ជាតិ
សេដ្ឋកិច្ច
ដាំថ្នាំជក់ ជា«របរតជំនាន់» មានទីផ្សារល្អ
17, Mar 2024 , 11:19 am        
រូបភាព
កសិករនៅស្រុកក្រូចឆ្មារកំពុងកាច់សន្លឹកថ្នាំជក់នៅចម្ការ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។
កសិករនៅស្រុកក្រូចឆ្មារកំពុងកាច់សន្លឹកថ្នាំជក់នៅចម្ការ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។
ស្វាយឃ្លាំង, ត្បូងឃ្មុំ៖ ដ្បិតថាជារបរដែលនឿយហត់បន្ដិចធៀបនឹងរបរដទៃ តែពលរដ្ឋនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ មិនអាចទៅណាឆ្ងាយ ឬចោលរបរដាំថ្នាំជក់ឡើយ។ ថ្នាំជក់ដែលកសិករ​ស្រុកក្រូចឆ្មារតែងដាំមានពីរ ទី១ដាំកាតាប និងទី២ ថ្នាំខ្មែរ ឬថ្នាំខ្លាំង។ តាំងពីណាពីណីមករបរនេះបាន ជួយ​ចិញ្ចឹម​ពលរដ្ឋ​នៅតាមបណ្ដោយទន្លេមេគង្គឱ្យរស់នៅសុខសប្បាយជារហូតមក ទោះមិនមាន​សម្បត្តិស្ដុកស្ដម្ភយ៉ាងណាក្ដី។
 
ចាប់ពីខែចុងខែកុម្ភៈមក អ្នកភូមិច្រើននៅតែចម្ការ ឬតាមរោងដែលគេធ្វើសម្រាប់បន្ទំ, សក ឬហាន់ថ្នាំជក់ នៅដីទំនេរៗក្រោយភូមិ។ តួយ៉ាងនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ តាមផ្ទះមិនសូវ​មានមនុស្សទេ ច្រើនតែអ៊ូអរនៅចម្ការ ឬរោងថ្នាំជក់ ហើយខ្លះមកគេងផ្ទះតែពេលយប់​តែប៉ុណ្ណោះ។ 
 
ជាតំបន់ដែលជន់លិចនារដូវវស្សា ស្រុកក្រូចឆ្មារមានភាពអំណោយផលខ្លាំងលើដំណាំកសិកម្ម មិនថា ពោត សណ្ដែក និងថ្នាំជក់។ ដីល្បាប់ដែលចាក់បង្គរពីទឹកទន្លេមេគង្គ ជួយឱ្យភូមិសាស្រ្តនេះ មានដីជីវជាតិខ្លាំង។ ពលរដ្ឋតែងអរប្រសិនទឹកជន់លិចភូមិ និងកើតក្ដីកង្វល់បើទឹកតូច ឬមិនលិចភូមិនោះ។ 
 
សរសៃថ្នាំខ្មែរ

ពីចុងខែកុម្ភៈ ឬដើមខែមីនាមក គឺពេញរដូវប្រមូលផលថ្នាំជក់ ពិសេសថ្នាំខ្មែរតែម្ដង​សម្រាប់អ្នកឃុំស្វាយឃ្លាំង។ រដូវនេះ កសិករមានភាពមមាញឹកជាខ្លាំង សឹងមិនមានពេលហូបបាយ ឬគេងក៏មាន ដែរ។ របរថ្នាំជក់នេះ គឺហត់រាប់ចាប់ពីចុះធ្វើថ្នាលបាចគ្រាប់ថ្នាំ រហូតដល់បានសរសៃថ្នាំជក់ដាក់លើផ្ទះ។  
 
កំពុងប្រមូលសរសៃថ្នាំខ្មែរ ដែលហាលស្ងួតរួចនៅតារាងបាល់ទាត់ក្រោយភូមិទី៥ ឃុំស្វាយឃ្លាំង អ្នកស្រី ម៉ាត់ ហាប់សោះ បង្ហាញអាការៈហត់នឿយជាខ្លាំង ស្របពេលការងារត្រូវជន់ខ្លាំង និងខ្វះកម្លាំងពលកម្ម។ ការណ៍នេះ​បង្ខំឱ្យ​កសិករវ័យប្រមាណ៤០ឆ្នាំរូបនេះ ត្រូវធ្វើការច្រើនមុខ ដែលពេលខ្លះលើស​កម្លាំង​របស់ខ្លួន​ក៏មាន។​ កសិករដដែល​ប្រាប់ថា នៅក្នុងភូមិសព្វថ្ងៃ ពុំមានកម្លាំង​អ្នកស៊ីឈ្នួលច្រើនទេ ខ្លះក៏រវល់ចម្ការ​ផ្ទាល់ខ្លួន និងក្មេងៗខ្លះទៀតជាប់រៀន ឬធ្វើការនៅខាងក្រៅស្រុកអស់។ ការណ៍នេះ មានភាពលំបាកសម្រាប់កសិករពេលដល់រដូវថ្នាំជក់ម្ដងៗ។ ក៏មានដែរ កសិករខ្លះ ត្រូវប្រវាស់ដៃជាមួយកសិករក្បែរគ្នា គឺជួយគ្នាធ្វើម្នាក់ម្ដង ជាដើម។ 
 
