កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ឥណ្ឌូណេស៊ី កោះហៅកីឡាករចូលសញ្ជាតិ៨រូប ត្រៀមជួបវៀតណាមវគ្គជម្រុះជុំទី២
09, Mar 2024 , 10:40 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី កោះហៅកីឡាករចូលសញ្ជាតិយ៉ាងហោចណាស់ ៨នាក់ សម្រាប់ត្រៀមខ្លួន ជួប វៀតណាម ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ជុំទី២ តំបន់អាស៊ី។ នេះជាការកោះហៅកីឡាករចូលសញ្ជាតិច្រើនបំផុតជាកំណត់ត្រារបស់ឥណ្ឌូណេស៊ី។


ចំណោមកីឡាករចូលសញ្ជាតិទាំង៨រូប ដែលត្រូវបានគ្រូបង្វឹកលោក Shin Tae-Yong ជ្រើសចូលក្រុមឥណ្ឌូណេស៊ី មានកីឡាករ Jay Idzes ដែលប្រកបអាជីពនៅក្លិប Venezia ក្របខណ្ឌលីគលំដាប់ទី២ អ៊ីតាលី Serie B ផងដែរ។ ខ្សែការពារកម្ពស់ ១,៩ម៉ែត្រ បានកើតនៅក្នុងប្រទេសហូឡង់ និងមានជីតាជាជនជាតិឥណ្ឌូណេស៊ី ហើយសព្វថ្ងៃរូបគេបានចូលសញ្ជាតិឥណ្ឌូណេស៊ីពេញលេញ នៅចុងខែធ្នូ ឆ្នាំ ២០២៣។



កាលពីពេលថ្មីៗ លោក ​Shin Tae-Yong បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីទស្សនាការលេងរបស់ Idzes ក្នុងការប្រកួតដែល Venezia ចាញ់ក្រុម Como លទ្ធផល ២-១។ 
ក្រៅពី Idzes គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង ក៏បានកោះហៅកីឡាករមួយចំនួនដែលប្រកបអាជីពនៅអឺរ៉ុប និងជាកូនកាត់ចូលសញ្ជាតិដូចជា Sandy Walsh, Shayne Pattynama, Marselino Ferdinan, Ivar Jenner និង Rafael Struick។
 
នៅក្នុងការប្រកួតពានរង្វាន់ Asian Cup 2023 ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី មានកីឡាករចូលសញ្ជាតិចំនួន ៧នាក់ ដែលជាប់ជាកំណត់ត្រាមានកីឡាករចូលសញ្ជាតិដ៏ច្រើនសម្រាប់ឥណ្ឌូណេស៊ី។ ប្រសិនបើគ្មានការផ្លាស់ប្តូរ នោះទេ ក្រុមជម្រើសជាតិឥណ្ឌេណេស៊ី នឹងមានកីឡាករចូលសញ្ជាតិយ៉ាងហោច ៨នាក់ នៅក្នុងការប្រកួតទល់នឹងវៀតណាម ក្នុងការប្រកួតជម្រុះ World Cup។ 
 
ឥណ្ឌូណេស៊ី បានចាប់ផ្តើមគម្រោងការនាំកីឡាករចូលសញ្ជាតិមកលេងឱ្យក្រុមជម្រើសជាតិ ចាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ហើយអំឡុងការប្រកួត AFF Cup ពួកគេក៏មានវត្តមានកីឡាករចូលសញ្ជាតិ ៤រូបលើកដំបូងផងដែរ។
 
ចាប់តាំងពីលោក Shin ចូលដឹកនាំក្នុងឆ្នាំ ២០២០ ឥណ្ឌូណេស៊ី មិនដែលឆ្លងផុតវគ្គជម្រុះម្តងឡើយ ហើយការប្រើប្រាស់កីឡាករចូលសញ្ជាតិច្រើន បានក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីបង្កើនភាពរឹងមាំរបស់ក្រុម។
 
ឆ្លងកាត់ការប្រកួត២លើកក្នុងពូល F វគ្គជម្រុះជុំទី២ ​World Cup 2026 ឥណ្ឌូណេស៊ី រកបាន១ពិន្ទុ ស្ថិតនៅបាតតារាង ស្មើក្រុមលេខ៣ហ្វីលីពីន តាមពីក្រោយក្រុមកំពូលតារាងអ៊ីរ៉ាក់ ៥ពិន្ទុ និងក្រោមវៀតណាម ដែលនៅលេខពីរ ចំនួន ២ពិន្ទុ។ 
 
ការប្រកួតរវាងក្រុមខ្លាំងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី និងវៀតណាម នឹងត្រូវធ្វើឡើងជើងទីមួយ នាថ្ងៃទី២១ ខែមីនា ក្នុងកីឡដ្ឋាន Gelora Bung Karno ប្រទេសឥណ្ឌូណេស៊ី មុនពេលវិលទៅប្រកួតនៅដីវៀតណាម ក្នុងកីឡដ្ឋាន Hanoi My Dinh នៅ៤ថ្ងៃបន្ទាប់៕

Tag:
 (World Cup
  World Cup 2026
  ឥណ្ឌូណេស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com