សង្គមអន្តរជាតិ​
អន្តរជាតិ
ដើមចម ដែលនាំឱ្យមានទិវាអន្តរជាតិនារី ៨ មីនា
08, Mar 2024 , 8:19 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
តើនរណាជាអ្នកបង្កើតគំនិតនៃទិវាអន្តរជាតិនារី? តើ​ទិវាអន្តរជាតិនារី​ត្រូវ​បាន​​ចាត់​ទុក​ជា​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ​នៅ​ប្រទេស​ណា​ខ្លះ? សម្រាប់ឆ្នាំ២០២៤ ទិវាអន្តរជាតិប្រារព្វក្រោមមូលបទអ្វី? ខាងក្រោមនេះ សារព៏ត៌មានថ្មីៗសូមបង្ហាញសំណួរ-ចម្លើយទាំង៨ ជុំវិញទិវាអន្តរជាតិនារី ៖
 
១. តើទិវាអន្តរជាតិនារីជាអ្វី? 
 
ទិវាអន្តរជាតិនារី ជាទិវាពិភពលោកដែលប្រារព្ធឡើងដើម្បីបង្ហាញនូវសមិទ្ធិផលសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយរបស់ស្ត្រី។ ថ្ងៃនេះ ក៏មានការអំពាវនាវឱ្យមានសកម្មភាពលើកកម្ពស់សមភាពយេនឌ័រផងដែរ។
 
ទិវាអន្តរជាតិនារី ត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៨ ខែមីនា។  ទិវានេះ ជាថ្ងៃដ៏សំខាន់បំផុតក្នុងមួយឆ្នាំដើម្បីគោរពសមិទ្ធិផលរបស់ស្ត្រី,​ ការអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិស្មើគ្នារបស់ស្ត្រី, ការអំពាវនាវឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដើម្បីលើកកម្ពស់វឌ្ឍនភាពរបស់ស្ត្រី រួមទាំងការយុទ្ធនាការបង្កើនសមភាពយេនឌ័រ រៃអង្គាសថវិកាសម្រាប់អង្គការសប្បុរសធម៌ផ្តោតលើស្ត្រីជាដើម។ 
 
២. តើទិវាអន្តរជាតិនារីមានប្រវត្តិយ៉ាងណា​ ?
 
​នៅ​ចុង​សតវត្ស​ទី១៩ បច្ចេកវិទ្យា​បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​នៅលើ​សកលលោក ជាពិសេស​នៅអាម៉េរិក និង​បណ្ដា​ប្រទេស​ដែលមាន​ខឿន​ឧស្សាហកម្ម​រីកចម្រើន​។ នារី និង​កុមារ​ក្រីក្រ​រាប់លាន​នាក់ ត្រូវបាន​ទាក់ទាញ​ឱ្យចូល​ធ្វើការ​នៅក្នុង​រោងចក្រ​សហគ្រាស​ឯកជន​នានា​ទាំងឡាយ​។ ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​មួយចំនួន​មានគំនិត​លោភលន់ កេងប្រវ័ញ្ច​មិន​ស្កប់ស្កល់​លើ​កម្លាំង​របស់​នារី កុមារ និង​កម្មករ​បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ជា​ទម្ងន់​ក្នុង​មួយថ្ងៃ​ពី ១២​ម៉ោង ទៅ​១៦​ម៉ោង ហើយ​ផ្ដល់​ប្រាក់បៀវត្ស​យ៉ាង​តិចតួច​បំផុត ដោយ​មិន​គិតពី​សុខភាព​របស់​កម្មករ​ឡើយ ជាហេតុ​ធ្វើឱ្យ​នារី និង​កុមារ​ទាំងនោះ​ត្រូវ​រស់នៅក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា​។​
 
ដោយ​ការឈឺចាប់​យ៉ាង​ពុះពារ​ជាប់​ជានិច្ច​ ចំពោះ​អំពើ​កៀបសង្កត់​កេងប្រវ័ញ្ច​ហួសប្រមាណ​នោះ នៅ​ថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់ដេរ​នៅ​ទីក្រុង​ស៊ីកា​ហ្គោ និង​ញូវ​យ៉​ក សហរដ្ឋអាមេរិក បាន​សាមគ្គី​ឯកភាពគ្នា​ក្រោកឈរឡើង​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​ទាមទារ​ឱ្យ បន្ថយ​ម៉ោង​ធ្វើការ និង​ដំឡើង​ប្រាក់បៀវត្ស​។ ប៉ុន្តែ​ជា​លទ្ធផល កម្មការិនី​ទាំងនោះ​ត្រូវ​បានទទួល​ការកៀបសង្កត់​យ៉ាង​ពេញទំហឹង ត្រូវគេ​ចាប់ចង​ធ្វើ​ទារុណកម្ម និង​ត្រូវ​បណ្ដេញ​ចេញពី​រោងចក្រ​។ ទោះបី​ត្រូវ​ទទួល​ការឈឺចាប់ និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ កម្មការិនី​នៅតែ​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ តស៊ូ​ស្វិតស្វាញ ងើបឈរ​ឡើង​តវ៉ា​ប្រឆាំង​ជា​សាធារណៈ​ម្ដង​ហើយ​ម្ដងទៀត បង្ខំ​ឱ្យ​ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​ត្រូវ​តែ​ទទួល​យល់​ស្របតាម​។ ដំណើរ​តស៊ូ​នៃ​កម្មការិនី​ទាំងនោះ​បាន​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា ចំពោះ​ចលនា​នារី​ពលករ​លើ​សកលលោក​ទាំ​ង​មូល​។​
 
