ជាតិ
លោកស្រី ជា សុកនួន៖ បុរសមានភរិយាដែលពូកែ ជាបុរសដែលមានសំណាង
08, Mar 2024 , 3:29 pm        
រូបភាព
លោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ខេត្តសៀមរាប
លោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ខេត្តសៀមរាប
សៀមរាប៖ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកស្រី ជា សុកនួន ចាត់ទុកបុរសដែលមាន ភរិយាពូកែ ជាបុរសដែលមានសំណាង ដ្បិតថាស្រ្តីទាំងនោះរួមចំណែកជួយទាំងកិច្ចការងារក្នុងគ្រួសារ អាជីវកម្ម និងសង្គមជាតិ។
 
«សម្រាប់ខ្ញុំបុរសដែលមានភរិយាដែលពូកែ ពូកែទាំងក្នុងកិច្ចការក្នុងផ្ទះ ក៏ដូចជាកិច្ចការងារខាងក្រៅ  បុរសនោះពិតជាមហាសំណាងមែនទែន ព្រោះថាបើគាត់មានភរិយាដែលពូកែ ពូកែមើលថែកូន ពូកែមើលថែរក្សាគ្រួសារ ពូកែចាត់ចែងទ្រព្យសម្បត្តិក្នុងគ្រួសារ និងថែរក្សាទ្រព្យសម្បត្តិគ្រួសារ និងមើលថែអាជីវកម្ម ការងារផ្សេងៗ បុរសនោះក៏មានអារម្មណ៍ក្នុងការចាត់ចែងការងារគាត់បានល្អដែរ​ចឹងហើយខ្ញុំយល់ថា បុរសនោះមហាសំណាងបំផុត»។ នេះជាការលើកឡើងរបស់លោកស្រី ជា សុកនួន ក្នុងវេទិកាស្រ្តីដើម្បីអ្នកទាំងអស់គ្នា និងទិវានារីអន្ដរជាតិ ៨មីនា ខួប១១៣ ក្រោមប្រធានបទ «ស្រ្តីក្នុងតួនាទីគ្រួសារ អាជីវកម្ម និងការអភិវឌ្ឍសង្គម» ដែលធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមីនា។ 
 
ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ខេត្តសៀមរាប បានបន្ថែមថា តួនាទីសព្វថ្ងៃរបស់ស្រ្តីមិនមែនសម្រាប់ តែកិច្ចការងារក្នុងគ្រួសារឡើយ តែស្រ្តីកំពុងរួមចំណែកយ៉ាងផុសផុលក្នុងអាជីវកម្ម និងរបរជាច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។
 
លោកស្រី ក្រង់ ស៊ីថារី ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប

ប្រធានមន្ទីរកិច្ចការនារទីខេត្តសៀមរាប លោកស្រី ក្រង់ ស៊ីថារី ចាត់ទុកប្រធានបទនៃកិច្ចពិភាក្សាខាងលើ ថាពិតជាមានសារសំខាន់ ដែលបង្ហាញពីការទទួលខុសត្រូវរបស់ស្រ្តី ទាំងក្នុងគ្រួសារ សង្គមជាតិ។ លោកស្រីបន្ថែមថា៖« កិច្ចការងារស្រ្តីមានច្រើន និងពេលខ្លះ​ការងារផ្ទះមួយចំនួនគេគិតថា​ជាការងារ​ឥតប្រយោជន៍ តែកុំភ្លេចថា ទាល់តែស្រ្តីខ្លាំងនៅក្នុងផ្ទះ ទើបបុរសធ្វើការងារខាងក្រៅបានជោគជ័យ»។
 
 អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន យល់ថាស្រ្តីដែលមានអាជីវកម្មផ្ទាល់ខ្លួន ជាស្រ្តីដែលពូកែ និងសមទទួលបានការកោតសរសើរពីបុរសជាស្វាមី និងសង្គម។ ស្រ្តីមានចំណេះដឹងកាន់តែជ្រៅជ្រះ នោះនឹងរួមចំណែកកសាងធនធានមនុស្សកាន់តែច្រើន។ នេះជាការលើកឡើងរបស់លោក នាក់ ណេរ៉ុន ទៅកាន់ស្រ្តី និងអ្នកចូលរួមប្រមាណជាង២០០នាក់។ លោកអភិបាលរងក៏សង្ឃឹមថា កិច្ចពិភាក្សានៅពេលនេះ នឹងក្លាយជាធាតុចូលមួយសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍​សេដ្ឋកិច្ចខេត្តសៀមរាប៕

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប។







Tag:
 សមាគមសហគ្រិនស្រ្តីកម្ពុជា
  ជា សុកនួន
© រក្សាសិទ្ធិដោយ thmeythmey.com