សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម​រំពឹងនាំ​ចេញ​អង្ករ​​ ៧លាន​តោន​ នៅ​ឆ្នាំ២០២៤
09, Mar 2024 , 8:29 am        
រូបភាព
ការប្រមូលផលស្រូវនៅខេត្តកិនធរ វៀតណាម ។ រូបភាព ៖ AFP
ការប្រមូលផលស្រូវនៅខេត្តកិនធរ វៀតណាម ។ រូបភាព ៖ AFP
តាមរបាយការណ៍របស់សមាគមស្បៀងអាហារវៀតណាម ការនាំចេញអង្ករប្រទេសនេះត្រូវបានប៉ាន់ប្រមាណថា មានចន្លោះ ៦,៥-៧លានតោននៅឆ្នាំ២០២៤។ តួលេខនេះ គឺធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ៨,១លានតោនកាលពីឆ្នាំមុន។
 
វៀតណាម ជាប្រទេសនាំចេញអង្ករធំជាងគេទី៣ របស់ពិភពលោកបន្ទាប់ពីឥណ្ឌា និងថៃ។  ថ្មីៗនេះ វៀតណាម បានប្រកាសថានឹងកាត់បន្ថយបរិមាណនាំចេញជាបណ្តើរៗ ដើម្បីផ្តោតលើគុណភាពអង្ករដែលមានតម្លៃខ្ពស់ជាងមុន ស្របពេលត្រៀមទុកអង្ករបម្រុងទៅនឹងការប្រែប្រួលអាកាសធាតុ និងធានាសន្តិសុខស្បៀងក្នុងស្រុក។
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ទិន្នន័យពីសមាគមស្បៀងអាហារវៀតណាម ចាប់ពីដើមឆ្នាំដល់ពាក់កណ្តាលខែកុម្ភៈការនាំចេញអង្កររបស់ប្រទេសនេះកើនឡើង ១៤,៤ភាគរយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដែលមានចំនួន ៦៦៣ពាន់តោន។
 
របាយការណ៍ដដែលបានបញ្ជាក់ថា  តម្រូវការអង្ករពីឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ចិន និងអាហ្វ្រិកកំពុងកើនឡើង ខណៈបាតុភូត El Nino ត្រូវបានរំពឹងថានឹងអូសបន្លាយដល់ពាក់កណ្តាលឆ្នាំ ២០២៤។
 
យោងតាមឯកសាររបស់រដ្ឋាភិបាលវៀតណាមដែលរៀបរាប់លម្អិតអំពីយុទ្ធសាស្ត្រនាំចេញអង្ករកាលពីឆ្នាំ២០២៣ ប្រទេសនេះនឹងកាត់បន្ថយការនាំចេញអង្ករប្រចាំឆ្នាំមកត្រឹម៤លានតោននៅឆ្នាំ២០៣០។ ឯកសារនោះបញ្ជាក់ថា វៀតណាមនឹងស្វែងរកការធ្វើពិពិធកម្មទីផ្សារនាំចេញអង្ករ ធានាគុណភាព និងសុវត្ថិភាពចំណីអាហារនៃអង្ករនាំចេញ។ ជាពិសេស កែច្នៃអង្ករវៀតណាមទៅជាផលិតផលផ្សេងៗដើម្បីចែកចាយនៅលើទីផ្សារ។ 
 
បច្ចុប្បន្ន អង្ករវៀតណាមត្រូវបាននាំចេញទៅកាន់ជាង ១៨០ប្រទេស និងដែនដី។ នៅឆ្នាំ២០២៣ ការនាំចេញអង្ករវៀតណាមបាននាំចំណូលដល់ ៤,៧៨ពាន់លានដុល្លារ កើនឡើង ៣៦,៦ភាគរយធៀបនឹងឆ្នាំ២០២២។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម៕ 
 

Tag:
 វៀតណាម
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com