​ចលនា​ដ៏​ស្វិតស្វាញ​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​នារី​ពលករ​នៅ​ប្រទេស​អាឡឺម៉ង់​ដែលជា ប្រទេស​ឧស្សាហកម្ម​ធំ​មួយនា​សម័យ​នោះ​។ នៅ​ប្រទេស​អាឡឺម៉ង់​ក្នុងពេល​នោះបាន​លេចឡើង​នូវ​យុវនារី ៣​រូប​ដ៏​ល្បីល្បាញ​គឺ អ្នកស្រី ក្លា​រ៉ា​ស្ជេ​គ​គិ​ន ជនជាតិ​អាឡឺម៉ង់ និង រ៉ូ​ស្កា​លុម​ស្ព័​រ​បួរ ជនជាតិ​ប៉ូឡូញ ដែល​បាន​ចូលរួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី គ្រូ​ប​ស្កា​យ៉ា (​ភរិយា​លោក​ឡេ​នី​ន​) បំផុស​ចលនា​បង្ខិត​បានជា​គណៈ​លេខា​អន្តរជាតិ​ដើម្បី​ដឹកនាំ​ចលនា​នារី​។​
 
៣. តើនរណាជាអ្នកបង្កើតគំនិតនៃទិវាអន្តរជាតិនារី?
 
នៅឆ្នាំ ១៩១០ សមាជអន្តរជាតិលើកទី២ ត្រូវបានប្រារព្ធឡើងនៅ​ទីក្រុង​កូ​ប៉ែន​ហាកប្រទេសដាណឺម៉ាក ស្តីពីការងាររបស់ស្ត្រី។ អ្នកស្រី ក្លា​រ៉ា​ ស្ជេ​គ​គិ​ ជាមេដឹកនាំការិយាល័យស្ត្រីរបស់គណបក្សសង្គមប្រជាធិបតេយ្យអាឡឺម៉ង់បានបង្កើតគំនិតទិវាអន្តរជាតិនារីនេះឡើង។ អ្នកស្រីបានស្នើថាជា រៀងរាល់ឆ្នាំនៅគ្រប់ប្រទេសគួរតែមានការប្រារព្ធពិធីនៅថ្ងៃតែមួយគឺ «ទិវានារី»  ដើម្បីលើកកម្ពស់ការទាមទាររបស់ពួកគេ។ សមាជនេះត្រូវបានចូលរួមដោយស្ត្រីជាង១០០នាក់ មកពី១៧ប្រទេសដែលតំណាងឱ្យសហជីព គណបក្សសង្គម និងក្លឹបការងាររបស់ស្ត្រី។ 
 
៤. តើទិវាអន្តរជាតិនារីដំបូងប្រារព្ធនៅឯណា?
 
យោងតាមការសម្រេចចិត្តដែលបានយល់ព្រមនៅទីក្រុងកូប៉ែនហាក ប្រទេសដាណឺម៉ាកក្នុងឆ្នាំ១៩១១ ទិវាអន្តរជាតិនារីត្រូវបានផ្តល់កិត្តិយសជាលើកដំបូងនៅក្នុងប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងស្វីសនៅថ្ងៃទី១៩ ខែមីនា។ ស្ត្រី និងបុរសជាង១លាននាក់បានចូលរួមការប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការទាមទារសិទ្ធិស្ត្រីក្នុងការងារ ការបោះឆ្នោត សិទ្ធទទួលការបណ្តុះបណ្តាល កាន់តំណែងសាធារណៈ និងបញ្ចប់ការរើសអើងលើស្រ្តីជាដើម។
 
៥. តើទិវាអន្តរជាតិនារីត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការសហប្រជាជាតិនៅពេលណា?
 
