ជាតិ
ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី» កម្ពុជានឹងស្វាគមន៍ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដល់ទៅ៩០ប្រទេស
19, Mar 2024 , 10:20 am        
រូបភាព
លោក​ឯកអគ្គ​រដ្ឋទូត​បារាំង Jacques Pellet ក្នុងបទសម្ភាស​ដាច់ដោយឡែកនៅទីស្នាក់ការ​សារព័ត៌មានថ្មីៗក្នុងខេត្តសៀមរាប
លោក​ឯកអគ្គ​រដ្ឋទូត​បារាំង Jacques Pellet ក្នុងបទសម្ភាស​ដាច់ដោយឡែកនៅទីស្នាក់ការ​សារព័ត៌មានថ្មីៗក្នុងខេត្តសៀមរាប
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា រំពឹងយ៉ាងមុតមាំថា កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Sommet de la Francophonie) ឆ្នាំ២០២៦។ បើតាម លោក Jacques Pellet វាក៏ជាឱកាសដែលរដ្ឋាភិបាលកម្ពុជាឈានទៅពង្រឹងចំណងការទូតជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពីប្រទេសប្រមាណ៩០ ជាសមាជិកពេញសិទ្ធិ និងសង្កេតការណ៍នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី)។


«កម្ពុជា ទទួលបានការគាំទ្រយ៉ាងមុតមាំពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។ ខ្ញុំជឿថា អ្វីនឹងដូចការព្រាងទុក ដោយការប្រកាសផ្លូវការនឹងប្រព្រឹត្តទៅនាកិច្ចប្រជុំកំពូលនៅក្រុងប៉ារីស នាអំឡុងខែវិច្ឆិកា ខាងមុខ»។ នេះជាការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតបារាំង ក្នុងបទសម្ភាសមួយនៅទីស្នាក់ការសារព័ត៌មានឌីជីថលថ្មីៗ ក្នុងខេត្តសៀមរាប ទាក់ទងនឹងបេក្ខភាពកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នាឆ្នាំ២០២៦។

អត្ថបទទាក់ទង


បារាំងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅក្រុង Villers-Cotterêts នាខែតុលា ខាងមុខ ហើយមានការរំពឹងយ៉ាងខ្ពស់ថា កម្ពុជា គឺជាបេក្ខភាពឈានមុខគេក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ នារយៈពេល២ឆ្នាំបន្ទាប់។ មេដឹកនាំបារាំង ជាពិសេសលោកប្រធានាធិបតី ម៉ាក្រុង តែងតែបង្ហាញការគាំទ្ររបស់ខ្លួន នាអំឡុងនៃដំណើរទស្សនកិច្ចរបស់ឥស្សរជនកំពូលៗកម្ពុជា ទៅកាន់បារាំង នារយៈពេល១៥ខែចុងក្រោយ ដោយគិតចាប់តាំងពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅខែធ្នូ ឆ្នាំ២០២២, ព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ទាប់មកសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នាឆ្នាំ២០២៤នេះ។

លោក Jacques Pellet បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងដែលកាន់តែល្អប្រសើររវាងកម្ពុជា និងបារាំង។ តាមរយៈការរៀបចំព្រឹត្តិការណ៍សប្តាហ៍នៃភាសាបារាំង ទាំងនៅភ្នំពេញ និងខេត្តសៀមរាប ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមីនា កម្មវិធីដ៏ច្រើន បានបង្ហាញពីចំណងការទូតដ៏រឹងមាំរបស់ប្រទេសទាំងពីរ ក្នុងនោះរួមមានការចាក់បញ្ចាំងខ្សែភាពយន្ត ការប្រគំតន្ត្រី ការប្រឡងចម្រៀងភាសាបារាំង សកម្មភាពកីឡា និងវប្បធម៌ជាច្រើនទៀត។