ក្រៅពីដីខ្លួនឯងដែលមានតិចតួច អ្នកស្រី ហាប់សោះ បានជួលដីពីកសិករដទៃថែមទៀត ដែលក្នុងមួយឆ្នាំត្រូវចំណាយថវិកា៣ពាន់ដុល្លារ។ ក្នុងផ្ទៃដីសរុប៥ហិកតា កសិកររូបនេះដាំថ្នាំខ្មែរ ៣ហិកតា ដែលគិតជាកូនថ្នាំបាន៤ម៉ឺនកូន និងដាំពោត២ហិកតា។ អ្នកស្រីពន្យល់ថា៖« បើយើងដាំថ្នាំ​ជក់ទាំងអស់ អត់មានកម្លាំងធ្វើទាន់ទេ អ៊ីចឹងមានតែដាំពោតខ្លះ ព្រោះពោតមិនសូវហត់ទេ​​ តែវាលក់បានថោក»។
 
ក្នុងផ្ទៃដីដែលរៀបរាប់ខាងលើ អ្នកស្រី ហាប់សោះ ត្រូវប្រមូលផលថ្នាំជក់ប្រហែលមួយខែ។ ក្នុងមួយខែនេះ អ្នកស្រីប្រាប់ថា បានគេងតិចតួចណាស់ និងបាក់កម្លាំងឈឺជារឿយៗ។ ក្នុងមួយយប់ គេងបានតែ៣ទៅ៤ម៉ោងតែប៉ុណ្ណោះ។ អ្នកស្រីប្រាប់ថា៖« ពេលថ្ងៃចាប់ផ្តើមសកថ្នាំពីម៉ោង១ដល់ម៉ោង​៨យប់អីបានរួច ទម្រាំបានដេកម៉ោង៩អីទៅ ហើយម៉ោង១យប់អីត្រូវក្រោកមកហាន់ និងហាលថ្នាំតទៀត រហូតដល់ម៉ោង៧ភ្លឺរួច ហើយចេញទៅកាច់សន្លឹកថ្នាំទៀតហើយ»។
 
សរសៃថ្នាំខ្មែរក្រោយហាលស្ងួត

កសិករមួយរូបទៀត គឺលោក អារីហ្វីន ក៏មិនមានអ្នកជួយច្រើនដែរ ក្រៅពីប្រពន្ធកូន៣ទៅ៤នាក់។ ឆ្នាំនេះ កសិកររូបនេះដាំថ្នាំជក់ជាង៤ម៉ឺនកូន ដោយបានផលល្អគួរសម។ យ៉ាងណា កសិករវ័យជាង៦០ឆ្នាំរូបនេះ មិនរំពឹងថា ចំណូលបានច្រើនលើសឆ្នាំមុនប៉ុន្មានទេ ព្រោះត្រូវចំណាយលើកម្លាំងពលកម្មច្រើន គឺត្រូវជួលគេ​ច្រើនមុខ រាប់ទាំងបេះ, ហាន់, សក, និងហាលថ្នាំជាដើម។ 
 
ទោះហត់នឿយយ៉ាងណា ទាំងលោកស្រី ហាប់សោះ និងលោក អារីហ្វីន មិនគិតថា បោះបង់របរដំណាំ កសិឧស្សាហកម្មមួយនេះចោលឡើយ។ ជាអ្នកចម្ការតាំងពីអើយមក កើតមកក៏បានឃើញគ្រួសារ​ធ្វើរបរនេះ មិនគិតថាបោះបង់ចោលឡើយ។ ទោះឆ្នាំខ្លះតម្លៃថ្នាំជក់បានថ្លៃ ឆ្នាំខ្លះក៏បានថោក អ្នកស្រី ហាប់សោះ ប្រាប់ថា បន្តធ្វើមិនឈប់ឡើយ ព្រោះមិនមានរបរតែប៉ុណ្ណោះ។
 
