សង្គមអន្តរជាតិ​
អន្តរជាតិ
តើស្រ្តីមានឥទ្ធិពលបំផុតទាំង៥​ លើពិភពលោកនៅឆ្នាំ២០២៣ មាននរណាខ្លះ?
08, Mar 2024 , 4:29 pm        
រូបភាព
លោកស្រី Ursula von der Leyen បានប្រជែងប្រធានធនាគារកណ្តាលអឺរ៉ុប Christine Lagarde និងអនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស ដើម្បីរក្សាតំណែងកំពូលក្នុងបញ្ជីស្ត្រីដែលមានឥទ្ធិពលបំផុតទាំង១០០ សម្រាប់ឆ្នាំ២០២៣ របស់ទស្សនាវដ្តី Forbes។ នេះ​ជា​ឆ្នាំ​ទី​២ ​របស់​លោកស្រី von der Leyen ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក។
 
ខាងក្រោមនេះ ជាស្រ្តីទាំង៥រូបមានឥទ្ធិពលបំផុតលើពិភពលោកផ្អែកតាមចំណាត់ថ្នាក់ទស្សនាវដ្តី Forbes ៖ 
 
១. ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen
 
លោកស្រី Ursula von der Leyen ដែលជាអ្នកនយោបាយអាល្លឺម៉ង់បានកាន់តំណែងជាប្រធានគណៈកម្មការអឺរ៉ុប (EC) តាំងពីឆ្នាំ២០១៩ ជាស្រ្តីដែលមានឥទ្ធិពលបំផុតលើពិភពលោក។ លោកស្រីមានអាយុ ៦៥ឆ្នាំ និងជាស្ត្រីដំបូងគេដែលបានកាន់តួនាទីជាប្រធានគណៈកម្មការអឺរ៉ុប។ លោកស្រីមានទំនួលខុសត្រូវនៅចំពោះមុខប្រជាជនអឺរ៉ុបជាង ៤៥០លាននាក់។
 
ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ក្រោមការដឹកនាំរបស់អតីតអធិការបតី លោកស្រី Angela Merkel ក្នុងឆ្នាំ ២០១៣ ដល់ ២០១៩។
 
២. ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde 
 
លោកស្រី Christine Madeleine Odette Lagarde ជាអ្នកនយោបាយ និងមេធាវីជនជាតិបារាំង ដែលបានបម្រើការជាប្រធានធនាគារកណ្តាលអឺរ៉ុបចាប់ពីឆ្នាំ២០១៩ ។ ពីមុនលោកស្រីធ្លាប់ជានាយកគ្រប់គ្រងជំនាន់ទី១១ ប្រចាំមូលនិធិរូបិយវត្ថុអន្តរជាតិពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៩ ។
 
៣. អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស
 
លោកស្រី កាម៉ាឡា ហារីស ជាអ្នកនយោបាយ និងជាមេធាវីជនជាតិអាម៉េរិក។ លោកស្រីបានក្លាយជាស្រ្តីជនជាតិអាម៉េរិកស្បែកខ្មៅដំបូងកាន់តួនាទីអនុប្រធានាធិបតីអាម៉េរិកទី៤៩ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន ។ លោកស្រីធ្លាប់បម្រើការជាមេធាវី San Francisco និងជារដ្ឋអាជ្ញានៅរដ្ឋ California ។
 
៤. នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni 
 
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោកស្រី Giorgia Meloni បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីតាលី ដោយក្លាយជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលកាន់តួនាទីនេះ។ លោកស្រី Meloni ក៏​ជា​ប្រធាន​គណបក្សស្តាំ​និយម​របស់​អ៊ីតាលី​ ដែលចូលកាន់តំណែងនេះនៅខែមីនា ឆ្នាំ២០១៤។
 
នៅអាយុ ១៥ឆ្នាំ លោកស្រីបានចូលរួមជាមួយក្រុមយុវជននៃចលនាសង្គមអ៊ីតាលីដែលជាគណបក្សមួយដែលត្រូវបានបង្កើតឡើងដោយអ្នកគាំទ្រអតីតមេដឹកនាំផ្តាច់ការអ៊ីតាលី Benito Mussolini ហើយដែលត្រូវបានពិពណ៌នាថាជាពួកនិយមហ្វាស៊ីសនិយម។
 
៥. តារាចម្រៀង Taylor Swift 
 
មនុស្សទី៥ ក្នុងបញ្ជីស្ត្រីដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកគឺ Taylor Alison Swift។ Taylor Swift ជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអាម៉េរិក។ សិល្បៈច្នៃប្រឌិត ការនិពន្ធបទចម្រៀង និងភាពជាសហគ្រិនរបស់នាងបានជះឥទ្ធិពលភាពល្បីសុះសាយនៅពាសពេញពិភពលោក។ Taylor Swift ចាប់​ផ្ដើម​និពន្ធ​បទ​ចម្រៀង​អាជីព​តាំង​អាយុ ១៤ ឆ្នាំ។
 
តារាចម្រៀងរូបនេះរកប្រាក់ចំណូលបាន ៨៥០លានដុល្លារពីដំណើរទេសចរណ៍ពិភពលោក Eras របស់នាងកាលពីឆ្នាំ២០២៣។ នេះបើតាមសមាគមទេសចរណ៍អាម៉េរិក។ 
 
ចំណាត់ថ្នាក់របស់ Forbes ធ្វើឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៤ រួមមានទ្រព្យសម្បត្តិ ប្រជាប្រិយភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ សមត្ថភាពក្នុងការទាក់ទាញ និងវិសាលភាពនៃការជះឥទ្ធិពល។
 
គួរបញ្ជាក់ថា ទស្សនាវដ្តី Forbes របស់អាម៉េរិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១៧។ ចាប់តាំងពីឆ្នាំ២០០៤ ទស្សនាវដ្ដីនេះបានចាប់ផ្តើមបោះពុម្ពផ្សាយចំណាត់ថ្នាក់ប្រចាំឆ្នាំនៃស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ១០០នៅលើពិភពលោក៕ 

Tag:
 ស្រ្តី
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com