ជាតិ
សេដ្ឋកិច្ច
កម្ពុជា-រវ៉ាន់​ដា រួមគ្នាជំរុញការទូទាត់ប្រាក់ឆ្លងដែនតាមប្រព័ន្ធឌីជីថល​
19, Mar 2024 , 9:59 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) ថតរូបជាមួយលោក Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋរវ៉ាន់ដា នាឱកាសជំនួបពិភាក្សាការងារ នៅទីស្នាក់ការកណ្តាល NBC នាថ្ងៃទី១៣មីនា ឆ្នាំ២០២៤។ រូបថត៖ NBC។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) ថតរូបជាមួយលោក Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋរវ៉ាន់ដា នាឱកាសជំនួបពិភាក្សាការងារ នៅទីស្នាក់ការកណ្តាល NBC នាថ្ងៃទី១៣មីនា ឆ្នាំ២០២៤។ រូបថត៖ NBC។
កម្ពុជា​ និងប្រទេសវ៉ាន់​ដា ប្តេជ្ញា​រួមគ្នា​លើកកម្ពស់​ការទូទាត់​ឆ្លងដែនដែលជា​វិធានការ​មួយ​ ដើម្បី​ជំរុញ​លំហូរ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​។ ការប្តេជ្ញាចិត្ត​នេះ ត្រូវ​បានលើកឡើងក្នុងជំនួបរវាង​លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ជាមួយលោក Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូត​ទើប​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​វ៉ាន់​ដា។
 
នាជំនួបពិភាក្សាការងារ នៅស្នាក់ការ​កណ្តាល​របស់ធនាគារជាតិ​ នាថ្ងៃទី១៣មីនា ​​លោកស្រី ជា សិរី បានបង្ហាញពីទស្សនវិស័យវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា ទៅកាន់​លោក​ឯកអគ្គរដ្ឋទូត Nkubito Manzi។ ជាពិសេសលោកស្រី បានបង្ហាញពីការរីកចម្រើន និង​ដំណើរ​អភិវឌ្ឍន៍​ នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ព្រមទាំង​សក្តានុពល​សំខាន់ៗ​នៃ​សេដ្ឋ​កិច្ច​កម្ពុជា​។
 
លើសពីនេះ  លោកស្រី ជា សិរី បាននិយាយអំពី​គោលនយោបាយ​ទាក់ទាញ​វិនិយោគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាតិ ផងដែរ​។​
 
​ជាការឆ្លើយតប លោក Nkubito Manzi បានលើកឡើងថា ប្រទេសរវ៉ាន់​ដា បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​រួមចំណែក​ពង្រឹង​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​។ ជាពិសេស​លើ​ប្រព័ន្ធ​ទូទាត់​។​
 
កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាដៃគូសហការរៀបចំ បានចូលរួមវេទិកាបច្ចេកវិទ្យា​ហិរញ្ញវត្ថុ(INCLUSIVE FINTECH FORUM) នៅទីក្រុង Kigali ប្រទេសរវ៉ាន់​ដា។ ការចូលរួមរបស់កម្ពុជានេះ មាន​គោលដៅ​បង្ហាញ​ពី​សក្តានុពល​បដិវត្តន៍ឌីជីថលនៃប្រព័ន្ធបាគង និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ​កម្ពុជា ដែលលើកទឹកចិត្ត​ដល់​កិច្ច​សហ​ប្រតិបត្តិ​ការឆ្លង​ព្រំដែន។ គ្រាបំពេញបេសកកម្មនោះ លោកអ៊ុក សារ៉ាត់ ដែលជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់របស់ធនាគារជាតិ  បានជួបពិភាក្សា ជាមួយប្រតិភូធនាគារកណ្តាលនៃប្រទេសរវ៉ាន់​ដា ដើម្បីពិភាក្សាអំពីយន្តការអនុវត្តនៃកិច្ចសហប្រតិបត្តិការ និងលទ្ធភាពតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់ជាផ្លូវការ។
 
កន្លងមក​លោកស្រី ជា សិរី  បាននិយាយថា ធនាគារជាតិ​នៃ​កម្ពុជា​ ​កំពុងធ្វើការ​ជាមួយ​បណ្តា​​ប្រទេស​នៅ​អាស៊ី អាហ្វ្រិក អាម៉េរិក​ឡាទីន និង​អឺរ៉ុប ដើម្បី​បង្កើន​វិសាលភាព​ប្រព័ន្ធ​ទូទាត់តាមប្រព័ន្ធឌីជីថល ​ដែល​មានភាព​រហ័ស សុវត្ថិភាព និង​តម្លៃ​ទាប ហើយក៏ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឆ្លងដែន ផងដែរ។ 
 
​បើតាមលោកស្រី ជា សិរី បច្ចុប្បន្នកម្ពុជា​បាន​ភ្ជាប់​ប្រព័ន្ធទូទាត់សងប្រាកឆ្លងដែនតាមប្រព័ន្ធឌីជីថល​ ​ជាមួយ​ប្រទេស​ថៃ​ ឡាវ វៀតណាម​ និង​ម៉ាឡេស៊ី តាមរយៈ ប្រព័ន្ធ​បាគង។ ក្រៅពីនេះ កម្ពុជា​នឹងពង្រីកកិច្ចសហប្រតិបត្តិការនេះជាមួយប្រទេសចិន ​ឥណ្ឌា  ជប៉ុន សិង្ហបុរី ​ ហ្វីជី  និងកោះសូឡូម៉ុន...ជាដើម៕ 
 

Tag:
 ប្រព័ន្ធទូទាត់ប្រាក់
  ឌីជីថល​
© រក្សាសិទ្ធិដោយ thmeythmey.com