អន្តរជាតិ
តើ​ទីក្រុង​ម៉ាកាវ​អាច​ក្លាយជា​ទីក្រុង Las Vegas នៅ​អាស៊ី​បាន​ដែរ​ឬទេ?
14, Mar 2024 , 7:59 am        
រូបភាព
ដោយ: VOA
ទីក្រុង​ម៉ាកាវ​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​ព័រទុយហ្គាល់​និង​បាន​ក្លាយជា​ទីក្រុង​ល្បែង​ធំ​ជាងគេ​បង្អស់​នៅ​លើ​ពិភពលោក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កំពុង​ចាប់ផ្ដើម​សាកល្បង​ប្រែ​រូបរាង​ជាថ្មី ប៉ុន្តែ​គេ​មិន​ដឹង​ថា​កិច្ច​ប្រឹងប្រែង​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ឬ​ក៏​យ៉ាងណា​នោះទេ។


ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​ទីក្រុង​ម៉ាកាវ​មើល​ឃើញ​ទិដ្ឋភាព​ខុស​ប្លែកពី​មុន បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​ពួកគេ​ធ្លាប់​ឃើញ​កាលពី ១០ ឬ ២០ ឆ្នាំ​មុន។
បច្ចុប្បន្ន​នេះ គេ​ឃើញ​មាន​រមណីយដ្ឋាន​កាស៊ីណូ​ធំៗ​និង​ថ្មីៗ​ជាង​មុន​បាន​លេចឡើង​ដូចជា The Londoner និង MGM Cotai ជាដើម ដែល​ផ្ដល់​សេវា​កម្សាន្ត​ផ្សេងទៀត​លើសពី​សេវា​ល្បែង ដូចជា​កន្លែង​លេងទឹក កន្លែង​ប្រគុំ​តន្ត្រី និង​កន្លែង​ជិះ​ខ្សែរ៉ក​ជាដើម។
 
ទីក្រុង​ដែល​ធ្លាប់តែ​ពឹងផ្អែក​លើ​ចំណូល​ពី​ល្បែង​រាប់​ទសវត្សរ៍​មក​ហើយ​នេះ​កំពុង​ប្រថុយ​បង្កើត​ភាព​ទាក់ទាញ​នានា​ដែល​មិន​ពាក់ព័ន្ធ​នឹង​ល្បែង ដើម្បី​ទាក់ទាញ​ទេសចរ​ដែល​មិនមែនជា​អ្នក​លេង​ល្បែង ដោយ​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​ពិពិធភាព​សេដ្ឋកិច្ច​របស់​ខ្លួន​បាន។
 
ប៉ុន្តែ នៅពី​ក្រោយ​សួន​ទឹកកម្សាន្ត​និង​ការជិះ​ខ្សែរ៉ក​កម្សាន្ត​នេះ ទីក្រុង​ម៉ាកាវ​កំពុង​ប្រឹងប្រែង​រក្សា​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ថា​ជា​ទីក្រុង Las Vegasនៅ​អាស៊ី។
 
ទោះបីជា​ចំណូល​របស់​ទីក្រុង​ម៉ាកាវ​ដែល​បាន​ពី​ល្បែង​មាន​ចំនួន​ច្រើន​ជាង​ចំណូល​ដូច​គ្នា​នេះ​របស់​ទីក្រុង Las Vegas រហូត​ដល់​ទៅ ៣ ដង​នៅ​មុន​វិបត្តិ​ជំងឺ​កូវីដ១៩ ក៏ដោយ ក៏​ចំណូល​នេះ​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ត្រង់​ថា​ចំណូល ៧០% របស់​ទីក្រុង Las Vegas គឺ​មិន​ពាក់ព័ន្ធ​នឹង​ល្បែង​ហើយ ៣០% ពាក់ព័ន្ធ​នឹង​ល្បែង រីឯ​ចំណូល​របស់​ទីក្រុង​ម៉ាកាវ​វិញ​គឺ​មានតែ ៥% ប៉ុណ្ណោះ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ល្បែង ក្រៅ​ពីនោះ ៩៥% ទៀត​គឺ​ពាក់ព័ន្ធ​នឹង​ល្បែង។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន IGamiX ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​នៅ​ទីក្រុង​ម៉ាកាវ។
 