ទិវាអន្តរជាតិនារីត្រូវបានប្រារព្ធឡើងជាលើកដំបូងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៧៥។ បន្ទាប់មកនៅខែធ្នូ ឆ្នាំ១៩៧៧ មហាសន្និបាតបានអនុម័តសេចក្តីសម្រេចមួយដោយប្រកាសអំពី ទិវាអង្គការសហប្រជាជាតិសម្រាប់សិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិត្រូវប្រារព្ធដោយរដ្ឋជាសមាជិកកំណត់នៅថ្ងៃណាមួយជារៀងរាល់ឆ្នាំ ដើម្បីស្របតាមប្រពៃណីជាតិ និងប្រវត្តិសាស្ត្ររបស់បណ្តាប្រទេសទាំងនោះ។
 
៦. តើពណ៌អ្វីតំណាងឱ្យទិវាអន្តរជាតិនារី?
 
មានពណ៌ប្រភេទដែលតំណាងឲ្យថ្ងៃទិវាអន្តរជាតិនារីនេះគឺ ស្វាយ បៃតង និងស ។ ពណ៌ស្វាយតំណាងឱ្យយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពស្មោះត្រង់។ ពណ៌ខៀវតំណាងឱ្យក្តីសង្ឃឹម ខណៈពណ៌សតំណាងឱ្យភាពបរិសុទ្ធ។ ពណ៌ទាំងនេះ មានដើមកំណើតពីសហភាពសង្គម និងនយោបាយរបស់ស្ត្រី (WSPU) នៅអង់គ្លេសក្នុងឆ្នាំ ១៩០៨។
 
៧. តើទិវាអន្តរជាតិនារីជាថ្ងៃឈប់សម្រាកមែនទេ?
 
ទិវាអន្តរជាតិនារី ជាថ្ងៃឈប់សម្រាកផ្លូវការនៅក្នុងប្រទេសជាច្រើនរួមមាន ៖ អាហ្វហ្កានីស្ថាន អាមេនី អាហ្សែបែហ្សង់ បេឡារុស បួគីណាហ្វាសូ កម្ពុជា ចិន គុយបា ហ្សកហ្ស៊ី ហ្គីណេ-ប៊ីសា អេរីត្រេ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ឡាវ ម៉ាដាហ្កាស្កា ម៉ុលដាវី ម៉ុងហ្កោលី ម៉ុងតេណេហ្គ្រោ នេប៉ាល់ រុស្ស៊ី តាជីគីស្ថាន តួកមេនីស្ថាន អ៊ូហ្កង់ដា អ៊ុយក្រែន អ៊ូសបេគីស្ថាន វៀតណាម និងសំប៊ី...។ នៅអាល្លឺម៉ង់ សភារបស់ប្រទេសនេះបានអនុម័តច្បាប់មួយនៅឆ្នាំ២០១៩ ដើម្បីទទួលស្គាល់ទិវាសិទ្ធិនារីអន្តរជាតិជាថ្ងៃឈប់សម្រាកសាធារណៈផងដែរ។
 
ជារួម តាមទំនៀមពីប្រពៃណីនៅថ្ងៃទិវាអន្តរជាតិនារី បុរសត្រូវគោរពម្តាយ ប្រពន្ធ មិត្តស្រី មិត្តរួមការងារជាដើម ដោយយកផ្កា និងអំណោយតូចៗជូនពួកគេ ។ នៅប្រទេសខ្លះ ទិវាអន្តរជាតិនារី គឺស្មើនឹងទិវាមាតា ដែលជាឱកាសដែលកូនៗផ្តល់អំណោយតូចៗដល់ម្តាយ និងជីដូនជាដើម។
 
៨. តើប្រធានបទដំបូងប្រកាសដោយអង្គការសហប្រជាជាតិជាអ្វី? ចុះចំណែកឆ្នាំ ២០២៤ ? 
 
នៅឆ្នាំ ១៩៩៦ អង្គការសហប្រជាជាតិបានប្រកាសប្រធានបទប្រចាំឆ្នាំដំបូងនៃទិវាអន្តរជាតិនារីថា «រំលឹកអតីតកាល ផែនការសម្រាប់អនាគត»។ សម្រាប់ឆ្នាំ២០២៤ អង្គការសហប្រជាជាតិបានជ្រើសរើសលើប្រធានបទ «ការវិនិយោគលើស្ត្រី ជំរុញល្បើននៃការអភិវឌ្ឍន៍»។ 
 
ចំណែកកម្ពុជា ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រប្រកាសដាក់មូលបទ «ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»៕ 
 

Tag:
 ស្រ្តី
  ទិវាអន្តរជាតិនារី
© រក្សាសិទ្ធិដោយ thmeythmey.com