លោកឯកអគ្គរដ្ឋទូតបារាំងមានទំនុកចិត្តខ្ពស់លើកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំ ដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រមួយនេះ។ «ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពីប្រមាណ៩០ប្រទេស នឹងមកកម្ពុជាដើម្បីអបអរហ្វ្រង់កូហ្វូនី ហើយកម្ពុជានឹងក្លាយជាប្រទេសទី២នៅតំបន់អាស៊ីក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បន្ទាប់ពីការរៀបចំដំបូងនៅវៀតណាមកាលពីឆ្នាំ១៩៩៧»។ លោក Jacques Pellet បានគូសបញ្ជាក់ម្តងហើយម្តងទៀតពីការពេញចិត្តពេញថ្លើមក្នុងការគាំទ្របេក្ខភាពកម្ពុជា។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោកឯកអគ្គរដ្ឋទូត ទទួលស្គាល់ថា៖ «ពិតណាស់ នៅកម្ពុជា យើងមិនអាចឃើញគេនិយាយភាសាបារាំងនៅតាមផ្លូវ ដូចកាលពីអំឡុងទសវត្សរ៍ឆ្នាំ៥០-៦០ ក៏ដោយ ប៉ុន្តែហ្វ្រង់កូហ្វូនីនៅតែមានសកម្មភាពរស់រវើកនៅកម្ពុជា ជាពិសេសក្នុងជួរបញ្ញវន្ត»។

លោក Jacques Pellet វាយតម្លៃបែបនេះ ដោយផ្អែកលើសមាសភាពរដ្ឋាភិបាលថ្មី ដែលមានរដ្ឋមន្ត្រី៤០ភាគរយ និយាយភាសាបារាំង។ ទោះមិនដែលឮនិយាយជាសាធារណៈ ប៉ុន្តែលោកទូតបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និយាយភាសាបារាំងយ៉ាងល្អ ក្រៅពីនេះ មានដូចជា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាដើម។

ចាប់ផ្តើមដំបូងនៅឆ្នាំ១៩៨៦ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។
 


កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ ត្រូវបានរៀបចំឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុង Djerba ប្រទេសទុយនីស៊ី។ សម្រាប់ជំនួបកំពូលលើកទី១៩ នាឆ្នាំ២០២៤ បារាំងនឹងក្លាយជាម្ចាស់ផ្ទះលើកទី៣ ខណៈក្រុងហាណូយ ប្រទេសវៀតណាម ជាម្ចាស់ផ្ទះដំបូងបំផុតពីតំបន់អាស៊ី ដែលបានរៀបចំកិច្ចកំពូលនេះ នាព្រឹត្តិការណ៍លើកទី៧ កាលពីឆ្នាំ១៩៩៧។
 
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គឺជាបិតាស្ថាបនិកមួយព្រះអង្គ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលបានចាប់កំណើតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយបិតាស្ថាបនិកផ្សេងទៀតរួមមានដោយអតីតប្រធានាធិបតីសេណេហ្គាល់ លោក Léopold Sédar Senghor, អតីតប្រធានាធិបតីទុយនេស៊ី លោក Habib Bourguiba និងអតីតប្រធានាធិបតីនីហ្សេរីយ៉ា លោក Hamani Diori។
 
តាមតួលេខរបស់ OIF រដ្ឋ និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី មាន៨៨ (សមាជិកពេញសិទ្ធិ៥៤, មិនពេញសិទ្ធិ៧ និងសង្កេតការណ៍២៧)។ កម្ពុជាជាសមាជិកពេញសិទ្ធិចាប់តាំងពីឆ្នាំ១៩៩៣ ក្រោយឆ្លងកាត់ជាសមាជិកសង្កេតការណ៍២ឆ្នាំ។
 
បច្ចុប្បន្នអ្នកប្រើប្រាស់ភាសាបារាំង មាន៣២១លាននាក់នៅទូទាំងពិភពលោក និងមានអ្នករៀនប្រមាណ១៤៤លាននាក់ ហើយភាសាបារាំងជាភាសាទី៥លើពិភពលោក និងជាភាសាលំដាប់ទី៤លើបណ្តាញអ៊ីនធ័រណិត៕



© រក្សាសិទ្ធិដោយ thmeythmey.com