ករណី​នេះ​គឺ​ខុស​ពី​ក្ដីប្រាថ្នា​របស់​រដ្ឋាភិបាល​ចិន​នៅ​ពេល​ដែល​ទីក្រុង​នេះ​ត្រូវបាន​ប្រគល់​ឱ្យ​ចិន​វិញ​នៅ​ឆ្នាំ ១៩៩៩ ហើយ​ក្នុង​ពេល​ភ្លាមៗ​ក្រោយមក​ភាព​ផ្ដាច់មុខ​ផ្នែក​កាស៊ីណូ​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ទីក្រុង​នេះ ដោយ​វិស័យ​ល្បែង​នៅ​ក្នុង​ទីក្រុង​នេះ​ត្រូវ​បាន​បើក​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ពី​វិនិយោគិន​បរទេស​ក្នុង​ក្ដី​សង្ឃឹម​ថា ម៉ាកាវ​នឹង​អាច​ប្រែ​ក្លាយទៅជា​ទីក្រុង​ដែល​ផ្ដល់​សេវា​លំហែកាយ​និង​ការ​កម្សាន្ត​បាន។
 
លោក Ben Lee អ្នកវិភាគ​អំពី​វិស័យ​ល្បែង​នៅ​ក្រុមហ៊ុន IGamiX បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​ដឹង​ថា​នៅ​ពេល​ដែល [រដ្ឋាភិបាល] អនុញ្ញាត​ឱ្យ​មាន​ការ​ប្រែប្រួល​ដ៏ធំ​នេះ ទីផ្សារ​ល្បែង​នេះ​គឺ​គ្រប់​ដណ្ដប់​ដោយ​ចិន​ដីគោក​នោះទេ។ ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​មក ទីក្រុង​មាក៉ាវ​ទាំងមូល​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​ពិភពលោក​សម្រាប់​ការ​លេងល្បែង​ស៊ីសង​របស់​ជនជាតិ​ចិន ដែល​នេះ​គឺ​ផ្ទុយ​ពី​ការ​រំពឹងទុក​ដែល​ថា​វា​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ពិភពលោក​សម្រាប់​វិស័យ​ទេសចរណ៍​ដូច​ទីក្រុង Las Vegas»។
 
រដ្ឋាភិបាល​ចិន​បាន​ជំរុញ​ឱ្យ​ទីក្រុង​ម៉ាកាវ​បញ្ចប់​ការ​ពឹងផ្អែក​របស់​ខ្លួន​លើ​វិស័យ​ល្បែង និង​ព្យាយាម​កាត់បន្ថយ​ចំនួន​អ្នក​លេងល្បែង​ជនជាតិ​ចិន​ដែល​សម្រុក​ចូល​ទៅកាន់​ទីក្រុង​នេះ​តាម​រយៈ​ការ​ដាក់​កំហិត​ចំពោះ​ពលរដ្ឋ​ចិន​មកពី​ខេត្ត​មួយ​ចំនួន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ម៉ាកាវ​បានតែ ៦ ដង​ក្នុង​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ។
 
រដ្ឋាភិបាល​ចិន​ក៏បាន​ព្យាយាម​កាត់ផ្ដាច់​លំហូរ​សាច់ប្រាក់​ប្រមាណ ១៥០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ជាពិសេស​លុយ​ពុករលួយ នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​មិន​ឱ្យ​ហូរ​ចូល​ក្នុង​ទីក្រុង​ម៉ាកាវ​ផងដែរ និង​បាន​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ចិន​អំពី​វិស័យ​ល្បែង​នៅ​ក្រៅ​ប្រទេស។
 
