ជាតិ
បទសម្ភាសន៍
អ្នកចង់សិក្សាជំនាញវិស្វកម្មអេឡិចត្រូនិកនៅបរទេស ត្រូវពង្រឹងភាសាអង់គ្លេស និងមុខវិជ្ជាវិទ្យាសាស្ត្រ 15, Mar 2024 , 7:59 am
លោក ស៊ុន ថារ៉ា និស្សិតទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យ Jeonbuk
× លោក ស៊ុន ថារ៉ា ទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យ Jeonbuk ហើយទទួលបានសញ្ញាបត្រនៅខែកុម្ភៈកន្លងមក។ ពាក់ព័ន្ធនឹងការសិក្សារបស់ខ្លួន លោក ថារ៉ា បានលើកឡើងពីផលលំបាកច្រើន ដោយលោកត្រូវតាមឱ្យគេ ទាំងផ្នែកភាសា ទំនាក់ទំនង និងការសិក្សា ដោយកូរ៉េខាងត្បូងជាប្រទេសមួយដែលប្រព័ន្ធអប់រំខ្ពស់។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១២ ខែមីនា លោក ស៊ុន ថារ៉ា បានប្រាប់ពីបទពិសោធន៍ ការទទួលបានអាហារូបករណ៍ និងបញ្ហាលំបាកក្នុងពេលសិក្សាសកលវិទ្យាល័យ Jeonbuk កូរ៉េខាងត្បូង ដូច្នេះ៖ «ដោយសារកូរ៉េខាងត្បូង ជាប្រទេសមានប្រព័ន្ធអប់រំខ្ពស់ ហើយបើយើងមកពីប្រទេសកំពុងអភិវឌ្ឍ យើងអត់សូវទាន់គេទេ។ ហេតុនេះ ការរៀននៅពេលដំបូង គឺលំបាកខ្លាំង»។
ដោយជួបបញ្ហាលំបាកទាំងផ្នែកភាសា និងមេរៀន លោក ថារ៉ា ត្រូវមើលមេរៀនរហូតដល់ទៅ ២ ឬ៣ ដង ដើម្បីយល់មេរៀនឱ្យបានច្រើន ខណៈនិស្សិតកូរ៉េខាងត្បូង គឺរៀនតែមួយលើកទេ ហើយគេអាចយល់បានច្រើន។ បើតាមអតីតនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជារូបនេះ លោកជួបបញ្ហាលំបាកលើការសិក្សាផ្នែកមេរៀន ជាងជាភាសា។
ក្នុងការសិក្សានៅសកលវិទ្យាល័យ Jeonbuk លោកថារ៉ា ត្រូវចំណាយពេលអនុវត្តនៅក្នុងបន្ទាប់ពិសោធន៍ច្រើន ជាជាងសិក្សាមេរៀន ដោយសារលោកចំណាយពេលសិក្សាតែ ៣មុខវិជ្ជាប៉ុណ្ណោះ ក្នុងមួយឆមាស។ និស្សិតរូបនេះ បានរៀបរាប់ថា ក្រោយពីរៀនមេរៀនហើយ លោកត្រូវយកចំណេះដឹងពីការសិក្សាទាំងនោះ មកអនុវត្តនៅក្នុងបន្ទប់ពិសោធន៍ ដែលត្រូវចំណាយពេលជាច្រើនម៉ោង។ បើតាមលោកថារ៉ា សាស្រ្តាចារ្យ ដែលបង្រៀនរូបលោកមានការអនុគ្រោះ និងលើកទឹកចិត្តដល់លោកផងដែរ។
និស្សិតដែលទើបបញ្ចប់ថ្នាក់អនុបណ្ឌិតរូបនេះ បានលើកទឹកចិត្តឱ្យនិស្សិត និងសិស្សសាលា ដែលចង់បន្តការសិក្សានៅបរទេស ឬនៅកូរ៉េខាងត្បូង ឱ្យពង្រឹងចំណេះដឹងភាសាអង់គ្លេស និងមុខវិជ្ជាផ្នែកវិទ្យាសាស្រ្ត ជាពិសេសគណិតវិទ្យា។
សូមបញ្ជាក់ថា លោកថារ៉ា ធ្លាប់ជាបេក្ខជនទទួលបានជ័យលាភីលេខមួយ នៅក្នុងការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ (Robocon Cambodia) លើកទី៧ ក្នុងឆ្នាំ២០២០។ កាលនោះ ប្រកួតប្រជែងធ្វើឡើងក្រោមប្រធានបទ «រ៉ូបូតបាល់ឱប»៕
Tag:
កូរ៉េខាងត្បូង
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com