កីឡាជាតិ
ជាតិ
Raid Amazones ៖ រំភើប ទឹកភ្នែក ចំណេះដឹង រសជាតិជីវិតលើទឹកដីអង្គរ!
20, Mar 2024 , 1:59 pm        
រូបភាព
សៀមរាប៖ ៦ថ្ងៃនៃព្រឹត្តិការណ៍លំដាប់ពិភពលោក Raid Amazones លើទឹកដីអង្គរ ពោរពេញដោយក្តីរំភើបសប្បាយរីករាយ ,ហត់នឿយលាយឡំជាមួយទឹកភ្នែក, បទពិសោធន៍ និងចំណេះដឹងថ្មី ជាពិសេសរសជាតិជីវិត ពីតំបន់អឺរ៉ុប មកកាន់ប្រទេសកំពុងអភិវឌ្ឍន៍។


«ក្រឺង ក្រឺង…»! សំឡេងកណ្ដឹងរោទិ៍នៅក្នុងទូរសព្ទដៃ បានបន្លឺឡើងនៅម៉ោង៤៖៣០នាទីព្រឹក ជាសញ្ញាដាស់អារម្មណ៍លោក គឹម មករា និងលោក ជា យូគៀង ដែលកំពុងលង់លក់ក្នុងនិទ្រា ឱ្យងើបពីដំណេក ដើម្បីរៀបចំខ្លួន ធ្វើដំណើរទៅកម្មវិធី Raid Amazones។ មិត្តរួមការងារ ៣នាក់ទៀត គឺកញ្ញា តេង យ៉ាលីរូស្ស៊ី , កញ្ញា រិន ឧស្សាហ៍ និងលោក គី ចំណា ក៏បានរៀបចំខ្លួនជាស្រេច ជួបជុំគ្នានៅការិយាល័យសារព័ត៌មានថ្មីៗ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប ។
 
ចេញពីការិយាល័យ ដោយជិះកាត់តាមក្រុងសៀមរាប ឆ្ពោះទៅកាន់ជ្រុងខាងត្បូងនៃប្រាសាទអង្គរវត្ត ហើយឆ្លងកាត់តាមស្រះស្រង់ ប្រាសាទបន្ទាយក្តី អមជាមួយដើមឈើធំៗប្របសងខាងផ្លូវ បានកំដរអារម្មណ៍ក្រុមការងារសារព័ត៌មានថ្មីៗ ធ្វើដំណើរទៅដល់ច្រកខាងលិចនៃប្រាសាទតាព្រហ្ម នាម៉ោង៥៖៣០នាទីព្រឹក មុនកម្មវិធីចាប់ផ្ដើម ។
 
សំឡេងរៃយំយ៉ាងរណ្ដំ ស្របពេលក្រុមការងាររៀបចំកម្មវិធី Raid Amazones ដែលជាជនជាតិបារាំង ប្រមាណ៤ទៅ៥នាក់ កំពុងមមាញឹកក្នុងការដំឡើងឆាក ភ្លើងបំភ្លឺ និងឧបករណ៍បំពងសំឡេងជាដើម។ ក្រុមឆ្នាំការពារប្រាសាទ ក៏បានមកពិនិត្យ និងជួយសម្រួលដល់ការរៀបចំព្រឹត្តិការណ៍ពិភពលោកនេះដែរ។ ព្រះអរុណ ចាប់ផ្ដើមងើបឡើងយ៉ាងសន្សឹមៗ រថយន្តក្រុង២៥កៅអី ជាង១០គ្រឿង ដែលដឹកជញ្ជូនក្រុមនារី ស្លៀកខោកីឡាជើងខ្លី -វែង ពាក់អាវព័ណ៌ក្រហម មានអក្សរ Raid Amazones ភ្ជាប់ជាមួយស្លាកលេខសម្គាល់ផងនោះ បានមកដល់ទីតាំងបណ្ដាក់គ្នាជាបន្តបន្ទាប់។ 
 


ចម្រៀងជាភាសាបារាំង និងអង់គ្លេស ញាក់កន្ត្រាក់អារម្មណ៍ បានកំដរសោតវិញ្ញាណបេក្ខនារី២៧៦នាក់ ដែលកំពុងត្រៀមខ្លួន ប្រកួតប្រជែងគ្នាលើវិញ្ញាសាដំបូង នៃការរត់ចម្ងាយ១៥គីឡូម៉ែត្រ ពីប្រាសាទតាព្រហ្ម ឆ្ពោះទៅប្រាសាទបី នាថ្ងៃទី១៥ មីនា។ អត្តពលិកស្រ្តីទាំងនោះ ភាគច្រើន មកពីបារាំង អូស្ដ្រាលី បែលហ្ស៊ិក អង់គ្លេស ស្វីស តួកគី និងអាមេរិកខាងជើង ហើយក៏មានពលរដ្ឋខ្មែរផងដែរ។ ក្នុងចំណោមអត្តពលិកទាំងនេះ ភាគច្រើនទើបមកកម្ពុជា ជាលើកដំបូង តាមរយៈព្រឹត្តិការណ៍ពិភពលោកមួយនេះ។
 