វិធានការ​ទាំងនេះ​និង​វិធានការ​បង្ក្រាប​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping លើ​អំពើ​ពុករលួយ​បាន​ធ្វើ​ឱ្យ​ចំណូល​របស់​ទីក្រុង​ម៉ាកាវ​ដែល​បាន​ពី​វិស័យ​ល្បែង​ធ្លាក់ចុះ​យ៉ាង​ច្រើន​ពី​ចំណូល​ខ្ពស់​បំផុត​ចំនួន ៤៥ លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៣ មក​នៅ​ចំនួន ២២ លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២៣។
 
ប៉ុន្តែ ទីក្រុង​ម៉ាកាវ​នៅតែ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​វិស័យ​ល្បែង​ដដែល ដែល​វិស័យ​នេះ​រួម​ចំណែក​ជាង ៥០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ខ្លួន​កាលពី​មុន​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ចំនួន ៦០% នៃ​ប្រាក់​ចំណូល​របស់​រដ្ឋបាល​ក្រុង​នៅ​ក្នុង​ឆ្នាំ ២០២៣។ នេះ​បើយោង​តាម​តួលេខ​ផ្លូវការ។
 
កាលពី​ឆ្នាំ​មុន រដ្ឋបាល​ក្រុង​ម៉ាកាវ​បាន​ចាប់ផ្ដើម​តម្រូវ​ឱ្យ​ប្រតិបត្តិករ​កាស៊ីណូ​នានា​ធ្វើ​ពិពិធភាព​អតិថិជន​របស់​ខ្លួន និង​ជំរុញ​ឱ្យ​ពួកគេ​វិនិយោគ​កាន់តែ​ច្រើន​លើ​គម្រោង​ដែល​មិន​ពាក់ព័ន្ធ​នឹង​ល្បែង ដែល​ទាំងនេះ​គឺជា​លក្ខខណ្ឌ​សម្រាប់​ការ​បន្ត​អាជ្ញាបណ្ណ​សម្បទាន​របស់​ពួកគេ​ជាថ្មី​ទៀត។ លក្ខខណ្ឌ​ទាំងនេះ​គឺ​បន្ថែម​ពីលើ​លក្ខខណ្ឌ​តម្រូវ​ឱ្យ​បង់​ពន្ធ​ចំនួន ៤០% នៃ​ប្រាក់​ចំណូល​របស់​កាស៊ីណូ​នីមួយៗ។
 
កាស៊ីណូ​ដែល​ទទួល​បាន​សម្បទាន​មាន​ដូចជា Wynn, Sands, SJM, MGM, Melco និង Galaxy។ កាស៊ីណូ​ទាំង ៦ នេះ​បាន​ប្ដេជ្ញា​វិនិយោគ​ក្នុង​ទឹកប្រាក់​សរុប​ចំនួន ១៣,៦ ពាន់​លាន​ដុល្លារ​ដើម្បី​ស្វែងរក​ទីផ្សារ​អតិថិជន​នៅ​បរទេស និង​វិនិយោគ​លើ​គម្រោង​ដែល​មិន​ពាក់ព័ន្ធ​នឹង​ល្បែង​ដូចជា​កន្លែង​រៀបចំ​សន្និសីទ​និង​ពិព័រណ៍ កន្លែង​កម្សាន្ត និង​កន្លែង​សម្ដែង​ផ្សេងៗ​ជាដើម។
ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​ពេល​មួយ​ឆ្នាំ​ក្រោយមក គេ​នៅ​មិន​ទាន់​ច្បាស់​ថាតើ​វិធានការ​ថ្មី​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ឬ​ក៏​អត់។
 
អ្នក​តាមដាន​ស្ថានការណ៍​នានា​បាន​និយាយ​ថា ប្រតិបត្តិករ​កាស៊ីណូ​ភាគច្រើន​នៅតែ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្ដូរ​ការ​ផ្ដោត​របស់​ពួកគេ​ចេញពី​វិស័យ​ល្បែង ដែល​ជា​វិស័យ​ងាយស្រួល​រក​ប្រាក់ ទៅរក​ការ​វិនិយោគ​លើ​ផ្នែក​មិន​ពាក់ព័ន្ធ​នឹង​ល្បែង​ដែល​រក​ចំណូល​បាន​តិចជាង​នេះ។
 
