ជាតិ
សាសនិកឥស្លាមកម្ពុជា កំពុងប្រារព្ធពិធីបុណ្យរ៉ាម៉ាឌនឆ្នាំ២០២៤ ដោយភាពអំណរ
17, Mar 2024 , 7:59 am        
រូបភាព
សាសនិកឥស្លាមនៅខេត្តសៀមរាបកំពុងថ្វាយបង្គំពេលយប់ក្នុងខែរ៉ាម៉ាឌន។
សាសនិកឥស្លាមនៅខេត្តសៀមរាបកំពុងថ្វាយបង្គំពេលយប់ក្នុងខែរ៉ាម៉ាឌន។
សៀមរាប៖ សាសនិកឥស្លាមកម្ពុជា កំពុងប្រារព្ធពិធីបុណ្យរ៉ាម៉ាឌន (Ramadan) ដែលចាប់ផ្តើមពីថ្ងៃទី១២ ខែមីនាមក បន្ទាប់ពីមើលឃើញខ្នើតកូនខែរ៉ាម៉ាឌននៅល្ងាចថ្ងៃទី១១។

 
ស្របពេលប្រជាជនមូស្លីមរាប់លាននាក់នៅលើសកលលោកកំពុងប្រារព្ធពិធីបុណ្យរ៉ាម៉ាឌន ក្នុងនោះប្រជាជនកម្ពុជា ដែលមានសាសនិកឥស្លាមប្រមាណ៨០ម៉ឺននាក់ ក៏កំពុងចូលរួមក្នុងពិធីបុណ្យ​នេះដែរ។នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលជាបណ្ដាញសង្គម​ដ៏ល្បីល្បាញ អ្នកមូស្លីមកម្ពុជា ​បានបង្ហោះសារ អមដោយរូបភាពជាច្រើនទាក់ទងនឹង​ការទទួល​ខែរ៉ាម៉ាឌន ឆ្នាំ២០២៤ ដែលត្រូវនឹង១៤៤៥ មូហាំម៉ាត់សករាជ។ 
 
ជាមួយគ្នានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានក៏បានផ្ញើសារអបអរជាមួយ ពិធីបុណ្យនេះផងដែរ។ សម្ដេច ហ៊ុន ម៉ាណែត បានសរសេរដូច្នេះថា៖« ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្តី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមនៅក្នុង និងក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម…»។
 
ដោយឡែកក្រសួងធម្មការ និងសាសនា ដែលមានរដ្ឋមន្រ្តីលោក ចាយ បូរិន ក៏ផ្ញើលិខិតជូនពរ​ដល់សាសនិកឥស្លាមទាំងក្នុង និងក្រៅប្រទេសផងដែរ។ លោករដ្ឋមន្រ្តីបានសរសេរថា៖« ក្នុងឱកាសនៃពិធីបុណ្យខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ សូមបងប្អូនសាសនិកឥស្លាមទាំងអស់ បំពេញកាតព្វកិច្ចបួសនេះដោយប្រតិបត្តិធម៌ កសាងអំពើកុសលផលបុណ្យ ការបរិច្ចាគទាន និងការទំនាក់ទំនងល្អជាមួយអ្នកជិតខាងខ្លួន ដោយរស់នៅប្រកបដោយសីលធម៌ដ៏ថ្លៃថ្លូរ ក្លាយជាពលរដ្ឋ ដ៏ល្អក្នុងសង្គម រក្សាបានភាពសុខុដុមរមនាទាំងក្នុងសហគមន៍ និងសង្គមជាតិ»។
 
ខែរ៉ាម៉ាឌន ជាខែដ៏ពិសិដ្ឋ និងដែលសាសនិកឥស្លាមទូទាំងសកលលោក​ប្រណិប័តន៍​ការតមអាហារនៅពេលថ្ងៃ ថ្វាយបង្គំតារ៉វ៉េស (Tarawih) នៅពេលយប់ និងការបង្កើនជំនឿផ្សេងៗ ដែលសាសនាទូន្មានថា ការប្រណិប័តនៅខែនេះ នឹងទទួលបានផលបុណ្យទ្វេដងធៀបនឹងខែដទៃ។ ខែរ៉ាម៉ាឌនជាខែទី៩ នៃក្នុងសាសនាឥស្លាម ហើយពិធីបុណ្យនេះប្រែប្រួលទៅតាម​ប្រតិទិនខែអារ៉ាប់។  ​ 
 