មួយសន្ទុះក្រោយមក ក្រុមអ្នករៀបចំកម្មវិធី Raid Amazones ក៏បានឱ្យសញ្ញាដល់បេក្ខនារី ចេញដំណើររត់ចម្ងាយនេះ តាមច្រកខាងលិចនៃប្រាសាទតាព្រហ្ម។ បេក្ខនារីពី ៦ ទៅ៧នាក់ ត្រូវបានអនុញ្ញាតឱ្យរត់ចេញទៅម្ដងមួយក្រុមៗ ដោយមិនតម្រូវឱ្យរត់ចេញម្ដងទាំងអស់គ្នានោះទេ។ ទិដ្ឋភាពរត់បន្តកន្ទុយគ្នានេះ ប្រៀបដូចជាក្រុមស្រមោចក្រហម កំពុងសម្រុកចេញរកចំណី។
 




ដើម្បីទៅដល់គោលដៅ អត្តពលិក ត្រូវឆ្លងកាត់ប្រាសាទតាកែវ, ប្រាសាទតានៃ, មុខប្រាសាទព្រះខ័ន, ខ្លោងទ្វារអង្គរធំ រួមមានខ្លោងទ្វារជ័យ, ខ្លោងទ្វារខ្មោច និងខ្លោងទ្វារទន្លេអុំ រហូតដល់ទីបញ្ចប់ នៅប្រាសាទបី។ ជាបទពិសោធន៍ដំបូងមកកម្ពុជា បេក្ខនារីទាំងនោះ បានបង្ហាញទឹកមុខញញឹម ដោយបានឃើញប្រាសាទបុរាណ និងស្រោបដោយព្រៃឈើ ហ៊ុំព័ទ្ធជុំវិញ។ សម្រស់ប្រាសាទបុរាណ និងធម្មជាតិបៃតង គឺជាបទពិសោធន៍ថ្មី និងជាកម្លាំងចិត្ត ដល់អត្តពលិកស្ត្រីទាំងចាស់ ទាំងក្មេង លើចម្ងាយផ្លូវ ១៥គីឡូម៉ែត្រ។ 


រត់បណ្ដើរ គយគន់សម្រស់ធម្មជាតិបណ្ដើរ វាបានជួយកាត់បន្ថយអារម្មណ៍នឿយហត់ របស់ពួកគេខ្លះដែរ ។ ចំណាយពេល៣ម៉ោង ក្រុមបេក្ខនារី បានរត់ទៅដល់គោលដៅ ដោយសម្រេចបានថេរវេលាតិចជាង១ម៉ោង នៃគម្រោងរបស់អ្នករៀបចំកម្មវិធី ។
 
ក្រោយមកទីផ្ដាច់ព្រ័ត្រជុំគ្នា ហើយអស់កម្លាំងរៀងៗខ្លួនផង ពួកគេ ក៏ទៅកន្លែងសម្រាក និងស្រស់ស្រូបអាហារថ្ងៃត្រង់ នៅតាមទីតាំង ដែលក្រុមការងារRaid Amazones បានរៀបចំជូនសម្រាប់ពួកគេ។ សម្រាកសន្សំកម្លាំងបានសមល្មមហើយ បេក្ខនារីពាក់អាវ Raid Amazones ក៏រៀបចំខ្លួន បន្តសកម្មភាពជាថ្មី។ ម៉ោង៣រសៀល ជាពេលដែលអត្តពលិកទាំងនោះ បន្តបេសកកម្មខ្លួនទៀត តាមរយៈការចុះបង្រៀនដល់កុមារតូចៗ នៅសាលាបឋមសិក្សារំដេង នាឃុំចាន់ស ស្រុកសូត្រនិគម ខេត្តសៀមរាប។
 
ចេញពីអគារសាលារៀនឈើប្រក់ស័ង្កសី ឆ្ពោះទៅកាន់រោងឈើប្រក់ស័ង្កសី ទំហំទទឹង៣ម៉ែត្រ និងបណ្ដោយ៥ម៉ែត្រ នៅក្នុងទីតាំងក្បែរគ្នានេះ អត្តពលិកទាំងចាស់ ទាំងក្មេង ក៏បានស្វែងយល់ពីដំណើរចង្វាក់ផលិតកម្ម ធ្វើស្រែចំការ បែបប្រពៃណីបុរាណ របស់អ្នកស្រុកទៀតផង។ ដើម្បីចង់ដឹងពីកិច្ចការស្រែចម្ការរបស់កសិករខ្មែរ អត្តពលិកពីអឺរ៉ុបទាំងនេះ បានអនុវត្តសកម្មភាពច្រូតស្រូវ កិនស្រូវ បុកស្រូវ និងអុំអង្ករ យកអង្កាមចេញផងដែរ។ អ្នកខ្លះ បានថតរូបសកម្មភាពខ្លួនកិនស្រូវ ច្រូតស្រូវ កិនម្សៅធ្វើនំបញ្ចុក និងបង្រៀនសិស្សជាដើម ដើម្បីទុកជាអនុស្សាវរីយ៍លើទឹកដីអង្គរ។