ប្រធាន​សមាគម​ពលរដ្ឋ​ក្រុង​ម៉ាកាវ​លោក Miguel Senna Fernandes បាន​ថ្លែង​ថា៖ «យើង​បាន​រស់នៅ​ជាមួយ​នឹង​កាស៊ីណូ​រាប់​ទសវត្សរ៍​មក​ហើយ។ វា​មិន​មែន​ងាយស្រួល​ដោយ​គ្រាន់តែ​និយាយ​ថា ខ្ញុំ​ចង់​ធ្វើ​ពិពិធភាព​ក្រុមហ៊ុន​របស់​ខ្ញុំ​នោះ​ទេ។ អ្នក​ត្រូវតែ​បណ្ដុះ​ផ្នត់គំនិត​សម្រាប់​ការ​ធ្វើ​ពិពិធភាព​បែប​នេះ។ វា​ត្រូវការ​ចំណាយ​ពេល​ច្រើន។ ខ្ញុំ​គិត​ថា ការ​ធ្វើ​បែប​នេះ​មិន​អាច​កើតឡើង​ភ្លាមៗ​បានទេ»។
 
អ្នកវិភាគ​នានា​បាន​ចង្អុល​បង្ហាញ​អំពី​ការ​ព្យាយាម​ដោយ «មិន​សុទ្ធចិត្ត» របស់​កាស៊ីណូ​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​តាម​ទិសដៅ​ដែល​រដ្ឋាភិបាល​បាន​កំណត់​តាមរយៈ​ការ​បើក​ហាង​លក់រាយ​ឬ​ការ​រៀបចំ​ប្រគំ​តន្ត្រី​ដោយ​ជួល​អ្នក​ចម្រៀង​បទ​ចាស់ៗ​ពី​ទីក្រុង Las Vegas។
 
ប្រតិបត្តិករ​កាស៊ីណូ​ទូទៅ​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​សុំ​សម្ភាសន៍​របស់ VOA នោះទេ។
 
នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ផ្ញើ​មក​កាន់ VOA ការិយាល័យ​ទេសចរណ៍​របស់​រដ្ឋបាល​ក្រុង​ម៉ាកាវ​បាន​បញ្ជាក់​ថា ម៉ាកាវ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ដែល​មិន​មក​លេង​ល្បែង​កាន់តែ​ច្រើន ហើយ​ការ​ស្ទង់​មតិ​បាន​រក​ឃើញ​ថា ភ្ញៀវ​ទេសចរ​ទាំងនោះ​មក​ម៉ាកាវ​ដោយសារ​ហេតុផល ៣ យ៉ាង ដែល​នោះ​គឺ​ការ​ដើរ​ទិញ​ទំនិញ ការ​ដើរ​ទស្សនា​កម្សាន្ត និង​ការ​ពិសារ​ម្ហូបអាហារ។
 
ប៉ុន្តែ ស្ថិតិ​ថ្មី​ចុងក្រោយ​បង្អស់​បាន​បង្ហាញ​ថា ប្រាក់​ចំណូល​ដែល​បាន​ពី​វិស័យ​ល្បែង​នៅតែ​មាន​អត្រា​ខ្ពស់​រហូត​ដល់​ទៅ ៨០% នៃ​ប្រាក់​ចំណូល​ដែល​បាន​មកពី​វិស័យ​ទេសចរណ៍​សម្រាប់​ទីក្រុង​នេះ​នៅ​ក្នុង​ឆ្នាំ ២០២២។
 
អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ទីក្រុង​ម៉ាកាវ​ទំនងជា​ពិបាក​នឹង​ធ្វើ​តាម​ទីក្រុង Las Vegas ណាស់។
 