សាសនិកឥស្លាមនៅខេត្តសៀមរាបពិសារអាហារស្រាយបួសជុំគ្នា។

ការតបអាហារ ឬបួសក្នុងខែរ៉ាម៉ាឌន ជាកាតព្វកិច្ចសំខាន់នៅក្នុងកាតព្វកិច្ច​សំខាន់​ទាំង៥របស់ សាសនិកឥស្លាម។ អ្នកមូស្លីមទាំងអស់ដែលគ្រប់អាយុ មានការដឹងខុសដឹងត្រូវ តម្រូវឱ្យបួសជាដាច់ខាត ប្រសិនបើពុំគេមិនបានបួសក្នុងខែរ៉ាម៉ាឌនដោយប្រការមិនចង់ណាមួយនោះ ពួកគេត្រូវបួសសងវិញនៅ ខែៗបន្ទាប់។ 
 
នារដូវនេះ នៅតាមភូមិមូស្លីមខ្លះនៅប្រទេសកម្ពុជាមានសភាពស្ងប់ស្ងាត់ និងពុំមានការលក់ដូរ​អ៊ូអរនោះទេ។ ហាងអាហារត្រូវបានបិទទ្វារ១ឬ២ថ្ងៃមុនការមកដល់នៃខែរ៉ាម៉ាឌន ហើយបើកលក់ធម្មតា ឡើងវិញ ក្រោយពិធីបុណ្យនេះចប់សព្វគ្រប់។ 
 
និយាយនេះសម្រាប់តែហាងអាហារធំៗដូចជាអាហារដ្ឋាន តែប៉ុណ្ណោះ សូម្បីតែពេលយប់ក៏មិនមានលក់ដែរ។ អាចមានហាងខ្លះដែលជួលកន្លែងគេ នឹងអាចបើកលក់ ពេលយប់។ រឿងនេះ វាពិបាកបន្ដិចសម្រាប់អ្នកមូស្លីមដែលត្រូវធ្វើការចុះខេត្ត ឬតំបន់ផ្សេងៗ។
 
ដូចនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពេលថ្ងៃតាមដងផ្លូវដែលធ្លាប់តែមមាញឹក មានការលក់ដូរនានា ក៏ស្ងប់ស្ងាត់ដែរ។ ប៉ុន្តែនៅពេលរសៀល ចាប់ពីម៉ោង៤តទៅ ពលរដ្ឋខ្លះបាន​ធ្វើអាហារ និងភេសជ្ជៈលក់តាមមុខផ្ទះ ដែលសកម្មភាពអ៊ូអរនេះមានដល់ម៉ោងថ្វាយបង្គំ Tarawih ជុំគ្នាពេលយប់តែម្ដង។ ដោយឡែកនៅតាមវិហារឥស្លាម ក៏មានការរៀបចំអាហារស្រាយបួសជុំគ្នា ផងដែរ។
 
សូមបញ្ជាក់ថា ដើម្បីពីការយកចិត្តទុកដាក់ដល់សហគមន៍ឥស្លាម ថ្នាក់ដឹកនាំកម្ពុជាបានប្រកាសរៀបចំ កម្មវិធីពិសារអាហារស្រាយបួសលើកទី៨ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែមីនា និងមានអ្នកចូលរួម​ជាង៦០០០នាក់ ក្នុងនោះភ្ញៀវបរទេសជាង៤០០នាក់។ ប្រធានរដ្ឋសភាថៃ និងតំណាងអគ្គលេខាធិការ​សហប្រតិបត្តិការឥស្លាម (OIC) ក៏នឹងមានវត្តមានក្នុងពិធីនេះដែរ៕

Tag:
 រ៉ាម៉ាឌន
  ឥស្លាមកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com