 
មិនតែប៉ុណ្ណោះ ពួកគេ ក៏បានទស្សនាស្វែងយល់ពីការធ្វើនំបញ្ចុករបស់អ្នកភូមិ ហើយក៏បានភ្លក់រសជាតិនំបញ្ចុកខ្មែរផង។ អ្នកខ្លះនិយាយជាភាសាអង់គ្លេសថា «It’s Good» ដែលមានន័យថា «ឆ្ងាញ់» ឆ្លើយតបអ្នកសារព័ត៌មានថ្មីៗ ដែលបានតាំងសំនួរទៅកាន់ពួកគេ ពីរសជាតិនេះ។
 
កម្មវិធីបានបញ្ចប់នៅម៉ោង៥ល្ងាច។ ដ្បិតមានការនឿយហត់អស់កម្លាំងក្តី ប៉ុន្តែស្នាមញញឹមរបស់អត្តពលិកទាំងនោះ នៅតែលេចចេញនៅលើផែនថ្ពាល់ ដែលបង្ហាញពីការពេញចិត្តចំពោះបេសកកម្មពេញមួយថ្ងៃនេះ ជាពិសេសបានស្គាល់ពីទំនៀមទម្លាប់ ការរស់នៅរបស់ពលរដ្ឋក្នុងស្រុកអង្គរ។ 
 
សម្រាប់បេសកកម្ម នៅថ្ងៃទី១៦ មីនា អត្តពលិក ត្រូវចែវទូកកានូចម្ងាយ១៥គីឡូម៉ែត្រ (Canoe) នៅកំពង់ឃ្លាំង។ បេក្ខនារី អាចឈ្វេងយល់ពីធម្មជាតិ និងការរស់នៅរបស់ពលរដ្ឋនៅភូមិបណ្តែតទឹក ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ កម្មវិធី Raid Amazones រៀបចំឡើងនៅលើទឹកដីអង្គរ ចាប់ពីថ្ងៃទី១៥ ដល់២០ មីនា។



សប្បាយលាយឡំ ទឹកភ្នែក!
 
វិញ្ញាសាថ្ងៃទី២ នៃព្រឹត្តិការណ៍ពិភពលោកមួយនេះ បានតម្រូវឱ្យបេក្ខនារីទាំង២៧៦នាក់ បំពេញបេសកកម្មនៅលើផ្ទៃទឹកវិញម្ដង។ ទីតាំងព្រែកឃ្លាំង នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប គឺជាចំណុចចាប់ផ្ដើមរបស់ក្រុមអត្តពលិក ប្រជែងសមត្ថភាពគ្នា។
 
មិនខុសគ្នាពីថ្ងៃដំបូងឡើយ ក្រុមការងារសារព័ត៌មានថ្មីៗ បានជួបជុំគ្នានៅការិយាល័យខេត្តសៀមរាប ហើយធ្វើដំណើរទៅដល់គោលដៅ នៅម៉ោង៥៖៤០នាទីព្រឹក មុនកម្មវិធីចាប់ផ្ដើម។ លោក Alexandre Debanne ដែលជាអ្នកផ្ដួចផ្ដើមកម្មវិធី Raid Amazoneនេះ កំពុងឈរត្រួតពិនិត្យមើលទីតាំងកម្មវិធី។ ក្រុមការងារសារព័ត៌មានថ្មីៗ ក៏បានជជែកជាមួយលោក Alexandre ពីការចុះផ្ដិតយករូបភាព និងវីដេអូពីសកម្មភាពអត្តពលិកទាំងនេះ។ ក្រោយពិភាក្សាគ្នាហើយ លោក Alexandre ក៏បានរៀបចំទូកទេសចរណ៍មួយ សម្រាប់ឱ្យអ្នកសារព័ត៌មានថ្មីៗ ២រូប ជិះធ្វើដំណើរផ្ដិតយកទិដ្ឋភាពទាំងស្រុង។ លោក គី ចំណា និងលោក ជា យូគៀង ជាអ្នកទទួលភារកិច្ចផ្តិតយកទិដ្ឋភាពលើទឹកនេះ ខណៈសហការីព័ត៌មានថ្មីៗ ៤រូបទៀត ប្រមូលព័ត៌មានលើគោក។ 
 