លោក Fernandes ថ្លែង​ថា៖ «ចាប់​តាំងពី​ឆ្នាំ​ដំបូងៗ​មក ទីក្រុង Las Vegas មាន​ជម្រើស​សេដ្ឋកិច្ច​ផ្សេង។ នៅ​ទីនោះ​មាន​ឧស្សាហកម្ម​កម្សាន្ត​ដែល​ធ្វើ​ឱ្យ​ទីក្រុង Las Vegas មាន​ទិដ្ឋភាព​ប្លែកៗ​ដែល​មិន​មែន​សុទ្ធតែ​ជា​ល្បែង​ស៊ីសង​នោះទេ។ មិត្តភក្តិ​ខ្ញុំ​បាន​ទៅ​ទីក្រុង Las Vegas ប៉ុន្តែ​មិនមែន​ទៅ​លេង​ល្បែង​នោះឡើយ។ ពួកគេ​និយាយ​ថា ទីក្រុង​នោះ​ខុស​ពី​ម៉ាកាវ​ទាំងស្រុង ដោយសារតែ​ម៉ាកាវ​មានតែ​កាស៊ីណូ​គ្រប់​កន្លែង​តែ​ប៉ុណ្ណោះ»។
 
លោក Fernandes និង​អ្នក​ផ្សេងទៀត​មើល​ឃើញ​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ដែល​តម្រូវ​ឱ្យ​កាស៊ីណូ​លើកកម្ពស់​សេវាកម្ម​ផ្សេងៗ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ល្បែង​ថា​ជា​វិធានការ​វិជ្ជមាន​មួយ។
លោក Fernandes បាន​លើកឡើង​ថា៖ «ឥឡូវ​នេះ​នៅ​មាន​ឱកាស​ក្នុងការ​កែប្រែ​គោលការណ៍​នានា»។ សមាគម​របស់​លោក​សង្ឃឹម​ថា វប្បធម៌​ចម្រុះ​ជាតិសាសន៍​ពិសេស​ជាក់លាក់​របស់​ទីក្រុង​ម៉ាកាវ​ក៏​នឹង​អាច​ត្រូវបាន​គេ​លើកកម្កើង​ផងដែរ។
 
ប៉ុន្តែ អ្វី​ដែល​រារាំង​ភ្ញៀវ​ទេសចរ​បរទេស​កាន់តែ​ច្រើន​មិន​ឱ្យ​ទៅ​ទស្សនា​ទីក្រុង​ម៉ាកាវ​គឺ​អាច​មកពី​ជើង​ហោះហើរ​ដោយ​ផ្ទាល់​ទៅកាន់​ទីក្រុង​នេះ​មាន​ចំនួន​តិចតួច ការ​ប្រកួត​ប្រជែង​របស់​កាស៊ីណូ​នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី សេវា​ទេសចរណ៍​ដែល​ផ្ដោត​គោលដៅ​លើ​តែ​អ្នក​និយាយ​ភាសា​ចិន និង​ប្រព័ន្ធ​ដឹកជញ្ជូន​ដែល​ពិបាក​ទប់ទល់​នឹង​ចំនួន​ទេសចរ​ច្រើន​ដោយ​ទេសចរ​ភាគច្រើន​ត្រូវ​តម្រង់​ជួរ​រង់ចាំ​យូរ​ដើម្បី​បាន​ជិះ​រថយន្ត​តាក់ស៊ី​ដែល​មាន​ចំនួន​មិន​គ្រប់គ្រាន់ ឬ​ត្រូវ​រង់ចាំ​ជិះ​រថយន្ត​ក្រុង​ដ៏​ចង្អៀត​ណែនណាន់​តាន់តាប់ ជាពិសេស​នៅ​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក។
 
