អន្តរជាតិ
តើ​ចិន​ស្ថិត​នៅ​ទីណា​នៅ​ក្នុង​វិបត្តិ​នៅ​សមុទ្រ​ក្រហម?
11, Mar 2024 , 8:40 am        
រូបភាព
ដោយ: VOA
ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក — ដោយសារតែ​ក្រុម​សកម្ម​ប្រយុទ្ធ​ហ៊ូធី (Houthi) ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​យេម៉ែន​នៅតែ​បន្ត​វាយ​ប្រហារ​លើ​ផ្លូវ​ដឹក​ជញ្ជូន​អន្តរជាតិ​នៅ​សមុទ្រ​ក្រហម សម្ព័ន្ធភាព​មួយ​ដែល​មាន​ប្រទេស​ជាង ២០ ជា​សមាជិក ដែល​រួម​មាន​ទាំង​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ផងដែរ កំពុង​ធ្វើការ​ដើម្បី​រក្សា​សន្តិសុខ​នៅ​តាម​ផ្លូវទឹក​ដ៏​សំខាន់​នេះ។
កប៉ាល់​ពាណិជ្ជកម្ម​ប្រមាណ ១៥ គ្រឿង​បាន​រង​ការ​ខូចខាត​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​និង​មីស៊ីល​របស់​ក្រុម​ហ៊ូធី​តាំងពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក។ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​នាវា​របស់​សម្ព័ន្ធភាព​នេះ​ពី ៤ ទៅ ៨ គ្រឿង​ចល័ត​នៅ​សមុទ្រ​ក្រហម​ដើម្បី​ការពារ​កប៉ាល់​អន្តរជាតិ​នានា។
 
កាលពី​ចុង​ខែ​កុម្ភៈ យោធា​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​បាន​បើក​ប្រតិបត្តិការ​រួម​គ្នា​លើក​ទី ៤ ប្រឆាំង​នឹង​ក្រុម​ហ៊ូធី ដែល​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ពាក់​កណ្ដាល​ខែ​មករា​មក។ សហរដ្ឋ​អាមេរិក​ក៏​បាន​ធ្វើ​ការ​វាយ​ប្រហារ​ស្ទើរ​រាល់ថ្ងៃ​ដើម្បី​កម្ទេច​មីស៊ីល​និង​ដ្រូន​របស់​ក្រុម​ហ៊ូធី​ដែល​បាញ់​មក និង​សព្វាវុធ​នានា​ដែល​ក្រុម​នេះ​ត្រៀម​បាញ់​ផងដែរ។
 
ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​អវត្តមាន​របស់​ចិន​នៅ​ក្នុង​សម្ព័ន្ធភាព​នេះ បើទោះបីជា​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប​និង​អាស៊ី​ប្រមាណ ៤០% ត្រូវ​ឆ្លងកាត់​សមុទ្រ​ក្រហម​និង​ព្រែកជីក​ស៊ុយអេ (Suez) ក៏ដោយ។
 
អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ឧត្តមសេនីយ៍​ទោ Pat Ryder បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់ VOA កាលពី​ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ​ថា៖ «យើង​នឹង​ស្វាគមន៍​ចិន​ឱ្យ​ដើរ​តួនាទី​ប្រកប​ដោយ​ផ្លែផ្កា ប៉ុន្តែ​បើ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង នៅ​ដំណាក់កាល​នេះ​ពួកគេ​មិន​បាន​ស្នើ​ឬ​មិន​បាន​ធ្វើ​ប្រតិបត្តិការ​ណា​មួយ​ដើម្បី​ជួយ​ការពារ​ក្រុម​នាវិក​ឬ​ការ​ដឹកជញ្ជូន​អន្តរជាតិ​តាម​ផ្លូវ​សមុទ្រ​ទេ»។
 
ទស្សនៈ​បែប​នេះ​ស្រប​ទៅ​នឹង​ការ​យល់​ឃើញ​របស់​យោធា​អាមេរិក រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក។
 
ក្នុង​អំឡុង​សវនាការ​មួយ​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ​អំពី​បញ្ហា​សន្តិសុខ​នៅ​សមុទ្រ​ក្រហម សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Utah ខាង​គណបក្ស​សាធារណរដ្ឋ​លោក Mitt Romney បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត​នៅ​ពេល​លោក​សួរ​មន្ត្រី​រដ្ឋបាល​លោក Biden ថា​ហេតុអ្វី​បាន​ជា​ចិន​មិន​បាន​ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ូធី​ឬ​លើ​ប្រទេស​អ៊ីរ៉ង់។
 
លោក Romney ថ្លែង​ដូច្នេះ​ថា៖ «យើង​នៅ​ទីនោះ​ដោយ​មាន​ដោត​ទង់ជាតិ​របស់​យើង ហើយ​កង​កម្លាំង​របស់​យើង​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់។ ចិន​គឺជា​ប្រទេស​ដែល​ខ្ញុំ​អាច​សន្មត​ថា​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​បំផុត​ប្រសិនបើ​មាន​ការ​បិទ​ច្រក​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ក្រហម ប៉ុន្តែ​ចិន​បែរ​ជា​អង្គុយ​នៅ​ស្ងៀម​ធ្វើ​ហាក់បី​ដូចជា​ពួកគេ​គឺជា​មិត្តភក្តិ​របស់​ភាគី​ទាំងអស់​អ៊ីចឹង»។
 
សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Indiana ខាង​គណបក្ស​សាធារណរដ្ឋ​លោក Todd Young បាន​ថ្លែង​នៅ​ក្នុង​សវនាការ​នោះ​ថា៖ «បច្ចុប្បន្ន​នេះ យើង​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​សន្តិសុខ​ដ៏​ពិត​ប្រាកដ​មួយ ដែល​នោះ​គឺ​វិបត្តិ​សេដ្ឋកិច្ច​និង​ការទូត​នៅ​ក្នុង​តំបន់ ហើយ​យើង​មិន​ដែល​ឃើញ​ចិន​លេច​មុខ​ចេញ​មក [ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នេះ​ឡើយ]»។
 
លោក Yuan Ma អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់ VOA តាម​អ៊ីមែល​កាលពី​ខែ​កុម្ភៈ​ថា៖ «ជារួម ចិន​ត្រៀម​លក្ខណៈ​រួចជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ភាគី​ទាំងអស់​នៅ​ក្នុង​ការ​ការពារ​សុវត្ថិភាព​ផ្លូវ​ដឹក​ជញ្ជូន​អន្តរជាតិ​តាម​សមុទ្រ»។
 
ប៉ុន្តែ ចាប់តាំងពី​ការ​វាយ​ប្រហារ​របស់​ក្រុម​ហ៊ូធី​បាន​កើនឡើង​កាន់តែ​ខ្លាំង​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក បេសកជន​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​យេម៉ែន​លោក Tim Lenderking បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​មើល​ឃើញ​ថា ចិន​និង​ភាគី​ដទៃទៀត «កំពុង​កេង​ចំណេញ​ក្នុង​កម្រិត​មួយ​ចំនួន» ពី​វិបត្តិ​នេះ។
 
លោក Lenderking បាន​ផ្ដល់​សក្ខីកម្ម​ក្នុង​អំឡុង​សវនាការ​នៅ​ព្រឹទ្ធសភា​នោះ​ថា៖ «ការ​ធ្វើ​ដូច្នេះ​គឺ​ពិតជា​មិន​អាច​ទទួល​យក​បាន​ទេ។ នៅ​ពេល​យើង​និយាយ​អំពី​បញ្ហា​អន្តរជាតិ​ដែល​ត្រូវការ​ដំណោះស្រាយ​អន្តរជាតិ យើង​ត្រូវការ​ចិន​ឱ្យ​ចូលរួម​កាន់តែ​ខ្លាំង»។
 
ជាជាង​ចូលរួម​នៅ​ក្នុង​បេសកកម្ម​របស់​សម្ព័ន្ធភាព​អន្តរជាតិ​នេះ​ដើម្បី​ការពារ​កប៉ាល់​អន្តរជាតិ​នានា ចិន​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ថា​បាន​វាយ​ប្រហារ​ដោយ​ខុសច្បាប់​លើ​ទីតាំង​យោធា​ដែល​ក្រុម​ឧទ្ទាម​ហ៊ូធី​បាន​ប្រើ​នៅ​ក្នុង​ការ​បាញ់​មីស៊ីល​ដាក់​កប៉ាល់​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ក្រហម។
 
បេសកជន​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​អះអាង​ថា សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​នេះ​គឺ​ខុសច្បាប់​ដោយសារតែ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មិន​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​យោធា​ណា​មួយ​លើ​ប្រទេស​យេម៉ែន​នោះទេ។
 
ចិន​បញ្ជូន​កង​នាវា​កងទ័ព​ជើងទឹក​ទៅ​ឈូង​សមុទ្រ​អាដេនទោះបីជា​ចិន​ថ្កោលទោស​សម្ព័ន្ធភាព​ដែន​សមុទ្រ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នេះ​ក៏ដោយ ក៏​ខ្លួន​មាន​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​វិបត្តិ​នេះ ដែល​ជំរុញ​ឱ្យ​កងទ័ព​ជើងទឹក​របស់​ខ្លួន​អម​ដំណើរ​កប៉ាល់​ចិន​មួយ​ចំនួន​កាត់​តាម​ផ្លូវ​ទឹក​នោះ។ ឥឡូវ​នេះ គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​ថា​ចិន​បាន​បញ្ជូន​កង​នាវា​កងទ័ព​ជើងទឹក​របស់​ខ្លួន​ទៅកាន់​ឈូង​សមុទ្រ​អាដេន (Gulf of Aden)។
 
ទីភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ចិន​បាន​រាយការណ៍​ថា កង​នាវា​ទី ៤៦ របស់​កងទ័ព​ជើងទឹក​ចិន​បាន​ចាកចេញ​ពី​ទីក្រុង Zhanjiang នៃ​ខេត្ត Guangdong ឆ្ពោះ​ទៅកាន់​ឈូង​សមុទ្រ​អាដេន​កាលពី​ខែ​កុម្ភៈ។
 
ទីភ្នាក់ងារ​សារព័ត៌មាន​នេះ​បាន​បន្ថែម​ថា កង​នាវា​នេះ​មាន​វត្តមាន​ចូលរួម​ពី​នាវា​ពិឃាដ Jiaozuo ដែល​បំពាក់​ដោយ​មីស៊ីល​បញ្ជា នាវា​ចម្បាំង Xuchang ដែល​បំពាក់​ដោយ​មីស៊ីល​ធម្មតា និង​នាវា Honghu ដែល​ជា​នាវា​ផ្ដល់​ការ​ផ្គត់ផ្គង់​ដល់​នាវា​ដទៃ។
 
លោក Michael O’Hanlon អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​ការបរទេស​នៃ​អង្គការ Brookings Institution បាន​ព្រមាន​ថា ទោះបីជា​ចិន​ព្យាយាម​ជួយ​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​អន្តរជាតិ​មួយ​ចំនួន​កាលពី​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​ក៏ដោយ ក៏​ការ​ចូលរួម​របស់​ចិន​នេះ​គឺ​មិនមែន​សម្រាប់ «ហេតុផល​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​ដទៃ» គ្រប់​ពេល​នោះទេ។
 
លោក​បាន​ប្រាប់ VOA ដូច្នេះ​ថា៖ «មាន​ការ​ពន្យល់​ដែល​ទំនងជា​សម​ហេតុផល​ដែល​ថា ចិន​អាច​បញ្ជូន​នាវា​ទាំងនោះ​ដើម្បី​ស៊ើប​យក​ការណ៍​អំពី​សមត្ថភាព​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ស្ទាក់​កម្ទេច​មីស៊ីល​និង​ដ្រូន»។
 
លោក​បាន​បន្ថែម​ថា ខណៈ​ដែល​លោក​រំពឹង​តិចតួច​ថា​ចិន​នឹង «ព្យាយាម​ជួយ​តិចតួច​ក្នុង​បុព្វហេតុ ទូទៅ» កងទ័ព​ជើងទឹក​ចិន​ទំនងជា​នឹង​ផ្ដោត​សំខាន់​ទៅលើ​ការ​ការពារ​កប៉ាល់​របស់​ខ្លួន​ពី​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ហ៊ូធី ហើយ​ស្រប​ពេល​នោះ​ដែរ​ពួកគេ​នឹង​ឈ្លប​យកការណ៍​លើ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​អាមេរិក។
 
នាវា​កងទ័ព​ជើងទឹក​ចិន​បាន​ចាប់ផ្ដើម​អម​ដំណើរ​នាវា​ដឹក​ទំនិញ​របស់​ពួកគេ​ឆ្លងកាត់​សមុទ្រ​ក្រហម​តាំងពី​ខែ​មករា​មក។ នេះ​បើ​យោង​តាម​កា​បញ្ជាក់​របស់​ក្រុមហ៊ុន Sea Legend Shipping ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Qingdao នៃ​ខេត្ត Shandong ប្រទេស​ចិន។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ចាប់តាំងពី​ពេល​នោះ​មក កងទ័ព​ជើងទឹក​ចិន​បាន​អមដំណើរ​កប៉ាល់​ដឹកទំនិញ​យ៉ាងតិច ៥ គ្រឿង​នៅ​សមុទ្រ​ក្រហម​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​កប៉ាល់​ទាំងនោះ។
 
មន្ត្រី​ចិន​មួយ​ចំនួន​បាន​ស្នើ​សមភាគី​អ៊ីរ៉ង់​ឱ្យ​ជួយ​បញ្ឈប់​ការ​វាយប្រហារ​របស់​ក្រុម​ហ៊ូធី បើ​មិន​ដូច្នេះ​ទេ អ៊ីរ៉ង់​នឹង​ប្រឈម​នឹង​ការ​បាត់បង់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​សម្ដី​របស់​មន្ត្រី​អ៊ីរ៉ង់។
 
លោក O'Hanlon បាន​បញ្ជាក់​ថា ប្រទេស​ចិន​ពិតជា​មាន​ឥទ្ធិពល​ខ្លះ​នៅ​ក្នុង​តំបន់​នោះ ដោយសារ​ចិន​គឺជា​ប្រទេស​ទិញ​ប្រេងឆៅ​ពី​ប្រទេស​អ៊ីរ៉ង់​ច្រើន​ជាង​គេ​បំផុត ប៉ុន្តែ​ចិន​មិនមាន​ឥទ្ធិពល​គ្រប់គ្រាន់​លើ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ឱ្យ​អ៊ីរ៉ង់​បញ្ឈប់​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​ក្រុម​ហ៊ូធី​នេះ​បានទេ៕

© រក្សាសិទ្ធិដោយ thmeythmey.com