ពេលវេលាចាប់ផ្ដើមកម្មវិធី នាម៉ោង៦ព្រឹក ពិតជាទៀងទាត់មែន អត្តពលិកនារីទាំង២៧៦នាក់ បានរត់ប្រសាចគ្នា ចេញពីវត្តកំពង់ឃ្លាំង ឆ្ពោះទៅកាន់ច្រាំងព្រែកឃ្លាំង ហើយអូសទាញទូកកានូចុះទឹកយ៉ាងប្រញាប់ប្រញាល់ ដើម្បីប្រើសមត្ថភាពខ្លួនចែវទូក ទៅដល់គោលដៅ ដែលមានចម្ងាយ១៥គីឡូម៉ែត្រ ពីច្រាំង។ សម្រាប់ទូកកានូមួយគ្រឿង អាចឱ្យបេក្ខនារី២ទៅ៣នាក់ ជិះរួមសាមគ្គីគ្នា ចែវទៅគោលដៅ ដែលស្ថិតនៅលើដៃបឹងទន្លេសាប ស្ថិតនៅភូមិចុងប្រឡាយ ឃុំកំពង់ឃ្លាំង។ បេក្ខនារីខ្លះ មានសមត្ថភាពចែវទូកបានយ៉ាងល្អ ទៅមុខយ៉ាងលឿន ខណៈខ្លះទៀតចែវទូកវិលក្បុងពេញទឹក ទម្រាំយល់ដឹងពីបច្ចេកទេសចែវទៅមុខបាន។ 
 
ទិដ្ឋភាពផ្ទះបណ្ដែតទឹក សាលារៀនបណ្ដែតទឹក របរលក់ដូរបន្តិចបន្តួចលើទូក ការនេសាទត្រី និងរបរធ្វើត្រីឆ្អើលក់ ជារូបភាពថ្មីមួយទៀត ដែលក្រុមបេក្ខនារីស្បែកស បានស្វែងយល់ពីជីវភាពរស់នៅប្រជាពលរដ្ឋ នៅឃុំកំពង់ឃ្លាំង។ កុមារតូចៗ ដែលសិក្សាក្នុងសាលារៀនបណ្ដែតទឹក បានចេញមកស្វាគមន៍ និងទះដៃអបអរសាទរ លើកទឹកចិត្តដល់កីឡាការិនីអឺរ៉ុប ដែលកំពុងនឿយហត់ក្នុងការបំពេញបេសកកម្មលើផ្ទៃទឹក ។ ចម្ងាយ៣០គីឡូម៉ែត្រ ទាំងទៅនិងមកនេះ ក្រុមកីឡាការិនី បានប្រើពេលវេលា៤ម៉ោង ទើបអាចបញ្ចប់ភារកិច្ចមួយនេះ។ 

 
«Bravo» ដែលមានន័យជាភាសាខ្មែរ «ជោគជ័យ» ហើយ! ជាពាក្យដែលក្រុមការងាររៀបចំកម្មវិធី Raid Amazones បានស្រែកលើកទឹកចិត្ត និងអបអរទៅដល់ក្រុមបេក្ខនារី ដែលបានចែវទូកកានូមកដល់ច្រាំងព្រែកឃ្លាំងវិញ ជាបន្តបន្ទាប់ នាម៉ោង៩ព្រឹក។

ក្រុមនារី ដែលបានមកដល់គោលដៅបានបង្ហាញអារម្មណ៍សប្បាយចិត្ត ជាមួយការស្រែកច្រៀង និងរាំតាមចង្វាក់ភ្លេង ដែលបន្លឺឡើង នៅក្នុងកម្មវិធី។ ចំណែកក្រុមអត្តពលិកផ្សេងទៀត បានឈរឱបគ្នាបង្ហូរទឹកភ្នែក ពេលមកដល់ទីផ្ដាច់ព្រ័ត្រ។ ការបង្ហូរទឹកភ្នែកនេះ មិនមែនដោយសារតែពួកគេ ខឹងនឹងអ្នករៀបចំកម្មវិធីនោះទេ។ ប៉ុន្តែជាការស្រក់ទឹកភ្នែក ដើម្បីអបអរខ្លួនឯង ដែលអាចសម្រេចបានជោគជ័យ ក្នុងបេសកកម្មដ៏លំបាកនេះ ។  

 
ពិតហើយ ប្រភេទវិញ្ញាសាកីឡា ដែលក្រុមការងារ Raid Amazones រៀបចំឡើងនេះ វាពិតជាពិបាកណាស់សម្រាប់បេក្ខនារីទាំងចាស់ ទាំងក្មេង ជិត៣០០នាក់នេះ។ ប៉ុន្តែវាមិនមែនជាការដាក់ទណ្ឌកម្មកម្លាំងកាយនោះទេ។ តាមពិតទៅគោលបំណងរបស់កម្មវិធី Raid Amazones នេះ គឺចង់បង្ហាញ និងលើកកម្ពស់សមត្ថភាពស្ត្រីថា ពួកគេក៏អាចធ្វើអ្វីបានគ្រប់យ៉ាងដូចបុរសដែរ។ បេក្ខនារីចូលរួមទាំងនោះ ពិតជាយល់ពីគោលបំណងពិតរបស់កម្មវិធីពិភពលោកមួយនេះ។
 




«កីឡាខួរក្បាល»!
 
