កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Brighton ២នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ​ក្រោយត្រូវគេចាក់ក្នុងទីក្រុងរ៉ូម
08, Mar 2024 , 12:29 pm        
រូបភាព
អ្នកគាំទ្រក្រុម ​Brighton & Hove Albion ចំនួន ២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្នុងទីក្រុងរ៉ូមភ្លាមៗ បន្ទាប់ពីត្រូវបានគេលួចចាក់ នៅមុនថ្ងៃនៃការប្រកួតពានរង្វាន់ ​Europa League របស់ក្រុមពួកគេទល់នឹងក្រុម AS Roma។


បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បុគ្គលិកភោជនីយដ្ឋានម្នាក់ បានទូរស័ព្ទទៅកាន់ប៉ូលីសភ្លាមៗ នាវេលាពាក់កណ្តាលអាធ្រាត្រ កាលថ្ងៃទី៦ ខែមីនា ដោយនិយាយថាអ្នកគាំទ្រ ២នាក់ បានមកឱ្យរូបគេជួយ បន្ទាប់ពីត្រូវបានគេចាក់នឹងកាំបិត នៅក្បែរភោជនីយដ្ឋាននោះ។
 
អ្នកគាំទ្រម្នាក់មានរបួស ៣កន្លែងនៅត្រង់ភ្លៅខាងឆ្វេង ចំណែកម្នាក់ទៀតត្រូវចំភ្លៅខាងស្តាំ។ ពួកគេក៏ត្រូវបានគេ លួចយកកាបូបស្ពាយ ដែលមានកាបូបលុយមួយ រួមនិងឯកសារថែមទៀត។ 
 
អ្នកគាំទ្រក្រុម​ Brighton ទាំង២ ដែលមានវ័យ ២៨ និង ២៩ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ២ដាច់ ដោយឡែកពីគ្នា ក្នុងទីក្រុងរ៉ូម។
 
ចំណែកការប្រកួតរបស់ Brighton & Hove Albion បានរងបរាជ័យយ៉ាងអាម៉ាស់នៅក្នុងទីក្រុងរ៉ូម ដោយត្រូវបានក្រុមម្ចាស់ផ្ទះបំបាក់ នៅក្នុងលទ្ធផល ៤-០ នៃជើងទីមួយពានរង្វាន់ Europa League នាថ្ងៃទី៧ ខែមីនា៕
 

Tag:
 Brighton & Hove Albion
  Roma
© រក្សាសិទ្ធិដោយ thmeythmey.com