សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម និងឥណ្ឌូណេស៊ីបញ្ជូនពលករទៅជប៉ុនច្រើនជាងគេ
15, Mar 2024 , 5:59 pm        
រូបភាព
ពលករវៀតណាមត្រៀមទៅធ្វើការក្រៅប្រទេស។ រូបភាព​ ៖ baochinhphu
ពលករវៀតណាមត្រៀមទៅធ្វើការក្រៅប្រទេស។ រូបភាព​ ៖ baochinhphu
បន្ទាប់ពីមានការផ្លាស់ប្តូរប្រាក់ឈ្នួល និងអត្រាប្តូរប្រាក់ កម្លាំងពលកម្មបរទេសនៅជប៉ុនមានការប្រែប្រួល។ វៀតណាមបានវ៉ាដាច់ចិនដោយមានចំនួនពលករច្រើនជាងគេនៅជប៉ុនកាលពីឆ្នាំមុន ខណៈពលករពីឥណ្ឌូណេស៊ីបានកើនឡើងជិត៣ដងធៀបនឹងឆ្នាំ ២០១៨។
 
ចំនួនពលករបរទេសសរុបនៅជប៉ុនបានកើនឡើង ៤០,៣ភាគរយក្នុងរយៈពេល ៥ឆ្នាំ ដល់ចំនួន ២,០៥លាននាក់គិតត្រឹមខែតុលា ឆ្នាំ២០២៣។ នេះបើសារព័ត៌មានជប៉ុន Nikkei ស្រង់ទិន្នន័យពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន។
 
ចំនួនពលករបរទេស បានធ្លាក់បន្តិចក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០​។ ប៉ុន្តែតួលេខនេះបានកើនឡើងវិញចំនួន១២,៤ភាគរយ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ក្រោយការឆ្លងរាលដាលបានថយចុះ។ 
 
ក្នុងនោះ ពលករវៀតណាមមានចំណែកធំបំផុតកំពុងធ្វើការនៅជប៉ុន ដោយតួលេខកើនឡើង ៦៣,៦ភាគរយក្នុងរយៈពេល៥ឆ្នាំ មានចំនួនដល់ ៥១៨ ៣៦៤នាក់។ ពលករទាំងនេះភាគច្រើនចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសរបស់ជប៉ុន ដែលជាកម្មវិធីដែលបង្កើតឡើងដើម្បីជ្រើសរើសពលករមកពីប្រទេសកំពុងអភិវឌ្ឍន៍។
 
ទន្ទឹមនេះ ចំនួន​ពលករ​ចិន​បាន​កើន​ឡើង​ត្រឹម​តែ ២,៣ភាគរយប៉ុណ្ណោះក្នុងរយៈពេល៥ឆ្នាំ ។ កំណើនទាប ដោយសារ​ប្រាក់ឈ្នួលនៅចិនកំពុងកើនឡើង ខណៈដែលប្រាក់យ៉េនទន់ខ្សោយ ធ្វើឱ្យការនាំចេញកម្លាំងពលកម្មទៅកាន់ជប៉ុនជាជម្រើសបន្ទាប់សម្រាប់ពួកគេ។ 
 
តាមពិតទៅ កំណើននៃការនាំចេញកម្លាំងពលកម្មពីវៀតណាមទៅជប៉ុនក៏ធ្លាក់ចុះដែរ ដោយសារប្រាក់ឈ្នួលនៅវៀតណាមកើនឡើង។ ចំនួនពលករវៀតណាមទៅជប៉ុនកើនឡើងត្រឹមតែ ១២,១ភាគរយប៉ុណ្ណោះក្នុងឆ្នាំ ២០២២-២០២៣។ 
 
