ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី ប្ដេជ្ញាពង្រឹងសមត្ថភាពយុវជន ក្នុងបេសកកម្មអភិវឌ្ឍន៍សង្គម
13, Mar 2024 , 4:59 pm        
រូបភាព
ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្ដេជ្ញាបន្តពង្រឹងសមត្ថភាពយុវជន ឱ្យកាន់តែខ្លាំង ដើម្បីអភិវឌ្ឍន៍សង្គមកម្ពុជា តាមរយៈការចូលរួមសកម្មភាពនានា ក្នុងផែនការយុទ្ធសាស្រ្តយុវជន នៃបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨។


ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅថ្ងៃទី១៣ ខែមីនា ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ លោក ហ៊ុន ម៉ានី បានរម្លឹកពីស្នាដៃរបស់យុវជន ស.ស.យ.ក និងការប្រឹងប្រែងរបស់ពួកគេក្នុងសកម្មភាពសង្គម និងព្រឹត្តិការណ៍ជាច្រើនកន្លងមក ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។ បើតាមប្រធានស.ស.យ.ករូបនេះ យុវជនបានលះបង់ និងមានស្មារតីទទួលខុសត្រូវ ជាមួយទឹកចិត្តស្រឡាញ់ជាតិ ដែលជំរុញឱ្យសម្រេចបានសមិទ្ធផលជាច្រើន។
 
«សសយក បានបន្តបោះជំហានទៅមុខ យ៉ាងមោះមុតស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយបានផ្តួចផ្តើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រជាប់ជាប្រចាំដល់យុវជនឱ្យមានលក្ខណៈសម្បត្តិជាវិជ្ជមានដល់សង្គម»។ លោក ហ៊ុន ម៉ានី លើកឡើងដូច្នេះ ហើយប្តេជ្ញាជំរុញការអនុវត្តការងារ និងសកម្មភាពនានា ក្នុងផែនការយុទ្ធសាស្រ្តយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ២០២៣-២០២៨ ឱ្យសម្រេចបានលទ្ធផលជាក់ស្តែងថែមទៀត សម្រាប់យុវជន និងជាតិមាតុភូមិកម្ពុជា។
 
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល សសយក ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមីនា ហើយសម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយស សសយក នឹងចូលរួមជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សសយក នៅថ្ងៃទី១៤ ខែមីនាផងដែរ៕
 












Tag:
 សហភាពសហព័ន្ធយុវជនកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com