ជាតិ
សហប្រធានICC-Angkor សំបូរព្រៃគុកជំរុញឱ្យមានការបណ្ដុះធនធានខ្មែរឱ្យបានកាន់តែច្រើន
16, Mar 2024 , 10:37 am        
រូបភាព
ពិធីបើកកិច្ចប្រជុំពេញអង្គលើកទី៣០ នៃICC-Angkor និងសំបូរព្រៃគុក នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា។ រូបភាព៖ សែម វណ្ណា
ពិធីបើកកិច្ចប្រជុំពេញអង្គលើកទី៣០ នៃICC-Angkor និងសំបូរព្រៃគុក នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា។ រូបភាព៖ សែម វណ្ណា
សៀមរាប៖ សហប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក) បានឱ្យភាគីពាក់ព័ន្ធ បន្តសកម្មភាពជួយបណ្ដុះបណ្ដាលធនធានលើផ្នែកអភិរក្ស និងជួសជុលបន្ថែមទៀត។ ​ការណ៍នេះ គឺធ្វើយ៉ាងណា ដើម្បីឱ្យស្ថាប័នទាំងពីរនេះ មានធនធានគ្រប់គ្រាន់ លើការងារអភិរក្ស និងជួសជុល​ប្រាសាទ ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកជំនាញការអន្ដរជាតិ។
 
បើតាម លោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ផែនការយុទ្ធសាស្រ្ត១០ឆ្នាំទៅមុខរបស់សហប្រធានអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានផ្តោតសំខាន់លើការ បណ្ដុះបណ្ដាលធនធានមនុស្ស ការបង្កើនសមត្ថភាពអ្នកជំនាញខ្មែរ ដើម្បីឆ្លើយតបនឹងតម្រូវការ​នាពេលបច្ចុប្បន្ន និងអនាគត។ លោកទូតបន្តថា ការងារនេះគឺធ្វើឡើងតាមរយៈបណ្ដុះបណ្ដាល សិក្ខាសាលា អាហារូបករណ៍នៅបរទេស ការងារនៅតាមកន្លែង ការបំពេញភារកិច្ចជាក្រុម និងការគ្រប់គ្រងតាមស្ថាប័ន ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវិធីសាស្រ្តថ្មីៗជាដើម។ 
 
ក្រៅពីកិច្ចការងារនេះ លោកទូតបារាំងក៏បានលើកឡើងពី​ការបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព បន្តការពារអភិរក្សតម្លៃលេចធ្លោជាសកលដោយចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ទេសភាពវប្បធម៌ ថែរក្សាធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាដើម។ 
 
ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី៣០ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាព្រឹកថ្ងៃទី១៥ ខែមីនា អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Masahiro Komura លើកឡើងថា កិច្ចការអភិរក្ស និងអភិវឌ្ឍន៍ គឺជាក្ដីប្រាថ្នាដែលជប៉ុនចង់ចូលរួមចែករំលែក។ ដូច្នេះការពង្រឹងធនធានមនុស្សសម្រាប់ការងារនេះ គឺជាការចែករំលែករួមគ្នាដើម្បីជួយដល់បេតិកភណ្ឌ ដែលជាសម្បត្តិរបស់មនុស្សជាតិ។ 
 
ជាមួយគ្នានោះ ក្នុងនាមរាជរដ្ឋាភិបាលជប៉ុន លោក Masahiro Komura បានអះអាងយ់ាងដូច្នេះ៖ « ជប៉ុនបន្តផ្ដល់ជំនួយទាំងសម្ភារ និងបច្ចេកទេសក៏ដូចជាផ្ទេរជំនាញ ចំណេះដឹង និងបច្ចេកវិទ្យា លើកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌ ផងដែរ»។
 
ក្រៅពីកិច្ចការងារនេះ លោកទូតបារាំង Jacques PELLET ក៏ក្រើនរំឭកពីកិច្ចការអភិវឌ្ឍមួយចំនួននៅក្នុង​រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុកផងដែរ។ តួយ៉ាងគម្រោងថ្មីៗដែលដាក់ឱ្យសិក្សារួមមាន គម្រោងខ្សែរថភ្លើងខ្នាតតូច​ ដែលរត់ពីព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ កាត់តាមតំបន់អង្គរ គឺត្រូវសិក្សាឱ្យល្អិតល្អន់ មុននឹងសម្រេចឱ្យសាងសង់។ លោក បន្តនិយាយដោយសង្កត់ធ្ងន់បែបនេះថា ៖ « មិនហាមគម្រោងអភិវឌ្ឍន៍ទេ តែប្រសិនបើវាប៉ះពាល់បុរាណដ្ឋានច្រើន ក៏គួរពិចារណាឱ្យគ្រប់ជ្រុងជ្រោយ »៕

Tag:
 ICC-Angkor
  សំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com