កីឡាអន្តរជាតិ
អន្តរជាតិ
Diallo ជាវីរបុរសជួយ Man Utd វាយបកឈ្នះ Liverpool ឡើងវគ្គ៤ក្រុម FA Cup 18, Mar 2024 , 9:59 am
× Amad Diallo ក្លាយជាវីរបុរសក្នុងការជួយ Manchester United ទម្លាក់ Liverpool ដោយគ្រាប់បាល់វាយបកក្នុងលទ្ធផល ៤-៣ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ឆ្នាំ ២០២៤។ Chelsea, Manchester City និងCoventry City បានកៅអីវគ្គ១/២ផ្តាច់ព្រ័ត្រ។
ជំនួបដ៏ជក់ចិត្តក្នុងវគ្គ៨ក្រុមចុងក្រោយ នៅកីឡដ្ឋាន Old Trafford ខ្សែបម្រើ Scott McTominay រកបានគ្រាប់នាំមុខឱ្យ Man Utd មុននៅនាទីទី១០ មុន Alexis Mac Allister តាមស្មើឱ្យ Liverpool វិញនៅនាទី៤៤។ មុនបញ្ចប់វគ្គទី១ Mohamed Salah បន្ថែមគ្រាប់ទី២ ឱ្យហង្សក្រហម ដើម្បីនាំមុខបិសាចក្រហម ២-១។
ចូលដល់វគ្គទី២ ក្រុមទាំងសងខាងនៅតែបន្តវាយម្រុក និងដាក់គ្នាទៅវិញទៅមក រហូត Antony រកបានគ្រាប់តាមស្មើឱ្យក្រុមលោក Erik ten Hag នៅនាទី៨៧។ ក្រោយលទ្ធផល៩០នាទីក្រុមទាំងពីរស្មើគ្នា ២-២ តម្រូវឱ្យបន្ថែម១៥នាទី២ដង។ Harvey Elliott ស៊ុតគ្រាប់ទី៣ ឱ្យ Liverpool នៅនាទី១០៥ មុនពេល Marcus Rashford រកបានគ្រាប់ទី៣ ឱ្យ Man Utd វិញនៅ៧នាទីបន្ទាប់។ ជិតបញ្ចប់ម៉ោងទាំងពីរលើកទៅហើយ ពោលនៅនាទី១២០+២ កីឡាករវ័យក្មេង Amad Diallo បានស៊ុតគ្រាប់ជ័យជម្នះឱ្យបិសាចក្រហមយកឈ្នះហង្សក្រហមក្នុងលទ្ធផល ៤-៣។
តាមរយៈលទ្ធផលនេះ គ្រប់គ្រាន់ដើម្បីនាំក្រុម Man Utd ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup រដូវកាល ២០២៣-២៤ និងថែមទាំងកាត់បន្ថយសម្ពាធរបស់អ្នកចាត់ការទូទៅលោក Erik ten Hag ផងដែរ។ ផ្ទុយទៅវិញ ក្រុមលោក Jürgen Klopp បានបាត់ឱកាសប្រជែងពាន៤ក្នុងមួយរដូវកាលរបស់ខ្លួនទៅហើយ។ Liverpool ដែលលើកពាន EFL Cup រួចហើយ នឹងត្រូវប្រជែងដណ្តើមពាន Premier League និង UEFA Europa League។
ចំណែក៣ក្រុមទៀត ដែលឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup រួមមានក្រុមម្ចាស់ការពារតំណែងជើងឯក Man City, Chelsea និង Coventry City ក្រុមពីលីគទី២ Championship។
លទ្ធផលប្រកួត៣គូផ្សេងទៀត៖
Chelsea ៤-២ Leicester City
Man City ២-០ Newcastle United
Wolves ២-៣ Coventry City៕
© រក្សាសិទ្ធិដោយ thmeythmey.com