អន្តរជាតិ
ថៃ​រកឃើញខ្លា​ឃ្មុំ​ផេន​ដា​ក្រហម និងពស់ក្នុងវ៉ាលីជួញដូរខុសច្បាប់នៅអាកាសយានដ្ឋាន
08, Mar 2024 , 10:09 am        
រូបភាព
សត្វខ្លាឃ្មុំក្រហម រកឃើញក្នុងវ៉ាលី នៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក។ រូបភាព Reuters
សត្វខ្លាឃ្មុំក្រហម រកឃើញក្នុងវ៉ាលី នៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក។ រូបភាព Reuters
មន្ត្រីគយថៃ នៅថ្ងៃទី៧ ខែមីនា បានជួយសង្គ្រោះខ្លាឃ្មុំផេនដាក្រហម ពស់ ស្វា និងសត្វ chameleons (ពពួក បង្គួយ) ចេញពីវ៉ាលី ឬ ឥវ៉ាន់ដែលត្រូវបានត្រួតពិនិត្យនៅអាកាសយានដ្ឋានសុវណ្ណភូមិក្នុងសប្តាហ៍នេះ។ ទន្ទឹមនេះ អាជ្ញាធរថៃ បានចាប់ខ្លួនជនជាតិឥណ្ឌា ៦នាក់ពីបទប៉ុនប៉ងរត់ពន្ធ។
 
សត្វល្មូន និងថនិកសត្វសរុប ៨៧ក្បាលត្រូវបានរកឃើញនៅក្នុងឥវ៉ាន់នៅអាកាសយាន្តដ្ឋានសុវណ្ណភូមិដែលរួមមាន chameleons ពស់ សេកចំពុះធំ កំប្រុកភ្នែកក្រហម ប្រចៀវ ខ្លាឃ្មុំផេនដាក្រហម និងស្វា។ សត្វ​ខ្លះ​ត្រូវ​បាន​រុំ​ដោយ​ក្រដាស ហើយ​ខ្លះ​ទៀត​ដាក់​ក្នុង​ធុង​ប្លាស្ទិក។ នេះបើតាមរូបថត​ពី​គយ​នៅ​អាកាសយានដ្ឋាន​សុវណ្ណភូមិ​ ក្នុងក្រុង​បាងកក​។
 
តាមរយៈសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរថៃ បានអះអាងថា ជនជនជាតិឥណ្ឌាចំនួន ៦នាក់ បានរងបទចោទប៉ុនប៉ងរត់ពន្ធ និងត្រូវបានចាប់ខ្លួន នៅថ្ងៃទី៤ ខែមីនា ខណៈដែលពួកគេគ្រោងនឹងធ្វើដំណើរចេញទៅទីក្រុងបុមបៃ ឥណ្ឌា។
 
ថៃដែលមានព្រំប្រទល់ជាប់ប្រទេសចំនួនបួន ត្រូវបានសម្គាល់ឃើញមានចំណែកក្នុងការជួញដូរសត្វព្រៃខុសច្បាប់ ហើយមន្ត្រីគយនៅសុវណ្ណភូមិជារឿយៗចាប់សត្វល្មូន និងសត្វតូចៗ ដាក់ក្នុងវ៉ាលី។
 
សូមបញ្ជាក់ថា ផលិតផលសត្វអាចមានដូចជា សាច់ សុត ​ទឹកដោះ សរសៃ ស្បែកជាដើម មានតម្រូវការ ខ្ពស់នៅក្នុងប្រទេស ចិន មីយ៉ាន់ម៉ា និងថៃផ្ទាល់។ ប្រទេសទាំងនេះត្រូវបានប្រើប្រាស់ផលិតផលទាំងនោះ ក្នុងឱសថបុរាណ ឬប្រើប្រាស់ដោយផ្ទាល់តែម្តង៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com