យោងតាមកាសែត Nikkei Asia អាជីវកម្មជប៉ុនកំពុងដំឡើងប្រាក់ឈ្នួលក្នុងពេលដំណាលគ្នាដើម្បីទាក់ទាញពលករពីក្រៅប្រទេសបន្ថែមទៀត ។ ប្រាក់មូលដ្ឋានប្រចាំខែសម្រាប់អ្នកហាត់ការបច្ចេកទេស ក្នុងនោះ៥០ភាគរយជាពលករវៀតណាមបានកើនឡើង៨ភាគរយក្នុងឆ្នាំ២០២២ ដោយទទួលប្រាក់ ១១៧៨០០យ៉េន (១២០០ដុល្លារ)។
 
លើសពីនេះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ជប៉ុនបានមើលឃើញអត្រាពលករមកពីឥណ្ឌូណេស៊ីកើនឡើង ១៩២.២ភាគរយដែលមានចំនួន ១២១៥០៧ នាក់។ ក្នុងឆ្នាំ ២០២២-២០២៣ ចំនួនពលករបានកើនឡើង ៥៦ភាគរយ។ ប្រាក់ឈ្នួលទាបនៅឥណ្ឌូណេស៊ីបានជំរុញឲ្យពលករទៅធ្វើការនៅឥណ្ឌូណេស៊ី។ ពលករឥណ្ឌូណេស៊ីបច្ចុប្បន្នមានប្រហែល ៥៦ភាគរយនៃកម្លាំងការងារជំនាញវិជ្ជាជីវៈសរុបនៅជប៉ុន។ ឥណ្ឌូណេស៊ីមានគោលដៅចង់ក្លាយជាប្រទេសឈានមុខគេមួយក្នុងតំបន់ផ្នែកផលិតកម្ម ដែល​នេះជាផ្នែកមួយនៃកំណើនបញ្ចូនពលករទៅជប៉ុន។ 
 
លើសពីនេះ ក្រុម​កម្មករបរទេស​ធំ​ទី​បី​នៅ​​ជប៉ុន​បានទៅ​នេប៉ាល់​​មាន​កំណើន ​៧៨,៥ភាគរយ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ដែលមានចំនួន​១៤៥ ៥៨៧​នាក់។ ជាង៤១ភាគរយនៃក្រុមកម្មករទាំងនេះកំពុងសិក្សា និងធ្វើការនៅជប៉ុនដែលជាអត្រាខ្ពស់ជាងក្រុមកម្មករផ្សេងទៀត។
 
បន្ថែមពីនេះ កម្មករមីយ៉ាន់ម៉ាក៏បានកើនឡើងគួរឱ្យកត់សម្គាល់ជាមួយកំណើន ៤៩,៩ភាគរយក្នុងឆ្នាំ ២០២២-២០២៣ ដល់ចំនួន ៧១១៨៨នាក់។ ប្រជាជនមីយ៉ាន់ម៉ាជាច្រើននាក់បានស្វែងរកការងារធ្វើនៅក្រៅប្រទេស ស្របពេលមានអស្ថិរភាពនយោបាយនៅក្នុងស្រុក។ ជប៉ុន ជាគោលដៅដ៏គួរឱ្យទាក់ទាញសម្រាប់កម្មករនិយោជិតដែលបានទទួលការអប់រំពីសាកលវិទ្យាល័យមកពីប្រទេសអាស៊ីអាគ្នេយ៍នេះ។
 
ជារួម ជប៉ុនបានជួបឧបសគ្គក្នុងការទាក់ទាញកម្លាំងពលកម្មពីប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ ដោយសារសេដ្ឋកិច្ចនៅទ្រឹង និងប្រាក់យ៉េនទន់ខ្សោយ។ ចំនួនពលករអាម៉េរិកនៅជប៉ុនបានកើនឡើង ៥,៧ភាគរយ ខណៈអង់គ្លេស ៥,៨ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនជ្រើសរើសបុគ្គលិក Robert Walters Japan មនុស្សជាច្រើននៅតែជ្រើសរើសជប៉ុន ពីព្រោះតម្លៃនៃការរស់នៅនៅទីនេះមានតម្លៃថោកជាងទីក្រុងធំៗនៅអាម៉េរិក និងអឺរ៉ុប៕ 

Tag:
 វៀតណាម​
  ឥណ្ឌូណេស៊ី
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com