ក្រៅពីការរត់ចម្ងាយ១៥គីឡូម៉ែត្រ, ចែវទូកកានូចម្ងាយ១៥គីឡូម៉ែត្រ , រត់ផង ជិះកង់ផង ចម្ងាយ២១គីឡូម៉ែត្រ និងជិះកង់ភ្នំចម្ងាយ៣៨គីឡូម៉ែត្រនេះ Raid Amazones ក៏បានដាក់វិញ្ញាសាកីឡាខួរក្បាល សម្រាប់ឱ្យបេក្ខនារីទាំងអស់ បំពេញផងដែរ។ 
 
កំណប់អាថ៌កំបាំង គឺជាវិញ្ញាសាដ៏ពិបាកមួយទៀត សម្រាប់បេក្ខនារីអឺរ៉ុប ដែលភាគច្រើនជាជនជាតិបារាំង ។ ដ្បិតវិញ្ញាសានេះ មានការលំបាក ប៉ុន្តែវាក៏ផ្ដល់ចំណេះដឹងបន្ថែមទៀត ដល់អត្តពលិក ឱ្យយល់ច្បាស់ពីអរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងអច្ឆរិយអង្គរ។

 

ក្រុមការងារ Raid Amazones តម្រូវឱ្យបេក្ខនារីទាំងអស់ ស្វែងរកចម្លើយឱ្យបានត្រឹមត្រូវ តាមរយៈរូបភាពចម្លាក់អប្សរា រូបបដិមា ដំបូលប្រាសាទ ផ្ដែរប្រាសាទ រូបព្រះពុទ្ធប្រក់នាគ ទីសក្ការបូជា និងដើមឈើ រួមទាំងសំនួរពាក់ព័ន្ធប្រាសាទ និងបុព្វបុរសខ្មែរជាដើម។ ពាក្យ«វរ្ម័ន» ជាពាក្យមកពី សំស្ក្រឹត មានន័យថា ក្រោះ, អាវក្រោះ ឬអាវការពារនោះ ក៏ស្ថិតនៅក្នុងចំណោមសំនួរផ្សេងទៀត ដែលតម្រូវឱ្យក្រុមបេក្ខនារី ពន្យល់ពីអត្ថន័យពាក្យនេះផងដែរ។ 
 
ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងតំបន់អង្គរធំ ដែលមានប្រាសាទបាយ័ន ប្រាសាទទេពប្រណម ប្រាសាទព្រះបាលិល័យ ប្រាសាទបាភួន ប្រាសាទព្រះពិធូរ ប្រាសាទឃ្លាំង ប្រាសាទសួរព្រ័ត្រ និងរាជវាំង ជាទីតាំងសម្រាប់បេក្ខនារី Raid Amazones ត្រូវនាំគ្នារុករកអាថ៌កំបាំង នៃការប្រកួតប្រជែងសមត្ថភាពគ្នា នាថ្ងៃទី១៨ មីនា។


 
ចេញពីក្លោងទ្វាមួយ ចូលក្លោងទ្វាមួយ , ពីប្រាសាទមួយ ទៅប្រាសាទមួយ ក្រុមស្ត្រីពាក់អាវព័ណ៌ក្រហមទាំងនោះ ឆ្លេឆ្លាចុះឡើង ដោយភ្នែករំពៃសម្លឹងមើលរូបចម្លាក់តាមជញ្ជាំង ដើម្បីពិនិត្យផ្ទៀងផ្ទាត់គ្នា ជាមួយរូបភាពលើក្រដាសសមួយសន្លឹក ដែលកាន់ជាប់នឹងដៃ។ ស្ត្រីស្បែកស ទាំងនេះ ពិតជាពិបាកយល់ណាស់ ចំពោះសំនួរ និងស្វែងយល់ចម្លើយ។
 
បើសួរស្ត្រីស្បែកសទាំងនេះថា នឿយហត់ទេ? ពិតណាស់ គឺពួកគេឆ្លើយថា ហត់! ពិបាកទេ ? ពិតណាស់ គឺពិបាក! ប៉ុន្តែបើសួរថា ខកចិត្តទេ? ពួកគេប្រាកដជាឆ្លើយថា មិនខកចិត្តនោះទេ ព្រោះកម្មវិធី Raid Amazones មួយនេះ បាននាំពួកគេឱ្យស្គាល់ពីប្រពៃណីវប្បធម៌កម្ពុជា លើសពីសកម្មភាពកីឡា តាមរយៈវិញ្ញាសាស្វែងរកកំណប់អាថ៌កំបាំងលើទឹកដីអង្គរនេះ។ ក្រៅពីស្វែងរកចម្លើយ កីឡាការិនី បានថតរូបភាពខ្លួនឯង (Selfie) និងក្រុម ភ្ជាប់ជាមួយទីប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន ប្រាសាទបាភួន និងប្រាសាទគោលដៅផ្សេងៗទៀត។ 
 