ក្នុង​ចំណោម​បញ្ហា​លំបាក​ទាំងនេះ គេ​ឃើញ​មាន​ក្ដី​បារម្ភ​ផងដែរ​ថា «ការ​ជ្រៀតជ្រែក» របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ប្រតិបត្តិការ​របស់​កាស៊ីណូ​តាមរយៈ​ការ​បង្ក្រាប​លើ​ការ​អំពាវនាវ​ឱ្យ​ជនជាតិ​ចិន​ដីគោក​ដែល​មាន​ប្រាក់​ច្រើន​ចូល​ទៅ​លេង​ល្បែង និង​ការ​កំណត់​ចំនួន​តុ​ល្បែង​និង​ម៉ាស៊ីន​ល្បែង​នៅ​កាស៊ីណូ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​ទីក្រុង​ម៉ាកាវ​យ៉ាង​ខ្លាំង។
 
លោក I. Nelson Rose អ្នក​ជំនាញ​ផ្នែក​ល្បែង បាន​សរសេរ​នៅលើ​ប្លុក​មួយ​ថា៖ «គណបក្ស​កុម្មុយនីស្ត​ចិន...មិន​ដែល​ស្រួលចិត្ត​នឹង​វិស័យ​ល្បែង​ស្រប​ច្បាប់​នោះទេ។ ដូច្នេះ ពួកគេ​បាន​សម្រេច​ថា​ត្រូវតែ​ប្រើ​វិធានការ​បែប​ធម៌​ត្រជាក់​និង​ធម៌​ក្ដៅ​ដើម្បី​កែប្រែ​ទីផ្សារ​កាស៊ីណូ​ដ៏​ធំជាង​គេ​នៅលើ​ពិភពលោក​មួយ​នេះ​ឡើងវិញ។ គ្រោះថ្នាក់​ដ៏​ធំ​បំផុត​ចំពោះ​ទីផ្សារ​កាស៊ីណូ​សេរី​នៅ​ទីក្រុង​ម៉ាកាវ​គឺ​ប្រហែល​ជា​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​លើ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​កាស៊ីណូ​ទាំងនោះ»។
 
សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ប្រតិបត្តិករ​កាស៊ីណូ​នានា​កំពុង​ធ្វើតាម​លក្ខខណ្ឌ​តម្រូវ​នេះ​តាមរយៈ​ការ​ព្យាយាម​ទាក់ទាញ​ទេសចរ​ពី​ប្រទេស​ដទៃ ការ​សាងសង់​កន្លែង​កម្សាន្ត​បន្ថែម​ដូចជា​សួនទឹក​កម្សាន្ត​និង​ឧទ្យាន​កម្សាន្ត​ជាដើម និង​ការ​រៀបចំ​ការ​សម្ដែង​ផ្សេងៗ​បន្ថែម​ទៀត។
 
ទាំងអស់​នេះ​អាច​មាន​ន័យ​ថា កាស៊ីណូ​នានា​ទទួល​បាន​ប្រាក់​ចំណេញ​តិច​ជាងមុន​និង​ធ្វើការ​កាន់តែ​ច្រើន​ជាងមុន ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ ហើយ​ក៏​គ្មាន​ថ្ងៃ​ត្រឡប់​ក្រោយ​វិញ​ដែរ។
 
លោក Ben Lee នៃ​ក្រុមហ៊ុន IGamiX បាន​និយាយ​ថា៖ «នៅ​ទីបញ្ចប់ កិច្ច​ប្រឹងប្រែង​ទាំងនេះ​គឺ​ល្អ​សម្រាប់​ទីក្រុង​ម៉ាកាវ។ វា​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​តាំងពី ២០ ឆ្នាំ​ដំបូង​ម្ល៉េះ»។
ប្រសិនបើ​ទីក្រុង​ម៉ាកាវ​អាច​ធ្វើ​បាន វា​ប្រហែលជា​អាច​នឹង​សម្រេច​បាន​តាម​ឈ្មោះ​ហៅក្រៅ​របស់​ខ្លួន​ដែល​នោះ​គឺ «ទីក្រុង Las Vegas នៅ​អាស៊ី»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com