែប​ប្រជាធិបតេយ្យ​ជាផ្នែកមួយនៃ​ទឹកដី​របស់​ខ្លួន ហើយថែមទាំងព្រមានប្រើកម្លាំងទ័ពទៀត បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។ យ៉ាងណាមិញតៃវ៉ាន់ បាន​ជំទាស់​នឹង​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ចិន ហើយ​តែងសង្កត់ធ្ងន់​ថា មាន​តែ​ប្រជាជន​កោះ​នេះ​ទេ​ដែល​អាច​សម្រេច​អនាគត​របស់​ខ្លួនឯងបាន៕

Tag:
 ចិន
  ហូឡង់
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com