អន្តរជាតិ
ហុងកុងអនុម័តច្បាប់សន្តិសុខជាតិដែលកាន់តែរឹតបន្តឹងសំឡេងប្រឆាំងក្នុងទីក្រុង
20, Mar 2024 , 7:29 pm        
រូបភាព
លោក ចន លី ប្រមុខហុងកុង នៅថ្ងៃទី១៩ ខែមីនា។ រូបភាព AFP
លោក ចន លី ប្រមុខហុងកុង នៅថ្ងៃទី១៩ ខែមីនា។ រូបភាព AFP
សភាហុងកុង បានអនុម័តជាឯកច្ឆ័ន្ទសម្រាប់ច្បាប់សន្តិសុខជាតិ នៅថ្ងៃទី១៩ ខែមីនា ដោយអាចដាក់ទណ្ឌកម្មលើជនល្មើសក្នុងពន្ធនាគាររហូតដល់មួយជីវិត។ ច្បាប់សន្តិសុខជាតិនេះ បានរឹតត្បិតលើបទល្មើសទាក់ទងនឹងក្បត់ជាតិ ការបះបោរ បទលួចព័ត៌មានសម្ងាត់របស់រដ្ឋ ចារកិច្ច និងការជ្រៀតជ្រែកពីខាងក្រៅ។
 
សមាជិកសភាទាំង៨៩នាក់ដែលមានវត្តមានរួមទាំងប្រធានសភា បានបោះឆ្នោតអនុម័ត សេចក្តីព្រាងច្បាប់សន្ដិសុខថ្មី។ សភាដែលធ្លាប់មានការគាំទ្រប្រជាធិបតេយ្យខ្លាំងត្រូវ បានផ្លាស់ប្តូរឡើងវិញនៅឆ្នាំ២០២១ ដើម្បីធានាថាមានតែអ្នកស្នេហាជាតិរបស់ចិនប៉ុណ្ណោះ ដែលអាចឈរឈ្មោះជាសាធារណៈបាន។
 
«ថ្ងៃនេះជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់ហុងកុង»។ ប្រមុខក្រុងហុងកុង លោក ចន លី បាននិយាយបន្ទាប់ពីការបោះឆ្នោតដោយសភា ហើយបន្ថែមថាច្បាប់មួយនេះនឹងចូលជាធរមាននៅ ថ្ងៃទី២៣ ខែមីនា។ សេចក្តីព្រាងច្បាប់សន្តិសុខជាតិ ត្រូវបានស្នើកាលពីថ្ងៃទី៨​ ខែមីនា។
 
លោក លី បានសង្កត់ធ្ងន់ថា ច្បាប់ដែលស្គាល់ថាជាមាត្រា២៣នៃច្បាប់មូលដ្ឋាន នឹងអនុញ្ញាតឱ្យហុងកុងទប់ស្កាត់ ហាមឃាត់ និងដាក់ទណ្ឌកម្មប្រកបដោយប្រសិទ្ធភាពលើសកម្មភាពពាក់ព័ន្ធនឹងក្បត់ជាតិ ការបះបោរ បទលួចព័ត៌មានសម្ងាត់របស់រដ្ឋ ចារកិច្ច និងការជ្រៀតជ្រែកពីខាងក្រៅ។
 
កន្លងមក លោកលី ធ្លាប់មានប្រសាសន៍ថា ច្បាប់ខាងលើ គឺចាំបាច់ដើម្បី បិទគម្លាតផ្នែកនីតិបញ្ញត្តិដែលបន្សល់ទុកដោយច្បាប់របស់ទីក្រុងប៉េកាំង។
 
ទោសជាប់ពន្ធនាគារអស់មួយជីវិត នឹងត្រូវបានដាក់លើបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ អំពើក្បត់ជាតិ និងការបះបោរ។ សម្រាប់ចារកម្ម និងការបំផ្លិចបំផ្លាញ នឹងប្រឈមមុខនឹងការជាប់ទោស២០ឆ្នាំ និង ១៤ ឆ្នាំសម្រាប់ការពាក់ព័ន្ធនឹងការជ្រៀតជ្រែកពីខាងក្រៅ។ បទល្មើស នៃការបះបោររួមបញ្ចូលការញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងការដឹកនាំកុម្មុយនីស្តចិននឹងទទួលទោសធ្ងន់ធ្ងរដាក់ពន្ធនាគាររហូតដល់១០ ឆ្នាំ។
 
អ្នករិះគន់រួមទាំងរដ្ឋាភិបាលអាម៉េរិកបានសម្គាល់ថា ច្បាប់នេះនឹងរឹតត្បិតសេរីភាពបន្ថែមទៀត ហើយអាចត្រូវបានប្រើប្រាស់ដើម្បីលុបបំបាត់ការមិនពេញចិត្តតាមរយៈការបំភ័យនៃការចាប់ខ្លួន និងការឃុំខ្លួន។ សហភាពអឺរ៉ុបក៏ធ្លាប់បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបទប្បញ្ញត្តិដ៏ទូលំទូលាយនៅក្នុងច្បាប់ស្តីពីការជ្រៀតជ្រែកពីខាងក្រៅ និងការឈានទៅដល់ផ្នែកផ្សេងៗទៀតផងដែរ៕

Tag:
 ហុងកុង
  ចិន
  ច្បាប់សន្តិសុខជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com