ជាតិ
ពីនេះ ពីនោះ
សំពត់ខ្មែរមានច្រើនប្រភេទ តែគេស្គាល់ច្បាស់ជាងគេ ហូល ផាមួង
20, Mar 2024 , 9:29 am        
រូបភាព
សំពត់ហូល កំពុងដាក់តាំងពិព័រណ៍នៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប។ រូបភាពសហការីសារព័ត៌មានថ្មីៗ៕
សំពត់ហូល កំពុងដាក់តាំងពិព័រណ៍នៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប។ រូបភាពសហការីសារព័ត៌មានថ្មីៗ៕
សៀមរាប៖ សំពត់ប្រពៃណីខ្មែរមានច្រើនបែប ច្រើនយ៉ាង និងត្រូវបាននិយមប្រើប្រាស់តាមសម័យកាល។ សព្វថ្ងៃសំពត់ហូល ផាមួង សារុង ទទួលបានការពេញនិយមជាងគេ ហើយក្រណាត់ហូល ឬផាមួងនេះទៀតសោត ត្រូវបានគេយកទៅច្នៃជាអាវជាដើម។ ក្រៅពីសំពត់ហូល ផាមួងនេះ ខ្មែរក៏មានប្រភេទសំពត់ច្រើនប្រភេទទៀតដូចជា, សារបាប់ ឬចរបាប់ (ចារបាប់), ផាឌិប ឬខៀន,សម្លុយ, ល្បើក, ព្រែ, អន្លូញ ជាដើម។


ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងលោក ស៊ុល រ៉វី និងលោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ 
 

តទៅនេះសារព័ត៌មានថ្មីៗ និងពន្យល់ខ្លីៗអំពីប្រភេទសំពត់នានា ដែលយោងតាមវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចខាងក្រោម៖ 
«ហូល» ជាឈ្មោះសំពត់សូត្ររបស់ខ្មែរ ត្បាញដោយសូត្រចងគាធលើកជាគោម ជាក្រឡាក្បាច់រចនាវិចិត្រផ្សេងៗតាមចំណេះ និងសេចក្តីពេញចិត្តនៃអ្នកត្បាញ។ សំពត់ហូលមានដូចជា ហូល​ប្រុស, ហូលស្រី និងហូលជរ។ 
 
«ផាមួង» ជាឈ្មោះសំពត់សូត្រមួយប្រភេទមានព័ណ៌លាតផ្សេងៗសម្រាប់ស្លៀក។ សំពត់នេះមាន កំណើតធ្វើក្នុងកម្ពុជរដ្ឋ។ 
 
«សារបាប់» ឈ្មោះសំពត់មានសាច់ក្រាស់ធ្ងន់ ត្បាញដោយសូត្រលាយចេសមាសឬចេសប្រាក់ លើកជាគោមរំលេចដោយក្បាច់រចនា និងមានតម្លៃខ្ពស់។ ក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត សំពត់ប្រភេទនេះ ក៏ត្រូវបានគេហៅចរបាប់ ឬចារបាប់ ក៏មាន។ 
 
«ខៀន» ឬ«ផាឌិប» ជាសំពត់ឆៅ ពោលគឺសំពត់ដែលគេត្បាញដោយអំបោះឆៅ ឥតឱ្យបាយជូរ (ត្បាញដោយគ្រឿងចក្រ) ។ ខ្មែរក្នុងសម័យពីដើមក៏ត្បាញសំពត់ប្រភេទនេះដែរ ប៉ុន្តែមានឱ្យបាយជូរផង។ លុះចំណេរកាលតមក សំពត់បរទេសប្រភេទនេះ បានផ្សាយមកដល់ប្រទេសសៀមជាមុន សៀមហៅសំពត់នេះថា ផាឌិប។ 
 
