ជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ កុំឱ្យអ្នកដទៃហូប នូវអ្វីដែលយើងមិនគួរហូបខ្លួនឯង 19, Mar 2024 , 4:27 pm
× នាពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី៤៣ រសៀលថ្ងៃទី១៩ ខែមីនា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់អ្នកលក់ផលិតផល ក៏ដូចជាអ្នកបម្រើសេវាកម្មសុខាភិបាល យកចិត្តទុកដាក់អាយុជីវិតអ្នកប្រើប្រាស់ ឬអ្នកទទួលសេវាជាចម្បង។
សម្តេចបានបញ្ជាក់ថា នេះជាការពង្រឹងការទទួលខុសត្រូវទាំងស្ថាប័នរដ្ឋ និងឯកជន ជាពិសេសកិច្ចការនិយ័តកម្មសេវាសុខាភិបាល ហើយការត្រួតពិនិត្យគុណភាពថ្នាំ គុណភាពផលិតផលគឺជាកិច្ចការសំខាន់។
«អ្នកលក់ផលិតផល ក៏យើងត្រូវគិតដូចគ្នា កូនយើង ម្តាយយើង ឪពុកយើង ទិញថ្នាំ រកថ្នាំល្អ អ៊ីចឹងយើងលក់អ្វីឱ្យគេ ក៏គិតដល់កូនគេ ឪពុកគេ ម្តាយគេផងដែរ»។ សម្តេចលើកឡើងបែបនេះ ដោយរំលឹកពីករណីផ្ទាល់ដែលសម្តេចធ្លាប់ជួប ពេលចូលហាងគុយទាវមួយកន្លែង ដោយអ្នករត់តុម្នាក់លួចប្រាប់សម្តេចថា សាច់គោធ្វើមិនល្អ។
«កុំធ្វើអ្វីដាក់អ្នកដទៃនូវអ្វីដែលយើងមិនចង់ កុំឱ្យអ្នកដទៃហូប នូវអ្វីដែលយើងមិនគួរហូបខ្លួនឯងខ្លួន»។ បើតាមសម្តេច ការលក់ប្រកួតប្រជែងពិតជាត្រឹមត្រូវប៉ុន្តែត្រូវមានការគោរពបទដ្ឋានកម្រិតណាមួយ ដោយមិនត្រូវហួសបន្ទាត់ក្រហមនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com