កម្ពុជា បានបញ្ចេញប្រាក់អស់ជិត៥២០លានដុល្លារ ដើម្បីទូទាត់លើសេវាបំណុលរបស់ខ្លួន ក្នុងឆ្នាំ២០២៣ ក្នុងនោះ ការទូទាត់បំណុលក្រៅប្រទេសមានប្រមាណ ៤៩៥,២៦លានដុល្លារ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា (Cambodia Public Debt Statistical Bulletin) របសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយនាពាក់កណ្តាលខែមីនានេះបានបង្ហាញថា ក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលទូទាត់សេវាបំណុលរបស់ខ្លួនបានចំនួន ៥១៩,៧០លានដុល្លារ។
ក្នុងចំណោមទំហំទឹកប្រាក់ទាំងនេះ គឺមាន៤៩៥,២៦លានដុល្លារ កម្ពុជាបានសងទៅម្ចាស់បំណុលនៅក្រៅប្រទេស។ ឯកសារដដែលបានបញ្ជាក់ថា ក្នុងនោះមានប្រាក់ដើម៣៧៩,៦៧លានដុល្លារ និងប្រាក់ការរួមនឹងកម្រៃផ្សេងៗមាន១១៥,៦០លានដុល្លារ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានទូទាត់ឱ្យម្ចាស់បំណុលក្នុងស្រុកបានប្រមាណ ២៤,៤៤លានដុល្លារ ផងដែរ ដោយនៅក្នុងនោះ ប្រាក់ដើមមាន២៣,២៩លានដុល្លារ និងការប្រាក់មាន១,១៥លានដុល្លារ។
ប្រាក់ដែលរដ្ឋាភិបាលបានសងគេក្នុងឆ្នាំ ២០២៣ គឺកើន១២ភាគរយ បើធៀបនឹងឆ្នាំ ២០២២។
ទន្ទឹមនឹងការទូទាត់សេវាបំណុលខាងលើនេះ រដ្ឋាភិបាលក៏បានចុះកិច្ចព្រមព្រៀងលើឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាដែលមានទំហំទឹកប្រាក់១,៨១ពាន់លានដុល្លារ សមមូល ១ ៣៣៩,២២ លានអេសដេអ៊ែ ស្មើប្រមាណ ៧៩ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែ)។ ក្នុងនោះកម្ចីក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៥៧ភាគរយ និងក្របខ័ណ្ឌពហុភាគី មានប្រមាណ ៤៣ ភាគរយ។ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីក្នុងឆ្នាំ២០២៣កន្លងមកនេះ បានថយចុះប្រមាណ ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ ២០២២។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា៖ «ឥណទានទាំងនេះសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៥ ភាគរយ។ គោលដៅការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើតផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម»។
តែយ៉ាងណាមិញ ទំហំកម្ចីនេះបានធ្វើឱ្យសន្និធិបំណុលសាធារណៈរបស់កម្ពុជា កើនដល់ជាង១១,២៤ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២៣។ ក្នុងនោះមាន១១,១៩ពាន់លានដុល្លារ(ស្មើនឹង៩៩,៥ ភាគរយ)ជាបំណុលក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ៦៤ភាគរយ និងក្របខ័ណ្ឌពហុភាគី ៣៦ ភាគរយ)។ រីឯ ៥២,៣៩លានដុល្លារទៀត(០,៥ភាគរយ) ជាបំណុលសាធារណៈក្នុងប្រទេស។
បើតាមក្រសួងសេដ្ឋកិច្ច ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែស្ថិតសភាពអាចគ្រប់គ្រងបាន។ ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល ទោះបីសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។
ការរក្សាបានចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍ ១. ក្របខ័ណ្ឌគតិយុត្ត, ២. គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣. សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤. ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់នៅក្នុងឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ថា ការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរជាទីមោទនៈ ក្នុងរយៈកាលជាង ២ ទសវត្សរ៍កន្លងមក។ លើសពីនេះ កម្ពុជាមានសមត្ថភាពកៀរគរឥណទានសម្បទានបានច្រើនជាងមុន សម្រាប់បំពេញតម្រូវការហិរញ្ញប្បទានលើវិស័យអាទិភាពចំពោះមុខនានា សំដៅរួមចំណែកក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ និងអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣៕