អន្តរជាតិ
ប្រទេស​អឺរ៉ុប​៤​ ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ឥណ្ឌា​ដោយ​សន្យា​បណ្តាក់​ទុន​១០០ពាន់​លាន​ដុល្លារ
17, Mar 2024 , 8:19 pm        
រូបភាព
ក្រុមរដ្ឋមន្ត្រី​ការទូត​នៃ​សមាគម​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្មឥណ្ឌាចូលរួម​កិច្ច​ប្រជុំស្តីពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ (Indian Press Information Bureau/AFP)
ក្រុមរដ្ឋមន្ត្រី​ការទូត​នៃ​សមាគម​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្មឥណ្ឌាចូលរួម​កិច្ច​ប្រជុំស្តីពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ (Indian Press Information Bureau/AFP)
ដោយ: VOA
រដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា  ប្រទេស​ឥណ្ឌា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ ជាមួយក្រុម​ប្រទេស​អឺរ៉ុប​ចំនួន ​៤​ ​ក្នុង​បំណងប្រមូល​ការវិនិយោគទុន​ ​ដែល​មាន​ទឹកប្រាក់ចំនួន​ ១០០ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​ខាង​មុខ។​
 
កិច្ច​ព្រមព្រៀងនេះ ​ដែលត្រូវ​បាន​ប្រកាស​ឡើង​កាលពីថ្ងៃ​អាទិត្យ​ជាមួយ​សមាគម​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​ ដែល​មាន​សមាជិក​ ៤ ​ប្រទេស ​គឺ​ប្រទេស​ស្វីស​ ប្រទេស​អ៊ីស្លង់​ ន័រវេស​ ​និង​ប្រទេស​លិចតិចស្តាញ​ កើត​មាន​ឡើងតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ ​នៅ​មុន​ការបោះឆ្នោតសកលក្នុង​ប្រទេស​ឥណ្ឌា​ ដែល​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក ​Narendra Modi បាន​លើក​យក​ការចម្រើនផ្នែក​សេដ្ឋកិច្ច​ ធ្វើ​ជា​កម្មវិធី​នយោបាយ ក្នុង​ការស្វះស្វែង​កាន់​អំណាច​ក្នុង​អាណត្តិ​ទី ​៣ ​របស់​លោក​ជា​បន្ត​ទៀត។
 
នេះ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មមួយ​ចំនួន ​ដែល​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ កំពុង​អនុវត្ត​ក្នុង​ការ​បង្កើន​ការនាំចេញ​របស់​ខ្លួន ក៏​ដូច​ជាការឆ្លៀត​ឱកាស​លើ​ការ​ផ្លាស់ប្តូរ​ភូមិសាស្ត្រ​នយោបាយ​ ដែល​ប្រទេស​លោក​ខាង​លិច​កំពុង​សំឡឹង​ទៅ​រក​ការកាត់​បន្ថយ​ការពឹងផ្អែក​ផ្នែក​ពាណិជ្ជកម្មទៅ​លើ​ប្រទេស​ចិន​។ ​
 
​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ទាំង​៤​ក្នុង​ទ្វីបអឺរ៉ុប​នេះត្រូវ​បាន​ធ្វើឡើង​ ក្រោយ​ពី​ដំណើរ​ការចរចា​អស់​រយៈពេល​ប្រមាណ​១៦​ឆ្នាំ​រួច​មក។
 
ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​ទី​ផ្សារ​របស់​ខ្លួន​ដែល​មាន​ប្រជាជន ​១.៤០០ ​លាននាក់ ​ប្រទេស​ឥណ្ឌានឹង​កាត់​បន្ថយ​ពន្ធនាំចូល​លើ​ទំនិញឧស្សហកម្ម​រហូត​ដល់​ម្ហូប​កែច្នៃ​ ភេសជ្ជៈ​និង​របស់​របរ​ផ្សេងៗ​ទៀត ​ដូច​ជា​នាឡិការស្វីស​ជាដើម។​ រដ្ឋាភិបាល​ក្រុង​ញូវដែលី​សង្ឃឹម​ថានឹង​ជំរុញ​ការនាំចេញ​របស់​ខ្លួននៅ​ក្នុង​វិស័យ​ព័ត៌មាន​បច្ចេកវិទ្យា និង​សេវាជំនួញ​ជា​ដើម។​ ​
 
ការធ្វើ​វិនិយោគទុន​ដែលត្រូវ​បាន​សន្យា​ដោយប្រទេស​អឺរ៉ុប​ទាំង​ ៤ ​នេះ ​នឹង​បង្កើត​ការងារ​ចំនួន​ ១ ​លាន​កន្លែង​។ ​នេះបើ​យោងលើ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា​ លោក Piyush Goyal៕

Tag:
 កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី
© រក្សាសិទ្ធិដោយ thmeythmey.com