ជាតិ
សង្គមជាតិ
លោក ឃួង ស្រេង នឹងបិទយានដ្ឋាន និងអាជីវកម្មច្នៃស៊ីផ្លេ-បំពង់ស៊ីម៉ាំង បើធ្វើខុសលក្ខណៈបច្ចេកទេស
19, Mar 2024 , 5:59 pm        
រូបភាព
រថយន្តដែលមានស៊ីផ្លេខុសបច្ចេកទេស ត្រូវសមត្ថកិច្ចហៅអប់រំនាពេលកន្លងមក។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាក
រថយន្តដែលមានស៊ីផ្លេខុសបច្ចេកទេស ត្រូវសមត្ថកិច្ចហៅអប់រំនាពេលកន្លងមក។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាក
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រកាសហាមមិនឱ្យប្រើប្រាស់ តាំងលក់ និងកែច្នៃស៊ីផ្លេ រួមទាំងបំពង់ស៊ីម៉ាំង ដែលមានខុសលក្ខណៈបច្ចេកទេសឡើយ។ ការហាមនេះ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងទប់ស្កាត់ភាពអនាធិបតេយ្យលើផ្លូវសាធារណៈ។
 
លោក ឃួង ស្រេង  សង្កេតឃើញម្ចាស់យានយន្តមួយចំនួន បានប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែលបង្កជាសម្លេងរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ក៏ដូចជាការបង្កហានិភ័យដល់អ្នកធ្វើដំណើរជាយថាហេតុ។ 
 
ដូច្នេះដើម្បីលុបបំបាត់នូវបាតុភាពអសកម្មខាងលើ លោក អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អ្នកប្រើប្រាស់យានយន្ត ដែលបំពាក់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវដោះឧបករណ៍ទាំងនោះចេញ ហើយត្រូវប្ដូរដាក់ឱ្យស្របតាមលក្ខណៈបច្ចេកទេសយានយន្តនៃសភាពដើមវិញ ស្របតាមច្បាប់ស្តីពីចរាចរណ៍។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចេញថ្ងៃទី១៩មីនា។ 
 
ជាមួយគ្នានេះ  លោក ឃួង ស្រេង បានព្រមានយ៉ាងដូច្នេះ៖ «ចំពោះយានដ្ឋាន ឬទីតាំងកែច្នៃដែលធ្លាប់ និងកំពុងធ្វើការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពកែច្នៃជាបន្ទាន់។  ក្នុងករណីនៅតែបន្តកែច្នៃឧបករណ៍ខុសលក្ខណៈបច្ចេកទេស អាជ្ញាធរមានសមត្ថកិច្ចនឹងដកហូតនូវឧបករណ៍ទាំងនោះ និងបិទទីតាំងអាជីវកម្ម រួមទាំងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន»។ 
 
ចំណែក អាជីវករ ដែលលក់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេស ក៏ត្រូវបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ ផងដែរ។  ក្នុងករណីនៅតែបន្តលក់ឧបករណ៍ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូត ព្រមទាំងបិទទីតាំងអាជីវកម្មតែម្តង។ នេះជាព្រមានរបស់លោកអភិបាលរាជធានីភ្នំពេញ ដោយទុកពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃនេះទៅ។ 
 
ករណីអាជីវករ និងម្ចាស់យានយន្តណា មិនស្ដាប់ការណែនាំនេះ សមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។ 
 
ការព្រមាននេះ ធ្វើឡើងក្រោយពី នាយករដ្ឋមន្ត្រី បញ្ជាឱ្យទប់ស្កាត់សកម្មភាពអនាធិបតេយ្យនៅតាមដងផ្លូវ ដោយយុវជន និងកុមារមួយចំនួន នាំគ្នារាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេរថយន្តធំៗ ហើយម្ចាស់រថយន្តខ្លះក៏បានកែច្នៃស៊ីផ្លេ ដើម្បីភាពទាក់ទាញ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com