អន្តរជាតិ
ប្រមុខអង្គការអង្គការសហប្រជាជាតិ​ បារម្ភ​​អំពី​ការ​ថមថយ​សិទ្ធិ​ស្ត្រី​ក្នុង​ពិភពលោក
17, Mar 2024 , 10:41 am        
រូបភាព
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
ដោយ: VOA
អង្គការសហប្រជាជាតិ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​(អ.ស.ប.) ​លោក Antonio Guterres បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​ថា​ ស្ត្រីនិង​នារី​នៅ​ទូទាំង​ពិភពលោកកំពុង​រង​ទុក្ខ​ដោយសារ​សិទ្ធិពួក​គេ​បានចុះ​ថមថយ។ ចំណែក​ឯ​ស្ត្រីនិង​នារី​រាប់​លាន​នាក់​ថែមទៀត​កំពុង​រងគ្រោះ​ដោយសារសង្គ្រាម​និង​ជម្លោះ។
 
នៅពេលបើក​ការប្រជុំ​ប្រចាំ​ឆ្នាំ​រយៈ​ពេល​ពីរ​សប្តាហ៍​នៃ​គណៈកម្មការឋានៈ​ស្ត្រី​នៅទីស្នាក់ការ​ធំ​អ.ស.ប.នៅ​បូរី New York (ញូវយ៉ក) លោក Guterres បាន​ថ្លែង​ប្រាប់ពួក​ការពារសិទ្ធិ​ស្ត្រី ក្រុម​មន្ត្រីនិង​ពួក​សកម្មជនរាប់​រយ​នាក់ ​ថា៖ « ការជឿនលឿន​ដែល​បាន​មក​ដោយ​ពិបាក​ កំពុង​ត្រូវ​បាន​ប្រែក្រឡះ​វិញ » ។
 
លោក​ថា ​សិទ្ធិស្ត្រី​ជាបញ្ហា​មួយ​នៃ​អំណាច​ ហើយ​ថា​លោក​បារម្ភអំពី​និន្នាការអវិជ្ជមាន។
 
លោក​អគ្គលេខាធិការ​អ.ស.ប.​បានមាន​ប្រសាសន៍​ថា៖ «ទីមួយ ​ទោះជា​មាន​ការជឿនលឿន​ច្រើន​ដែល​ពួក​អ្នក​បានជួយ​ឱ្យ​មាន​ក៏ដោយ ​ក៏​ការ​យក​ប្រុសៗ​ជា​ធំ​មិនបាន​រលាយ​ទេ។ ពួក​អ្នកកាន់អំណាចផ្តាច់ការនិង​ក្រុម​ប្រជានិយម​បាន​វាយប្រហារសេរីភាព​ស្ត្រី​និង​សិទ្ធិខាង​ផ្លូវ​ភេទ​និង​ខាង​ការ​បន្ត​ពូជរបស់​ពួកគេ។ ក្រុមជន​ទាំង​នេះឧបត្ថម្ភ​ផ្ចុងផ្ដើមនូវ​អ្វី​ដែល​ពួក​គេហៅថា​«គុណតម្លៃ​ប្រពៃណី»។
 
លោកបានថ្លែងថា​ ការ​រើសអើងប្រឆាំង​ស្ត្រីមានរាប់ពាន់​ឆ្នាំ​មក​ហើយ ហើយ​មិនមែន​ជាអ្វី​ដែល​គួរ​មានទៀត​ទេ ​វា​គួរត្រូវ​តែ​ប្រែ​ក្រឡះ។
 
លោក Guterres បានមាន​ប្រសាសន៍​ថា៖ «យើង​មិន​អាចទទួល​យកពិភពលោក​មួយដែលពួក​ជីដូន​ព្រួយ​បារម្ភ​ថា​ ចៅស្រីរបស់​ពួក​គាត់​មានសិទ្ធិតិច​ជាង​ពួក​គាត់​ទេ។​ ការណ៍​នេះ​មិន​ត្រូវ​មាន​ក្នុង​រយៈពេលដែល​យើង​មាន​ការ​ទទួល​ខុសត្រូវ​ឡើយ‍»។
 
ក្នុង​ពេលពីរ​សប្តាហ៍​នេះ ក្រុមប្រតិភូនៅ​អ.ស.ប.នឹង​ពិនិត្យ​មើល​ថា ​តើធ្វើ​បែប​ណាដើម្បីធ្វើ​ឱ្យ​សម្រេច​បានសមភាព​ខាង​យេនឌ័រ ដោយ​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្រ​និង​ការ​បណ្តាក់​ទុនដល់ស្ត្រី​និង​នារី។
 
ស្ថាប័ន​ស្ត្រី​របស់​អ.ស.ប. (U.N. Women) ​និយាយថា ​ស្ត្រីនិង​នារីជាង​១០០​លាន​នាក់អាចចេញ​ផុត​ពី​ភាព​ក្រីក្របាន​ប្រសិន​បើ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​លើការ​សិក្សាអប់រំ ការ​កម្រិត​ចំនួន​កូន ​ប្រាក់បៀវត្សរ៍ដោយ​យុត្តិធម៌​និង​ស្មើ​ភាព​គ្នា​រវាង​បុរស​និង​ស្ត្រី​និង​ពង្រីកអត្ថប្រយោជន៍​សង្គម៕

© រក្សាសិទ្ធិដោយ thmeythmey.com