ជាពលរដ្ឋខ្មែរម្នាក់ ដែលបានចូលរួមកម្មវិធី Raid Amazones នេះ កញ្ញា ទា កល្យាណ សកម្មយ៉ាងខ្លាំង ក្នុងការស្វែងរកកំណប់អាថ៌កំបាំង ជាមួយជនបរទេសផ្សេងទៀត ដែលជាមិត្តរួមក្រុម។ វិញ្ញាសានេះ វាពិតជាពិបាកសម្រាប់ កល្យាណ និងមិត្តរួមក្រុម។ ដ្បិតពិបាក ហើយនឿយហត់ក្តី ប៉ុន្តែ កល្យាណ នៅតែគិតថា សកម្មភាពនៃការប្រកួតប្រជែងគ្នានេះ ពិតជាផ្ដល់ចំណេះដឹង និងបទពិសោធន៍ជីវិតបន្ថែមដល់ខ្លួន។ បើតាមកល្យាណ មិត្តរួមក្រុមខ្លួន ជាជនជាតិបរទេសនោះ ក៏ពេញចិត្តចំពោះកម្មវិធីនេះដែរ។


 
«មិនត្រឹមតែជាល្បែងកម្សាន្តមួយទេ តែធ្វើឱ្យពួកគាត់ (មិត្តបរទេស) បានយល់ដឹងពីវប្បធម៌យើងថែមទៀត» ។ នេះបើតាមកល្យាណ ដែលបានបន្ថែមថា មិត្តបរទេសរួមក្រុមខ្លួន បានព្យាយាមស្រាវជ្រាវស្វែងយល់ពីរូបចម្លាក់ និងរូបសក្ការៈនានា តាមលក្ខខណ្ឌកម្មវិធី។ 
 
ពេលវេលាចេះតែរំកិលទៅមុខ ព្រះសូរសែងបញ្ចេញរស្មី ប្របពីលើប្រាសាទ នាកណ្ដាលថ្ងៃត្រង់ ដែលជាសញ្ញាបង្ហាញថា សកម្មភាពរុករកកំណប់អាថ៌កំបាំង តាមរូបចម្លាក់ លើជញ្ជាំងថ្មប្រាសាទនេះ ក៏ដល់ពេលកំណត់ហើយ។ គ្មានឡើយ សំឡេងស្រែកហ៊ោអបអរជោគជ័យ ក្នុងវិញ្ញាសាកំណប់អាថ៌កំបាំងនេះទេ ។ វាបង្ហាញន័យគ្រប់គ្រាន់ហើយថា ក្រុមបេក្ខនារីទាំងអស់ មិនអាចសម្រេចបានលទ្ធផលឡើយ ប៉ុន្តែពួកគេ នៅតែមានស្នាមញញឹម ចំពោះការប្រឹងប្រែងរបស់ខ្លួន។ ក្រុមអ្នករៀបចំកម្មវិធី ក៏បានឱ្យសញ្ញាបញ្ចប់ការប្រកួតប្រជែង នៅម៉ោងជិត១២ថ្ងៃត្រង់ ដែលតម្រូវឱ្យបេក្ខនារី ឡើងលើរថយន្ត ត្រឡប់ទៅកាន់កន្លែងស្នាក់នៅវិញ។
 


រសជាតិជីវិតលើទឹកដីអង្គរ!
 
មែនទែនទៅ កម្មវិធី Raid Amazones ធ្លាប់បានរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ នៅលើទឹកដីកម្ពុជា ជាពិសេសតំបន់សៀមរាប-អង្គរ ចំនួន៣លើករួចមកហើយ គឺក្នុងឆ្នាំ២០១៤, ឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ឆ្នាំ២០១៤ មានអ្នកចូលរួមច្រើនជាងគេបំផុត ក្នុងចំណោមព្រឹត្តិការណ៍ទាំង២៤លើកកន្លងមក ដោយមានបេក្ខនារីសរុបដល់ទៅ៣៤៥នាក់។
 
៦ថ្ងៃនៃព្រឹត្តិការណ៍លំដាប់ពិភពលោក Raid Amazones លើទឹកដីអង្គរ ជាលើកទី៤ ចាប់ពីថ្ងៃទី១៥ ដល់២០ មីនា ឆ្នាំ២០២៤នេះ ពោរពេញដោយក្តីរំភើបសប្បាយរីករាយ ,ហត់នឿយលាយឡំជាមួយទឹកភ្នែក ។ មិនត្រឹមតែជាការប្រកួតប្រជែងយ៉ាងលំបាកនោះទេ អត្តពលិកស្រ្តីទាំងនោះ ក៏ត្រូវចំណាយថវិកាផ្ទាល់ សម្រាប់ការចូលរួមកម្មវិធីនេះដែរ។


