RFI
អន្តរជាតិ
មិនត្រូវគ្នាជាមួយចិន ហ្វីលីពីនងាក​ទៅផ្តល់សន្ទុះ​ការចរចាជាមួយ​អឺរ៉ុបស្តីពី​ការដោះដូរសេរី
20, Mar 2024 , 8:29 am        
រូបភាព
ឆ្មាំសមុទ្រហ្វីលីពីននៅចំពោះមុខការគំរាមកំហែងរបស់កប៉ាល់ល្បាតចិន នៅសមុទ្រចិនខាងត្បូង REUTERS
ឆ្មាំសមុទ្រហ្វីលីពីននៅចំពោះមុខការគំរាមកំហែងរបស់កប៉ាល់ល្បាតចិន នៅសមុទ្រចិនខាងត្បូង REUTERS
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
 
បន្ទាប់ពី​អាក់ខាន​ជិត​៧ឆ្នាំ ដោយសារ​ទំនាក់ទំនង​មិន​សូវរលូននឹងគ្នា នៅក្រោម​ការដឹកនាំ​របស់​អតីតប្រធានាធិបតី ឌុយទែរតេ ហ្វីលីពីន និង​សហភាពអឺរ៉ុប​បាន​ត្រលប់មក​ចាប់ផ្តល់សន្ទុះ​ដល់​ការចរចា ដើម្បីឈាន​ទៅបង្កើត​កិច្ចព្រមព្រៀង​ស្តីពីការដោះដូរសេរី របស់​ភាគីទាំងពីរ។ ដំណឹងនេះត្រូវបាន​ប្រកាស​នៅក្នុងសន្និសីទ​កាសែតរួម នៅទីក្រុង​ព្រុចស៊ែល ជាទី​ដែល​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ហ្វីលីពីន​ធ្វើទស្សនកិច្ច​កាលពីថ្ងៃចន្ទទី​១៨ មីនា។ ជម្លោះនៅសមុទ្រ​ចិនខាងត្បូង​បាន​រុញច្រាន​ហ្វីលីពីន​ឲ្យឃ្លាតចាកឆ្ងាយ​ពី​ចិន និងបោះដៃ​មកចាប់ប្រទេស​នៅ​អឺរ៉ុប។
 
នៅទីក្រុង​ព្រុចស៊ែល សហភាពអឺរ៉ុប និង​ហ្វីលីពីន​រំលឹករឿងចាស់ ដែល​ភាគីទាំងពីរ​បាន​ចាប់ផ្តើមជាមួយគ្នា កាលពី​ឆ្នាំ ២០១៥។ នៅពេល​នោះ ហ្វីលីពីន​បាន​ផ្តើម​ចរចា​ពីការដោះដូរសេរីជាមួយអឺរ៉ុប។ ប៉ុន្តែ ចរចា​បាន​តែ​២ឆ្នាំ ទំនាក់ទំនង​ហ្វីលីពីន និង​សហភាព​អឺរ៉ុប​ចាប់ល្អក់កករនឹងគ្នា ការចរចាទាំងឡាយ​ត្រូវ​ជាប់គាំង បន្ទាប់ពី​ហ្វីលីពីន​ស្ថិតក្រោម​ការដឹកនាំ​របស់​លោកប្រធានាធិបតី ឌុយទែរតេ។ សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ឌុយទែរតេ ដែល​ឈាន​ទៅដល់​ការបើកភ្លើងខៀវ​ឲ្យ​មានការសម្លាប់មនុស្ស​ក្រៅផ្លូវច្បាប់ បាន​ធ្វើ​ឲ្យ​ហ្វីលីពីន​រងការរិះគន់ ថ្កោលទោស​ពីសំណាក់​ប្រទេស​លោកខាងលិច។
 