នៅចម្ការថ្នាំជក់ដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិ គឺអាចជិះម៉ូតូត្រឹម១០នាទីក៏ទៅដល់នោះ កសិករក្មេងចាស់ ប្រុសស្រី កំពុងកាច់សន្លឹកថ្នាំឮសូរប្រក់ៗ។ សព្វថ្ងៃនេះ កសិករមិនបាច់ដឹកជញ្ជូនយកមករៀបបន្ទំនៅផ្ទះ ឬរោងទៀតនោះទេ គឺពួកគេរៀបចំបន្ទំក្នុងចម្ការតែម្ដង។ បន្ទំបាន២ទៅ៣យប់ កសិករដឹកសន្លឹកថ្នាំទាំងនោះ និងសកឆ្អឹងចេញ និងហាន់តាមរោង ឬផ្ទះតែម្ដង។ 
 
កសិករកំពុងស្រោចទឹកលើសរសៃថ្នាំខ្មែរក្រោយហាលស្ងួត។

កំពុងអោនងើបៗនៅចម្ការដែលដាំថ្នាំជក់ ឬថ្នាំខ្លាំងខ្ទង់២ម៉ឺនដើម អ្នកស្រី ម៉ារីយុំា គឺជាអ្នកជំនាន់ទី៣ ដែលមានគ្រួសារប្រកបរបរដាំថ្នាំជក់ បានពោលថា ទិន្នផលឆ្នាំ បានល្អជាងឆ្នាំទៅមិញ ជាមួយនឹងតម្លៃខ្ពស់គួរសមដែលកសិករអាចទទួលយកបាន។ យ៉ាងណាមិញអ្នកស្រីបញ្ជាក់ថា តម្លៃកម្លាំង បូករួមចំណាយផ្សេងៗក៏កើនឡើងដែរ។ អ្នកស្រីបន្ថែមថា៖« មួយឆ្នាំៗ កាត់តែចំណាយអស់ នៅសល់លុយតិចតួច មិនគ្រប់ចាយទេ​ តែរបរយើងមានតែប៉ុណ្ណឹងហើយ ចេះតែធ្វើអានេះបន្ដិច អានោះបន្ដិច»។  
 
ទីផ្សារថ្នាំជក់ឆ្នាំនេះនៅដើមរដូវ ឈ្មួញកណ្ដាលប្រមូលទិញពី១ម៉ឺន៩ពាន់រៀលទៅ ២ម៉ឺនរៀល ឬទាបជាងនេះបន្ដិច ទៅតាមគុណភាពថ្នាំ។ កសិករខ្លះបានលក់ចេញជាហូរហែហើយ ព្រោះគិតថា តម្លៃប៉ុណ្ណឹងរៀងគួរសម ដើម្បីបានប្រាក់ទប់ការចំណាយប្រចាំថ្ងៃខ្លះទម្រាំប្រមូលផលរួច។ 
 
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តត្បូងឃ្មុំ លោក ហុក ពេជ្រហោះ បានឱ្យដឹងថា ទីផ្សារថ្នាំជក់នៅខេត្តត្បូងឃ្មុំ ពិសេសស្រុកក្រូចឆ្មារ មានតម្លៃល្អប្រសើរ ជារួមតម្លៃ១ម៉ឺនរៀលទៅ១ម៉ឺន២ពាន់​រៀលសម្រាប់ថ្នាំកាតាប និង២ម៉ឺនរៀល សម្រាប់ថ្នាំខ្មែរ ឬថ្នាំខ្លាំង។ លោក ពេជ្រហោះ បញ្ជាក់ថា តម្លៃថ្នាំឆ្នាំនេះល្អជាងឆ្នាំមុន និងមានសញ្ញាល្អគួរឱ្យកត់សម្គាល់។
 
ទីផ្សារសំខាន់សម្រាប់ការនាំចេញថ្នាំជក់ គឺពី៧០ទៅ៨០ភាគរយទៅទីផ្សារវៀតណាម ២ទៅ៥ភាគរយចេញទៅទីផ្សារចិន និងពី២០ទៅ២៥ភាគរយទៀតចរាចរនៅក្នុងស្រុក។ បើតាមអភិបាលរងខេត្តត្បូងឃ្មុំលោក ពេជ្រហោះ ទូទាំងខេត្តមានផ្ទៃដីដាំថ្នាំជក់ចំនួន ១ ៣៨៥ហិកតា ដែលមានកសិករកំពុងដាំដុះប្រមាណ ១,៦០០គ្រួសារ៕

Tag:
 ថ្នាំជក់
  ថ្នាំខ្មែរ
  របរតជំនាន់
© រក្សាសិទ្ធិដោយ thmeythmey.com