អន្តរជាតិ
លោកបៃឌិនបញ្ជាយោធាបង្កើតផែជំនួយបណ្តោះអាសន្ននៅកាហ្សា
08, Mar 2024 , 2:39 pm        
រូបភាព
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅចំពោះមុខសភា នៅថ្ងៃទី៧ ខែមីនា។ រូបភាព Twitter_President Biden
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅចំពោះមុខសភា នៅថ្ងៃទី៧ ខែមីនា។ រូបភាព Twitter_President Biden
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី៧ ខែមីនា បានបញ្ជាយោធាអាម៉េរិកបង្កើតកំពង់ផែបណ្តោះអាសន្ននៅកាហ្សា ដើម្បីផ្តល់ជំនួយដល់ប្រជាជន។ ការបញ្ជានេះ ធ្វើឡើងស្របពេលប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ កំពុងខ្វះស្បៀងអាហារបរិភោគ ស្របពេលអុីស្រាអែលបន្តវាយប្រហារលើក្រុមហាម៉ាស។
 
កិច្ចចរចារយៈពេលបីថ្ងៃលើបទឈប់បាញ់នៅកាហ្សារវាងក្រុមហាម៉ាស និងអុីស្រាអែលមិនបានជោគជ័យទេ មុនពេលចាប់ផ្តើមពិធីបុណ្យរ៉ម៉ាឌន បន្ទាប់ពីអ្នកចរចារបស់ក្រុមហាម៉ាសបានចាកចេញពីការពិភាក្សាជាមួយអ្នកសម្រុះសម្រួលនៅអេហ្ស៊ីប ដើម្បីពិគ្រោះជាមួយថ្នាក់ដឹកនាំចលនារបស់ខ្លួននៅក្នុងប្រទេសកាតាវិញ។
 
ស្របពេលវិបត្តិមនុស្សធម៌នៅតំបន់កាហ្សាកាន់តែធ្ងន់ធ្ងរ ហើយជម្លោះនៅតែបន្ត លោកប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានបញ្ជាឱ្យបង្កើតផែនៅតំបន់កាហ្សា ដើម្បីងាយស្រួលក្នុងការបន្តដឹកជំនួយឱ្យប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់។ 
 
នៅក្នុងសុន្ទរកថាទៅកាន់សភា លោក បៃឌិន ប្រកាសបង្កើតកំពង់ផែបណ្តោះអាសន្នមួយ ដើម្បីផ្តល់ជំនួយសម្រាប់កាហ្សា ក្រោយឃើញពីសភាពរស់នៅដ៏ពិបាករបស់ប្រជាជនក្នុងតំបន់។ 
 
«ជូនចំពោះថ្នាក់ដឹកនាំអុីស្រាអែល ខ្ញុំនិយាយនេះ ចង់បញ្ជាក់ថា ជំនួយមនុស្សធម៌មិនអាចជាការពិចារណាបន្ទាប់បន្សំបានទេ ឬជាមធ្យោបាយសម្រាប់ចរចាទេ»។ លោកបៃឌិន បានប្រកាសនៅមុខសភាបែបនេះ នៅថ្ងៃទី៧ ខែមីនា។
 
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានរាយការណ៍ថាមនុស្ស ៨៣ នាក់ទៀតត្រូវបានសម្លាប់ថ្មីៗនេះ ដែលបានកើនឡើងដល់ ៣០៨០០ នាក់។ អ្នកស្លាប់ភាគច្រើនជាស្ត្រី និងកុមារ។
 
នៅតំបន់វាលខ្សាច់Jabalia ភាគខាងជើងកាហ្សា ប្រជាជនប៉ាឡេស្ទីនបានប្រមូលផ្តុំគ្នា ដើម្បីទទួលអាហារនៅចំណុចចែកស្បៀងមួយ។ ប៉ុន្តែពួកគេមិនមានហ្គាសសម្រាប់ចម្អិនអាហារ ព្រមទាំងមិនមានម្សៅ ឬអង្ករទៀត។ 
 
មិនតែប៉ុណ្ណោះ លោក បៃឌិន បានជំរុញឱ្យក្រុមហាម៉ាសទទួលយកផែនការបទឈប់បាញ់ជាមួយអ៊ីស្រាអែល ដោយកិច្ចព្រមព្រៀងនោះនឹងផ្អាកការប្រយុទ្ធយ៉ាងហោចណាស់ប្រាំមួយសប្តាហ៍ ការដោះលែងអ្នកជំងឺ របួស មនុស្សចាស់ និងចំណាប់ខ្មាំងស្ត្រី និងការកើនឡើងនៃជំនួយមនុស្សធម៌។ យ៉ាងណាមិញ ភាគីទាំងពីរនៅតែរឹងរូស ពិបាកក្នុងការធ្វើកិច្ចព្រមព្រៀងដែលសមរម្យមួយ។
 
ទោះជាអាម៉េរិកបានចាប់ផ្តើមផ្តល់ជំនួយតាមផ្លូវអាកាសនៅសប្តាហ៍មុនក្តី ក៏វានៅមានភាពយឺតយ៉ាវ ទើបមានការសាងសង់កំពង់ផែនេះឡើង។ មន្ត្រីអាម៉េរិកបានទទួលស្គាល់ថា វានឹងប្រើពេលជាច្រើនសប្តាហ៍ មុនពេលជំនួយទៅកាន់កំពង់ផែថ្មីអាចចាប់ផ្តើម៕

Tag:
 កាហ្សា
  អាម៉េរិក
  អុីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com