ដោយ៖ អៀង សុខម៉ិញ/RFI ខេមរភាសា
តឹងច្រមុះ ឈឺក្បាល ឈឺពោះ ចុកដៃ រួយជើង រមាស់ស្បែក មូសខាំ ... សូមយកប្រេងកូឡាមកលាប អ្នកនឹងបានធូរស្បើយ។ ទាំងនេះជាកាយវិការនិងជាយោបល់ ដែលចាស់ៗមានទម្លាប់ណែនាំឱ្យក្មេងៗប្រើ។ តើប្រេងកូឡាពិតជាមានប្រសិទ្ធភាពមែនឬ? ចុះតើវិទ្យាសាស្ត្រពន្យល់អំពីប្រេងកូឡានេះយ៉ាងណា?
ប្រេងកូឡាសញ្ញារូបស្វា ប្រេងកូឡាសញ្ញារូបខ្លា ប្រេងកូឡាសៀម ប្រេងកូឡាសាំងហ្កាពួរ តើលោកអ្នកធ្លាប់ប្រើ និងដឹងអំពីប្រវត្តិពិត ព្រមទាំងប្រសិទ្ធភាពរបស់ប្រេងកូឡាទេ? មានឈ្មោះជាប្រេងកូឡា ផលិតផលនេះត្រូវបានរកឃើញនិងផ្សំឡើងដោយគ្រូឱសថបូរាណចិន Aw Chu Kim រស់នៅក្នុងប្រទេសភូមា កាលពីចុងសតវត្សរ៍ទី១៩ (១៨៧០)។ ស្តេចចិនសម័យនោះក៏បានប្រើប្រេងកូឡានេះសម្រាប់ព្យាបាលរោគាស្រាលៗជាច្រើនមុខដែរ។
ត្រូវបានបណ្តាជននៅអាស៊ីចាត់ទុកជាឱសថ ប្រេងកូឡាឬ ប្រេងខ្យល់ (ប្រេងកូឡាជាវត្ថុរាវ) អាចព្យាបាល និងបន្ធូរបន្ថយអាការៈច្រើនមុខណាស់។ ប្រេងកូឡាពណ៌ក្រហម ខ្លាំងជាងប្រេងកូឡាពណ៌សធម្មតា ហើយត្រូវនឹងអាការៈរលាក គ្រេចថ្លោះ ឈឺសន្លាក់ ឈឺចុកស្រពន់សាច់ដុំ ឈឺខ្នងឈឺចង្កេះ។ ចំណែកប្រេងកូឡាសវិញ ត្រូវនឹងជំងឺឈឺក្បាល តឹងច្រមុះ ឈឺពោះ រមាស់ដោយសត្វល្អិតទិចឬខាំ។ ពោលគឺប្រេងកូឡាជាឱសថត្រូវនឹងជំងឺមួយរយមុខ។ ពេលនេះប្រេងកូឡាល្បីល្បាញ និងបានហូរចូលមកដល់អឺរ៉ុប។
តើអាចទៅរួចទេដែលផលិតផលមួយអាចត្រូវនឹងជំងឺរាប់សិបមុខយ៉ាងដូច្នេះ? ប្រេងកូឡាផ្សំឡើងពីអ្វីខ្លះ? និងពិតជាឱសថទិព្វដូចជំនឿទាំងអស់នេះមែនឬ?
បើនិយាយអំពីថ្នាំពេទ្យផលិតតាមបែបវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ វាកម្រណាស់ដែលថ្នាំមួយមុខអាចត្រូវនឹងជំងឺដ៏ច្រើនដូចប្រេងកូឡានោះ។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Alain Astier ប្រធានគ្រប់គ្រងសេវាផ្នែកឱសថនៃមន្ទីរពេទ្យហង់រីម៉ុងដ័រ ក្រេតី ក្បែរក្រុងប៉ារីស បានព្រមាន ឱ្យអ្នកប្រើប្រាស់គ្រប់គ្នាចេះត្រេះរិះនិងប្រុងប្រយ័ត្ន មុននឹងសម្រេចលាបប្រេងកូឡា។
ប្រេងកូឡាផ្សំឡើងដោយសារធាតុប្រេងរបស់រុក្ខជាតិជាច្រើនមុខ ដូចជាឈើឯម ជីរអង្កាម ដើមប្រេងខ្យល់ ជាតិម៉ង់តុល campre ...។ ប្រេងរបស់សារធាតុផ្សំពីរមុខចុងក្រោយនេះ អាចពុលដល់ប្រព័ន្ធប្រសាទ និងធ្វើឱ្យអ្នកលាប ហិតនិងស្រូបក្លិនវា ទៅជាប្រកាច់បាន។
តើប្រេងកូឡាមានប្រសិទ្ធភាពពិតដូចម្តេចខ្លះ?
ស្បែកមនុស្សចាស់ ជាស្បែកក្រាស់ដែលមិនងាយជ្រាបទេ មានន័យថា សារធាតុខ្លាញ់/ប្រេង ដូចយ៉ាងប្រេងកូឡា ឬប្រេងខ្យល់ មិនអាចជ្រាបចូលតាមស្បែកនៅក្នុងសរីរាង្គផ្នែកខាងក្នុងបានទេ។ ដូច្នេះបើតាមការពន្យល់របស់សាស្ត្រាចារ្យ Astier ដដែល ប្រេងកូឡា អាចមានឥទ្ធិពលតែលើស្បែកខាងក្រៅ ចំកន្លែងលាប និងនៅផ្នែកខាងក្រៅតែប៉ុណ្ណោះ។ ឯការឈឺខ្នង ឈឺចង្កេះ ឈឺសាច់ដុំ ឬឈឺសន្លាក់ ជាទូទៅ ច្រើនតែជាបញ្ហាពាក់ព័ន្ធនឹងសរីរាង្គនៅក្រោម និងផ្នែកខាងក្នុងខ្លាំងនៃស្បែក។ ដូច្នេះការលាបផលិតផលអ្វីមួយនៅលើស្បែកមិនអាចមានប្រសិទ្ធភាពប្រឆាំងនឹងអាការៈរោគទាំងអស់នោះទេ។ កាយវិការតែមួយគត់ដែលការលាបប្រេងកូឡាទៅអាចមានប្រសិទ្ធភាពបំបាត់ការឈឺចុកចាប់សាច់ដុំ គឺលាបអមជាមួយនឹងការធ្វើម៉ាស្សា។ គឺការធ្វើម៉ាស្សាទេដែលជួយសម្រួលការអាការៈឈឺសាច់ដុំឱ្យបានធូរស្បើយ។ ក្នុងករណីនេះ លោកសាស្ត្រាចារ្យ Astier បានផុ្តល់អនុសាសន៍ឱ្យធ្វើម៉ាស្សាដោយមិនបាច់ប្រើប្រេងកូឡាតែម្តង ព្រោះប្រេងកូឡាជាផលិតផលងាយធ្វើឱ្យស្បែករលាក ឡើងក្រហាយ ដែលមិនត្រូវប្រើនៅត្រង់ស្បែកមានរបួស មានដំបៅ ឬត្រង់ស្បែកមានស្នាមដាច់ដាចទេ។
