កីឡាអន្តរជាតិ
អន្តរជាតិ
Leverkusen បំបាក់ Wolfsburg បន្តកំណត់ត្រា ៣៦ប្រកួតមិនចាញ់ 11, Mar 2024 , 2:04 pm
× ក្រុម Bayer Leverkusen បំបាក់ក្រុម VFL Wolfsburg លទ្ធផល ២-០ ដើម្បីបន្តរក្សាកំណត់ត្រាមិនដែលចាញ់ជាង ៣០ប្រកួតជាប់ៗគ្នា និងបន្តការនាំមុខដាច់ ១០ពិន្ទុ កំពូលតារាងក្របខណ្ឌ Bundesliga និង ៣៦ប្រកួតគ្រប់ពានរង្វាន់មិនចាញ់។ ក្រុមស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Xabi Alonso កំពុងសម្លឹងការឈ្នះពានលីគកំពូលអាល្លឺម៉ង់លើកដំបូង។
ក្រុមភ្ញៀវ Wolfsburg បានថយចំនួនកីឡាករមកនៅត្រឹម ១០នាក់ ត្រឹមនាទី២៨ ក្រោយពេលដែលកីឡាករ Moritz Jenz ទទួលបានកាតលឿង ២លើកជាប់គ្នាៗ។
ក្រោយគូប្រជែងថយចំនួនកីឡាករ មិនចាំបាច់ប្រើពេលយូរ ក្រុមម្ចាស់ផ្ទះអាចរកបានគ្រាប់ទី១ ដែលកើតមាននៅក្នុងនាទី៣៧ ធ្វើបានដោយកីឡាករ Alejandro Grimaldo។
ចូលវគ្គទីពីរ កីឡាករ Florian Wirtz ដែលខកខានឱកាសស៊ុតបញ្ចូលទីដំបូងនៅនាទី២៥ ដោយស៊ុតប៉ះចំបង្គោលទី បានរកគ្រាប់ទី២ឱ្យក្រុមនៅនាទី៨៧ ដែលជាគ្រាប់ជ័យជម្នះ សម្រាប់ក្រុមដឹកនាំដោយលោក Xabi Alonso។
Bayer Leverkusen នាការប្រកួតក្របខណ្ឌ Bundesliga ក្នុងរដូវកាល ២០២៣-២៤ គិតទាំងជ័យជម្នះលើក្រុម Wolfsburg ពេលនេះ បានបន្តកំណត់ត្រាថ្មីមួយ ដោយប្រកួត ២៥លើកមិនដែលចាញ់ម្តងឡើយ។
មកដល់បច្ចុប្បន្នក្រុមរបស់លោក Alonso បន្តកំណត់ត្រាជោគជ័យការប្រកួត ៣៦លើក រាល់ពានរង្វាន់ទាំងអស់ក្នុងរដូវកាលនេះ ។ ក្នុងលីគកំពូលអាល្លឺម៉ង់ ក្រុម Bayer Leverkusen មាន ៦៧ពិន្ទុនាំមុខដាច់ពីក្រុមលេខ ២ Bayern Munich ដែលមានត្រឹម ៥៧ពិន្ទុ ទោះពួកគេបានលត់លទ្ធផល ៨-១ ក្រុម Mainz 05 ក្តី៕
Tag:
Bayer Leverkusen
Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com