កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ត្រឡប់ទៅកំពូលតារាងវិញ ធ្វើឱការប្រជែង EPL កាន់តែជក់ចិត្ត 10, Mar 2024 , 10:00 pm
× យកឈ្នះ Brentford ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ បានជួយ Arsenal ត្រឡប់ទៅកំពូលតារាង Premier League វិញ ដោយនាំមុខគូប្រជែង Liverpool និង ម្ចាស់ការពារតំណែងជើងឯក Manchester City បណ្តោះអាសន្ន។
ក្នុងជំនួបលីគសប្តាហ៍ទី២៨ នៅយប់ថ្ងៃទី៩ ខែមីនា ខ្សែបម្រើ Declan Rice បានជួយក្រុម្ចាស់ផ្ទះ Arsenal នាំមុខមុននៅនាទី១៩ មុនអ្នកចាំទី Aaron Ramsdale ភ្លាត់ស្នៀងទាត់បាល់ចំខ្សែប្រយូទ្ធ Yoane Wissa ធ្វើឱ្យបាល់ចូលទីខ្លួនឯង ធ្វើឱ្យលទ្ធផលស្មើនៅតង់ទី១។
ដោយស្រែកឃ្លានជ័យជម្នះ ក្រុមកាំភ្លើងធំបានដាក់សម្ពាធគូប្រជែងជាមួយការវាយសម្រុកជាបន្តបន្ទាប់តាំពីដើមវគ្គទី២ រហូតធ្វើបានសម្រេចគ្រាប់បាល់ទី២ តាមរយៈការតែតបាល់បញ្ចូលទីរបស់ Kai Havertz នៅនាទី៨៦។
ជ័យជម្នះ ២-១ បានជួយក្រុមលោក Mikel Arteta ត្រឡប់ទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្នវិញដោយរកបាន៦៤ពិន្ទុ ពីការប្រកួត២៨លើក នាំមុខ Liverpool ១ពិន្ទុ និង Man City ២ពិន្ទុ។ Liverpool និង Man City នឹងត្រូវជួបគ្នានៅយប់ថ្ងៃទី១០ ខែមីនានេះ សម្រាប់ជំនួបសប្តាហ៍ទី២៨ របស់ពួកគេ។ ទាំង Arsenal, Liverpool និង Man City ត្រូវបានគេមើលឃើញថា ជាក្រុមដែលមានការប្រជែងខ្ពស់បំផុត សម្រាប់តំណែងជើងឯក Premier League រដូវកាល ២០២៣/២៤។
ដោយឡែក Manchester United ឯណោះវិញ បន្ទាប់ពីឈ្នះ Everton ២-០ បានកើនក្តីសង្ឃឹមប្រជែងចំណាត់ថ្នាក់ Top4 ជាថ្មី។ Bruno Fernandes និង Marcus Rashford រកបាន១គ្រាប់ម្នាក់ដោយការទាត់ប៉េណាល់ទីរៀងខ្លួន ក្រោយកីឡាករ Everton ឈូសជើង Alejandro Garnacho ក្នុងតំបន់គ្រោះថ្នាក់ទាំងពីរលើក។
បិសាចក្រហមកើន៤៧ពិន្ទុ ពីការប្រកួត២៨លើក ស្ថិតនៅចំណាត់ថ្នាក់ទី៦ ដោយតាមពីក្រោយក្រុមលេខ៥ Tottenham Hotspur ៣ពិន្ទុ និងក្រុមលេខ៤ Aston Villa ៨ពិន្ទុ។ យ៉ាងណាក៏ដោយ Spurs ទើបប្រកួត២៦លើក ឯ Aston Villa ២៧លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com