ជាតិ
ព្រឹត្តិការណ៍ សមរាត្រី នឹងកើតឡើងនៅថ្ងៃទី២១មីនា
15, Mar 2024 , 8:59 am        
រូបភាព
ទេសចរណ៍ជាតិ និងអន្តរជាតិ នាំគ្នាឈរថតទិដ្ឋភាព «សមរាត្រី» នៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
ទេសចរណ៍ជាតិ និងអន្តរជាតិ នាំគ្នាឈរថតទិដ្ឋភាព «សមរាត្រី» នៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
សៀមរាប៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ «សមរាត្រី»​ ឬ «ព្រះអាទិត្យរះចំកំពូល​កណ្ដាលប្រាសាទ​អង្គរវត្ត» លើកទី១ ក្នុងឆ្នាំ២០២៤ នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា​នេះ។ ​នេះបើ​តាម​ទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។
 
បើតាម​អាជ្ញាធរជាតិអប្សរា «សមរាត្រី» ត្រូវបានដូនតាចារឹកលើសិលាបុរាណ ដោយហៅ​ព្រឹត្តិការណ៍​នេះថា «វិសុវ» គឺជាពេលដែលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលបង្កើត​បាន​ជាទិដ្ឋភាពដ៏អស្ចារ្យ លើប្រាសាទអង្គវវត្ត។
 
ព្រឹត្តិការណ៍ «សមរាត្រី» នៅប្រាសាទអង្គរវត្ត កើតឡើង​ពីរដង​ក្នុងមួយឆ្នាំ គឺលើកទី១ នៅ​ក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។ ដើម្បីទស្សនាព្រឹត្តិការណ៍ដ៏កម្រ និងអស្ចារ្យនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែទៅដល់​ប្រា​សាទ​អង្គរវត្តមុនម៉ោង៥ ឬម៉ោង៥ជាង​បន្តិច​។
 ព្រឹត្តិការណ៍ «សមរាត្រី» កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣កន្លងទៅ នៅប្រាសាទអង្គរវត្ត។ 

មិនខុសពីឆ្នាំមុនដែរ ក្រសួងទេសចរណ៍ ក៏​រៀបចំកម្មវិធី ​«ការប្រកួតប្រជែងរូបថត សមរា​ត្រី​អង្គរអច្ឆរិយ» ( Equinox Angkor Photo Contest)​​ ដើម្បី​​​ផ្សព្វផ្សាយបន្ថែម ​ពី​ព្រឹត្តិការណ៍​សមរាត្រី​នៅប្រាសាទអង្គរវត្ត។ ​កាលបរិច្ឆេទទទួលរូបថត ចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ស្នាដៃល្អបំផុត ៣ នឹងជ្រើសរើសសម្រាប់ឈ្នះរង្វាន់ ដែល​​អ្នកឈ្នះ​ នឹង​ទទួលបានទឹកប្រាក់ចាប់ពី ៥សែន រៀល ដល់១លានរៀល។ 
 
សូមរំឭកថា កាលពីឆ្នាំ២០២៣ សមរាត្រី ដែលកើតឡើងនៅខែមីនា គឺស្របពេលនឹងការ​រៀបចំព្រះរាជពិធី​ព្រះរាជទានព្រះអគ្គិជ័យកីឡា នៅ​ព្រឹត្តិការណ៍ស៊ីហ្គេម​​លើកទី៣២ និង​អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមព្រះរាជវត្តមាន​ព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។ ​
 
សមរាត្រីឆ្នាំ២០២៣ ដែលកើតចំថ្ងៃ​២១មីនាដែរនោះ ទទួលបានទេសចរ​​ចំនួន​ ៨ ៧២៦​នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេស ​ចំនួនប្រមាណ ២ ២២៦ នាក់។ នេះ​បើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប៕

ផ្ទាំងផ្សព្វផ្សាយពីការប្រកួតរូបថត «សមរាត្រ» របស់ក្រសួងទេសចរណ៍។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍៕

Tag:
 ThmeyThmey
  សមរាត្រី
  សៀមរាប
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com