ចំពោះប្រេងកូឡាពណ៌សវិញ គេមានជំនឿថាត្រូវនឹងជំងឺផ្លូវដង្ហើម។ អ្នកផលិតអួតអាងថា ប្រេងកូឡានេះនឹងជួយអាការៈតឹងច្រមុះឱ្យបានធូរ ព្រមទាំងអាការៈក្អកនិងអាការជំងឺមានពាក់ព័ន្ធនឹងទងសួតឬសួតបាន ដោយគ្រាន់តែយកមករឹតនៅលើទ្រូង បំពង់ក និងនៅជុំវិញរន្ធច្រមុះ។ ប៉ុន្តែសម្រាប់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ្វីដែលផ្តល់ប្រសិទ្ធភាពខ្ពស់មិនមែនដោយសារប្រេងកូឡាទេ តែដោយសារជាតិម៉ង់តុល និងអឺកាលីបទុសរបស់ដើមប្រេងខ្យល់ ដែលជាផ្នែកមួយនៃធាតុផ្សំរបស់ប្រេងកូឡា។ សារធាតុពីរមុនត្រូវបានគេស្គាល់តាំងពីយូរ ថាអាចជួយរំលាយកំណកកំហាប់ជាលិកានៅរន្ធច្រមុះ ដោយជួយសម្រួលការបង្ហូរចេញនូវភ្នាសមិនល្អ។ ដូច្នេះប្រេងកូឡាគ្មានប្រសិទ្ធភាពខ្លាំងជាង ថ្នាំបាញ់ច្រមុះឬក្រដាសជូតសំបោរមានលាយជាតិម៉ង់តុលទេ។ ការញើសសំបោរដោយក្រដាសមានជាតិម៉ង់តុល ឬការលាងរន្ធច្រមុះដោយថ្នាំស្ពៃបាញ់ អាចកម្ចាត់សំបោរដោយផ្ទាល់ឱ្យចេញអស់ ហើយបើកបណ្តាញផ្លូវដង្ហើមឱ្យស្រលះអាចស្រូបខ្យល់ចេញបានស្រួល។ ចំណែកប្រេងកូឡា គ្មានសមត្ថភាពនេះទេ។ នេះជាសេចក្តីបញ្ជាក់របស់សាស្តាចារ្យ Astier ដោយទទូចថា ប្រេងកូឡាមិនប្រាកដថាមានប្រសិទ្ធភាពទេ។ មិនមែនគ្រប់ឱសថបូរាណសុទ្ធតែមានប្រសិទ្ធភាពឡើយ។
រហូតមកទល់នឹងពេលនេះ ពុំទាន់មានការសិក្សាតាមបែបវិទ្យាសាស្ត្រដែលអាចបញ្ជាក់អំពីប្រសិទ្ធភាពនៃប្រេងកូឡាឡើយ។ លោកសាស្ត្រាចារ្យសូមរំលឹកថា ប្រេងកូឡាជាផលិតផលមួយ តែមិនមែនជាថ្នាំ ជាឱសថឡើយ។ គ្មានការត្រួតពិនិត្យអំពីធាតុផ្សំរបស់ប្រេងកូឡាទេ ហើយក៏បរិមាណរបស់ធាតុផ្សំនីមួយៗក៏ប្រែប្រួលខុសគ្នាច្រើន ព្រមទាំងអាចមានការបន្ថែមសារធាតុផ្សេងៗដែលមិនបរិសុទ្ធផង។
ហេតុដូច្នេះហើយបានជាអាជ្ញាធរបារាំង បានហាមឃាត់មិនឱ្យប្រើប្រេងកូឡាលើក្មេងអាយុក្រោម៦ឆ្នាំទេ។ ស្បែកក្មេងខុសពីស្បែករបស់មនុស្សធំ អាចស្រូបជាតិខ្លាញ់និងប្រេងបានយ៉ាងងាយ។ ក្រៅអំពីងាយរលាក និងអាល់ឡែកហ្ស៊ី ការលាបប្រេងកូឡាលើស្បែកដ៏ខ្ចីរបស់ក្មេងអាចនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រកាច់ ព្រោះជាតិម៉ង់តុលឬCampre។ ដោយហេតុតែមានជាតិប្រេងរបស់រុក្ខជាតិនិងសារធាតុCampre ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ក៏មិនត្រូវប្រើប្រេងកូឡាដែរ។ មិនត្រូវលេបឬផឹកទឹកមានប្រេងកូឡាឬប្រេងខ្យល់ និងត្រូវលាងដៃឱ្យបានស្អាតក្រោយពីបានប្រើប្រេងកូឡារួច៕