ជាតិ
តុលាការចោទជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួកពីបទឆបោកចេញសែកស្អុយ និងលាងលុយ 14, Mar 2024 , 10:32 am
× សាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី និងអគ្គនាយករងក្រុមហ៊ុន២នាក់ទៀត ព្រមទាំងបក្ខពួកចំនួន៣បទល្មើស គឺ បទឆបោកមានស្ថានទម្ងន់ទោស, មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន និងសម្អាតប្រាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៣ មីនា។
ក្រោយការចោទប្រកាន់តំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។
មាត្រា ៣៧៧នៃក្រមព្រហ្មទណ្ឌ ចែងថាអំពើឆបោក ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៦លានរៀល។ ចំណែកមាត្រា៣៨០នៃក្រមព្រហ្មទណ្ឌ ជនដែលបានប្រព្រឹត្តិឆបោកស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ ឆ្នាំ ទៅ៥ឆ្នាំ។
ចំណែកមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ត្រង់កថាខណ្ឌទី៣ ចំនុចទី៣ ចែងថាបុគ្គលណាដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួនពី ២លានរៀល ដល់៦លានរៀល និងត្រូវផ្តនា្ទទោសជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនប្រាក់ នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់។
មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ចែងថាបទល្មើសសម្អាតប្រាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ លានរៀលទៅ ៥០០ លានរៀល ដោយមិនទាន់គិតដល់ទោសបន្ថែមមានចែងក្នុងក្រមព្រហ្មទណ្ឌ។ ចំណែកនីតិបុគ្គលអាចនឹងត្រូវពិន័យពី ២០០ លានរៀល ទៅ ១ ០០០ លានរៀល។
បើផ្អែកតាមបទចោទទាំង៣បទល្មើសនេះ ជនសង្ស័យទាំងនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ឆ្នាំ៦ខែ ទៅ១៦ឆ្នាំ។
សូមបញ្ជាក់ថា ជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១២ មីនា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ ការចាប់ខ្លួន ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋរាប់រយនាក់បានដាក់ពាក្យប្តឹងទៅតុលាការ ថាបានចាញ់បោកក្រុមហ៊ុន ទ្រីលានស៊ីធី របស់លោកស្រី ឡេង ចាន់ណា ដែលបានអូសទាញឱ្យពលរដ្ឋដាក់ប្រាក់វិនិយោគ ក្រោមរូបភាពទទួលបានការប្រាក់ប្រចាំខែក្នុងអត្រាខ្ពស់។ ប៉ុន្តែក្រុមហ៊ុនទូទាត់ការប្រាក់ឱ្យពលរដ្ឋ បានតែប៉ុន្មានខែដំបូងប៉ុណ្ណោះ ហើយក៏ប្រកាសថាអស់លទ្ធភាពទូទាត់ ក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចសកល៕
© រក្សាសិទ្ធិដោយ thmeythmey.com