កីឡាជាតិ
ជាតិ
ធឿន ធារ៉ា ផ្តួលកីឡាករបរទេសពីររូបឈ្នះជើងឯកម៉ារ៉ាតុន ជាមួយប្រាក់រង្វាន់២០លានរៀល 15, Mar 2024 , 11:01 am
× ធឿន ធារ៉ា បានផ្តួលកីឡាករបរទេសពីររូបឱ្យសន្លប់លើសង្វៀនរាជសីគុនខ្មែរ ដើម្បីដណ្តើមជើងឯកការប្រកួតម៉ារ៉ាតុនវិលជុំ ក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម ដែលធ្វើឡើងនៅទឹកដីខេត្តតាកែវ ថ្ងៃទី១៤ ខែមីនា។
ការប្រកួតកីឡាប្រដាល់គុនខ្មែរ លក្ខណៈម៉ារ៉ាតុនវិលជុំ ក្នុងកម្មវិធីរាជសីគុនខ្មែរ មាន៤ប្រទេសចូលរួម។ ក្នុងនោះ កម្ពុជាមាន ធឿន ធារ៉ា រួមជាមួយ កីឡាករ ប៉ាវែល ហ្គ្រីសានណូវិច (PAVEL GRISHANOVICH) មកពីបេឡារុស, កីឡាករអ៊ីរ៉ង់ ហាសាន់ ស៊ីរូស ( HASSAN CYRUS) និង គីម ហ៊ីយុនជុន (KIM HYUNJUN) មកពីកូរ៉េខាងត្បូង។
នៅជុំដំបូង ធារ៉ា បានផ្តួលកីឡាករកូរ៉េខាងត្បូង ហ៊ីយុនជុន សន្លប់ត្រឹមទឹកទី១ ស្របពេល ប៉ាវែល ហ្គ្រីសានណូវិច ក៏បានបញ្ចប់ ហាសាន់ ស៊ីរូស នៅទឹកទី១ដូចគ្នា។ ធារ៉ា និង ប៉ាវែល ហ្គ្រីសានណូវិច ត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ជើងឯកម៉ារ៉ាតុន ប្រភេទទម្ងន់៧២គីឡូក្រាម។
ក្នុងការប្រកួតដ៏ស្វិតស្វាញ ធឿន ធារ៉ា បានយកឈ្នះ ហ្គ្រីសានណូវិច ទាំងយ៉ាប់យឺន។ នៅទឹកទី១ កីឡាករទាំងពីរបង្ហាញក្បាច់គុនប្រហាក់ប្រហែលគ្នា ប៉ុន្តែឈានដល់ទឹក២ កីឡាករបេឡារុស មានប្រៀបតាមរយៈការវាយ ធារ៉ា ស្ទើទប់ស្មារតីមិនជាប់ បើទោះអាជ្ញាកណ្តាលមិនសម្រេចចិត្តរាប់ក្តី។ ធារ៉ា រងការបែកដល់ទៅពីរកន្លែងមុនចប់ទឹកទី២។
ឈានដល់ទឹក៣ ដែលជាទឹកផ្តាច់ព្រ័ត្រ គ្រូបង្វឹកលោក អេ ភូថង បានប្រាប់ពីចំណុចខ្សោយរបស់ដៃគូ និងប្តូរយុទ្ធសាស្ត្រខ្លះ ទៅធារ៉ា។ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង ស្របពេល ធារ៉ា បានបង្ហាញភាពខ្លាំងរបស់ខ្លួនឡើងវិញ តាមរយៈការវាយហ្គ្រីសានណូវិច រាប់ដល់ទៅ២លើក មុនអាជ្ញាកណ្តាលសម្រេចបញ្ចប់ការប្រកួតត្រឹមចុងទឹកទី៣។
ទីបំផុត ធឿន ធារ៉ា ដែលបែកពីរកន្លែង និងមានឈាមហូរស្រក់ពេញខ្លួន លើកពានការប្រកួតម៉ារ៉ាតុនវិលជុំពីកម្មវិធីរាជសីគុនខ្មែរ ជាមួយប្រាក់រង្វាន់ ២០លានរៀល និងការឧបត្ថម្ភផ្សេងៗទៀត។
ក្រៅពីគូនេះ ក៏មានជំនួបមិត្តភាពអន្តរជាតិជាច្រើនគូផងដែរ ហើយក្នុងនោះក៏មានជំនួបសងសឹកដណ្តើមខ្សែក្រវ៉ាត់ជាថ្មី រវាង រិន ដេវីត និង ធន់ អៀងឡៃ ក្រោយកីឡាករទាំងពីរនេះធ្លាប់មានបញ្ហាម្តងរួចមកហើយនាការប្រកួតកន្លងទៅ។ នៅលើសង្វៀនរាជសីគុនខ្មែរ ដែលរៀបចំដោយទូរទស្សន៍ថោន នៅទឹកដីខេត្តតាកែវ រិន ដេវីត បានផ្តាច់ ធន់ អៀងឡៃ ឱ្យសន្លប់ធំត្រឹមទឹកទី១ប៉ុណ្ណោះ។ ធន់ អៀងឡៃ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវភ្លាមៗ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com