 
«អស់លុយហើយ មកជួបការលំបាកទៀត»។ ចុះហេតុអ្វីបានជាបេក្ខនារីអឺរ៉ុបទាំងនេះ សុខចំណាយថវិកា ដើម្បីចូលរួមកម្មវិធីលំដាប់ពិភពលោកមួយនេះ? ចម្លើយងាយទេ នោះក៏ព្រោះតែពួកគេចង់ទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មី ជាពិសេសរសជាតិជីវិត ពីតំបន់អឺរ៉ុប មកកាន់ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ។
 
បេក្ខនារីជនជាតិបារាំង២រូប គឺ Malanie និង Stephanie បានត្រៀមខ្លួនរយៈពេល២ឆ្នាំហើយ ដើម្បីចូលរួមការប្រកួតប្រជែងនៅក្នុងកម្មវិធី Raid Amazones ។ មុនចូលរួមកម្មវិធីលំដាប់ពិភពលោកនេះ បេក្ខនារីទាំងពីរ ក៏បានដឹងហើយថា ប្រភេទវិញ្ញាសាកីឡាក្នុងកម្មវិធីនេះ គឺមិនងាយស្រួល សម្រាប់អត្តពលិកឡើយ។ អង្គុយសម្រាកក្រោមដើមឈើ នារីសម្បុរសទាំងពីររូបនេះ បានរៀបរាប់ទៀតថា Raid Amazones ជាកម្មវិធីមួយ ផ្ដល់ទាំងភាពសប្បាយរីករាយ ការលំបាក និងការសាមគ្គីគ្នាក្នុងការបំពេញបេសកកម្មជាក្រុមជាដើម។



នៅពេលសួរថា តើមានហេតុផលអ្វី ដែលជំរុញឱ្យពួកគេ សម្រេចចិត្តចូលរួមកម្មវិធីពិភពលោកមួយនេះ? Stephanie ដែលព្យាយាមនិយាយភាសាអង់គ្លេស លាយឡំជាមួយភាសាបារាំងផងនោះ បានឆ្លើយតបវិញថា កម្មវិធីមួយនេះ ពិតជាមានភាពទាក់ទាញ និងអស្ចារ្យណាស់សម្រាប់ខ្លួន។ «ខ្ញុំបានត្រៀមខ្លួន២ឆ្នាំហើយ ប៉ុន្តែពេលនោះ ខ្ញុំមិនមានលុយគ្រប់គ្រាន់ ដូច្នេះខ្ញុំត្រូវការពេលដើម្បីសន្សំលុយ »។ នេះបើតាមអត្តពលិកស្ត្រីពីបារាំង ដែលបានសម្រេចបំណងចូលរួមក្នុងកម្មវិធី Raid Amazones លើទឹកដីអង្គរ។
 
 


សម្រាប់សកម្មភាពមួយសប្ដាហ៍នេះ Stephanie បានស្វែងយល់ពីជីវិតប្រជាពលរដ្ឋនៅតំបន់អង្គរ តាមរយៈការរត់ចម្ងាយ ការជិះកង់កាត់វាលស្រែចម្ការ , ការជិះទូកលើដៃបឹងទន្លេសាប , ការធ្វើម្ហូបអាហារខ្មែរ ជាពិសេសការចុះជួបកុមារតូចៗ និងចែកអំណោយដល់ពួកគេជាដើម។ បើតាម Stephanie ប្រជាពលរដ្ឋខ្មែរ ពិតជាមានភាពរួសរាយរាក់ទាក់ និងផ្ដល់ស្នាមញញឹមគ្រប់ទីកន្លែង ជាកម្លាំងចិត្តថែមទៀតដល់រូបនាង។


 
មូលហេតុដែលកម្មវិធីRaid Amazone ជ្រើសរើសទឹកដីអង្គរ ដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើង ដោយសារតែកម្ពុជា ជាប្រទេសស្ថិតនៅក្នុងតំបន់ត្រូពិក ដែលមានអាកាសធាតុក្តៅ ហើយសើម។ អាកាសធាតុបែបនេះ វាបានផ្ដល់រសជាតិជីវិតថ្មីមួយទៀត ដល់បេក្ខនារីអឺរ៉ុបទាំង២៧៦នាក់ ដែលធ្លាប់តែរស់នៅក្រោមអាកាសធាតុត្រជាក់ សម្បូរទៅដោយខ្យល់ត្រជាក់ និងព្រិលធ្លាក់។
 


ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ដែលតាមប្រមាញ់យកវីដេអូ និងរូបភាព Raid Amazone នេះ លោក Alexandre Debanne បានរៀបរាប់ថា ប្រជាជនអឺរ៉ុប ជាពិសេសបេក្ខនារីជាង២០០នាក់នេះ ពិតជាឆ្អែតឆ្អន់ នឹងអាកាសធាតុត្រជាក់នៅទឹកដីកំណើតរបស់ពួកគេ ដែលត្រូវការផ្លាស់ប្ដូរទិដ្ឋភាព និងបទពិសោធន៍ថ្មី។
 