លុះផ្សាយពីប្រទេសសៀមចូលមកក្នុងប្រទេសកម្ពុជា ខ្មែរក៏ហៅ ផាឌិប តាមសៀម ។ លុះចំណេរកាលបន្ទាប់ពីនោះមក មានសំពត់សបរទេសមួយប្រភេទផ្សេងទៀត សាច់ម៉ដ្ឋល្អជាងផាឌិប បានផ្សាយចូលមកដល់កម្ពុជរដ្ធ ខ្មែរក៏ហៅសំពត់សប្រភេទក្រោយថា «សំពត់ទេស» (ព្រោះមកពីបរទេសឬពីប្រទេសក្រៅ )។ 
 
លុះតៗតាមលំដាប់កាលមកទៀត សំពត់ទេសនោះកាន់តែមាន ច្រើនបែបមក។ ចំពោះសំពត់ទេសណាដែលល្អជាងមុន ខ្មែរក៏ហៅសំពត់នោះថា «ទេសឯក»។ ទេសឯកនេះ ក៏កាន់តែមានច្រើនបែបឡើង ឈ្មោះផ្សេងៗគ្នាក៏ចេះតែមានច្រើនឡើងតាមលំដាប់កាល ដូចជា ទេសឯកសំបកទទិម, ទេសឯកផ្កា ជាដើម។ 
 
លុះដល់មកសម័យ សង្គមរាស្រ្តនិយម ដែលមានសម្ដេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន ជាព្រះប្រមុខរដ្ឋ ក៏កើតមាន រោងចក្រវាយនភណ្ឌ ( រោងចក្រត្បាញសំពត់ ) កើតបន្តគ្នាច្រើនៗឡើង, សំពត់ខ្មែរក៏ចេះតែមានបរិបូណ៌តាមលំដាប់កាល មានឈ្មោះថា សំពត់សង្គមរាស្ត្រនិយម, ឬហៅកាត់ខ្លី សំពត់សង្គម ប្រជាពលរដ្ឋខ្មែរក៏រីករាយសប្បាយជាអនេក ។ ល ។
«ល្បើក» ឈ្មោះសំពត់មួយប្រភេទដែលត្បាញលើកសាច់ ជាក្បាច់រំលេចផ្កានិងជរ, សម្រាប់បុរសស្លៀក។ 
 
«ព្រែ» ជាឈ្មោះសំពត់មួយបែបដែលធ្វើពីសូត្រ មានដូចជាព្រែលាត ឬព្រែផ្កា។ សំពត់អំបោះមួយបែបក៏ហៅ ព្រែដែរ គឺព្រែអំបោះ ។
 
«អន្លូញ» ជាសំពត់ស្លៀកពួកមួយ មានបទប្រទេទគឺ អន្លូញស្មើ, អន្លូញមក្លាំ,​អន្លូញប៉ប៉ក។ អន្លូញស្មើ គឺជាសំពត់អន្លូញត្បាញចម្រុះព័ណ៌អំបោះឬសូត្រ ចាក់និងអន្ទងខុសគ្នាប៉ុន្តែស្មើភាគគ្នា ឬត្បាញចាក់និងអន្ទងលាយសូត្រនិងអំបោះឆ្លាស់ពីរសរសៃៗស្មើគ្នា។ អន្លូញមក្លាំ ជាអន្លូញត្បាញចាក់ជាក្រឡាបួនជ្រុងល្អិតៗ លាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្ក្រេមអង្ក្រមទុំ។ ចំណែកអន្លូញប៉ប៉ក ជាអន្លូញត្បាញដោយអំបោះអន្ទងសចាក់ខ្មៅសាច់គ្រើមៗ។ 
 
យោងតាមវចនានុក្រមសម្ដេចសង្ឃ សំពត់ប្រភេទទាំងបីខាងលើនេះ ជាសំពត់សម្រាប់ស្លៀកប៉ុកប៉ឺនរបស់ប្រជាជនខ្មែរសម័យពីដើម ប៉ុន្តែសព្វថ្ងៃមិនមានវត្តមានសំពត់ប្រភេទនេះឡើយ៕ 

Tag:
 ThmeyThmey
  សំពត់ខ្មែរ
  សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com