ប៉ុន្តែ ហ្វីលីពីន​សព្វថ្ងៃ​លែង​ស្ថិតក្រោម​អំណាច​ដឹកនាំ​របស់​លោក​ឌុយទែរតេ ហើយ​ក៏​កំពុង​មាន​ទំនាក់ទំនង​មិនសូវ​ល្អ​ជាមួយ​មហាអំណាច​ចិន ដោយសារ​តែ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ដូច្នេះ ហ្វីលីពីន​ត្រូវការ​ចាប់ដៃគូ​ជាមួយ​ប្រទេស​ផ្សេង ដែល​រាប់​ទាំង​សហភាពអឺរ៉ុប​ផង ដើម្បីធានា​សន្តិសុខ​សេដ្ឋកិច្ចផ្ទាល់ខ្លួន។
 
នៅ​ថ្ងៃ​ចន្ទ រដ្ឋមន្រ្តី​ពាណិជ្ជកម្មនិង​ឧស្សាហកម្មហ្វីលីពីន លោក​ Alfredo E.Pascual បាន​ធ្វើដំណើរទៅ​ទីក្រុង​ព្រុចស៊ែល ដើម្បី​ចាប់ផ្តើម​ផ្តល់សន្ទុះ​សាជាថ្មី​ដល់​ការចរចា​ស្តីពី​ការដោះដូរ​សេរី ហ្វីលីពីន អឺរ៉ុប។ ថ្លែងនៅចំពោះមុខ​សមភាគីអឺរ៉ុប រដ្ឋមន្រ្តីហ្វីលីពីននិយាយថា អនាគត​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​​ហ្វីលីពីន និងអឺរ៉ុប​សំខាន់​ណាស់​សម្រាប់​ភាគីទាំងពីរ។
 
ទោះមិនទាន់​ចុះកិច្ចព្រមព្រៀង​ស្តីពីការដោះដូរសេរីនឹងគ្នា ប៉ុន្តែ សហភាពអឺរ៉ុប​ជាដៃគូពាណិជ្ជកម្ម​ទី​៥​របស់ហ្វីលីពីន។ ការដោះដូរទំនិញ​រវាង​ភាគីទាំងពីរ​មានទំហំទឹកប្រាក់ ១៨,៤ពាន់លានអឺរ៉ូ នៅឆ្នាំ ២០២២។
 
នៅមុន​សហភាពអឺរ៉ុប ហ្វីលីពីន​ធ្លាប់បាន​ចុះកិច្ចព្រមព្រៀង​ដោះដូរ​សេរី​ជាមួយ​អូស្ត្រាលី និង​ជាពិសេស សម្ព័ន្ធមិត្តអាមេរិក ដែល​ចិន​ចោទ​ថា កំពុង​យក​ហ្វីលីពីន​ជា​កូនអុករបស់ខ្លួន​សម្រាប់​តទល់​ជាមួយ​ចិន។
 
មានប្រជាជន​១១៥លាននាក់ និង​មានផលិតផលក្នុងស្រុក​សរុប ៣៧០ពាន់លានអឺរ៉ូ ហ្វីលីពីនជាប់ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​សេដ្ឋកិច្ចល្អប្រសើរ​ទី​៥​នៅក្នុង​ចំណោម​ប្រទេស​អាស៊ានទាំង​១០។ បើតាម​ព្យាករ កំណើន​សេដ្ឋកិច្ច​របស់​ហ្វីលីពីន​នឹង​កើនឡើង​ដល់ ៥,៩%​នៅ​ឆ្នាំ ២០២៤នេះ។ ជាប្រទេស​សំបូរដោយ​កូនកោះតូចធំ រាប់ពាន់ ហ្វីលីពីន​សំបូរធនធាន​ធម្មជាតិ ដូចជា​នីកែល ស្ពាន់ ដែលគ្រប់គ្នា​កំពុង​គួចប៉ង ត្រូវការ​ចង់បាន​សម្រាប់​ឧស្សាហកម្ម​ថាមពល​បៃតង៕

© រក្សាសិទ្ធិដោយ thmeythmey.com