«យើងស្រលាញ់ចូលចិត្តតំបន់អាស៊ី ដែលជាជ្រុងមួយនៃពិភពលោក។ វាជាទីតាំងសាកសមបំផុត ហើយក៏ជាកន្លែងដែលគួរឱ្យចង់ធ្វើដំណើរកម្សាន្ត »។ នេះបើតាមលោក Alexandre ដែលបានបន្ថែមថា វប្បធម៌ សាសនា និងធម្មជាតិលើទឹកដីអង្គរ ពិតជាមានភាពអស្ចារ្យ សម្រាប់បេក្ខនារី Raid Amazones ទទួលបានចំណេះដឹងថែមទៀត។
 


លើសពីសកម្មភាពកីឡានេះ អ្នកផ្ដួចផ្ដើមកម្មវិធី Raid Amazones រូបនេះ ក៏ចង់ឱ្យស្ត្រីអឺរ៉ុបទាំងនោះ ស្គាល់រសជាតិជីវិតថ្មី លើទឹកដីប្រទេសកំពុងអភិវឌ្ឍន៍មួយនេះដែរ។ បើតាមលោក Alexandre ស្ត្រីអឺរ៉ុប ភាគច្រើនតែងតែត្អូញត្អែរពីជីវិតប្រចាំថ្ងៃរបស់ពួកគេ ខណៈពួកគេ មានអ្វីៗគ្រប់យ៉ាងលើសពីស្ត្រី និងប្រជាពលរដ្ឋ រស់នៅក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍។
 
«យើងសម្រេចរៀបចំព្រឹត្តិការណ៍នៅទីនេះ គឺចង់ឱ្យពួកគេស្គាល់ពីជីវិតប្រចាំថ្ងៃនៅទីនេះ ព្រោះប្រជាជនអឺរ៉ុប គឺតែងតែត្អូញត្អែរគ្រប់យ៉ាង ខណៈពួកគេមានជីវិតប្រសើរហើយ»។ នេះបើតាមលោក Alexandre ដែលរំពឹងថា ក្រោយបេសកកម្ម Raid Amazones បញ្ចប់ អត្តពលិកស្រ្តី ដែលបានចូលរួមកម្មវិធីនេះ នឹងបានឃើញគ្រប់យ៉ាងលើទឹកដីអង្គរ ទាំងជីវភាព និងការរស់នៅប្រចាំថ្ងៃ ហើយពួកគេនឹងឈប់ត្អូញត្អែរពីជីវិតពួកគេទៀត នៅពេលត្រឡប់ទៅទឹកដីអឺរ៉ុបវិញ។

 

បើតាមលោក Alexandre កម្មវិធី Raid Amazones នឹងត្រឡប់មកកាន់ទឹកដីកម្ពុជា ជាលើកទី៥ នៅចុងឆ្នាំ២០២៤នេះ។ សម្រាប់អ្នករៀបចំកម្មវិធីពិភពលោកដ៏ល្បីល្បាញមួយនេះ ទឹកដីកម្ពុជា ពិតជាមានវប្បធម៌ អរិយធម៌ រឿងរ៉ាវប្រវត្តិសាស្រ្តដ៏សម្បូរបែប ជាពិសេសអាកាសធាតុអំណោយផល ក្នុងចំណោមប្រទេសស្ថិតក្នុងតំបន់ត្រូពិកដទៃទៀត សម្រាប់ការរៀបចំព្រឹត្តិការណ៍ Raid Amzones។




សូមបញ្ជាក់ថា ក្រៅពីសកម្មភាពកីឡា Raid Amazones ក៏បានតម្រូវឱ្យបេក្ខនារីអឺរ៉ុបទាំងនេះ ចុះសិក្សាស្វែងយល់ពីជីវិតរបស់ពលរដ្ឋអ្នកស្រុកអង្គរ ដូចជា ការច្រូតស្រូវ ,កិនស្រូវ ,បុកស្រូវ និងអុំអង្ករ យកអង្កាម, របៀបធ្វើនំបញ្ចុកបែបប្រពៃណីបុរាណ និងរៀនធ្វើម្ហូបអាហារខ្មែរ, ទស្សនាសហគមន៍ផ្កាឈូក ដែលកែច្នៃផលិតសម្ភារ និងគ្រឿងលម្អចេញពីផ្កាឈូក ក៏ដូចជាចែកអំណោយដល់សិស្សានុសិស្ស និងកុមារតូចៗ នៅតាមសាលារៀន និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម៕
 
 












Tag:
 Raid Amazones
© រក្សាសិទ្ធិដោយ thmeythmey.com