កីឡាអន្តរជាតិ
អន្តរជាតិ
ស្ត្រីខ្មែរ៤រូប រួមចំណែកពន្យល់ ផ្សព្វផ្សាយពីវប្បធម៌ ប្រវត្តិសាស្ត្រអង្គរទៅបេក្ខនារីអឺរ៉ុប Raid Amazones
20, Mar 2024 , 3:41 pm        
រូបភាព
សៀមរាប៖ ស្រ្តីខ្មែរ ៤រូប បានចូលរួមចំណែកយ៉ាងធំ ក្នុងការជួយពន្យល់ និងផ្សព្វផ្សាយ អំពីវប្បធម៍ ប្រវត្តិសាស្ត្រទឹកដីអង្គរ ទៅកាន់បេក្ខនារីអឺរ៉ុបរបស់កម្មវិធីកីឡាលំដាប់ពិភពលោក Raid Amazones អំឡុងការប្រកួតរយៈពេល ៦ថ្ងៃ នាតំបន់អង្គរ។


Raid Amazones ឈានដល់ថ្ងៃចុងក្រោយនៃការប្រកួតប្រជែង នាថ្ងៃទី២០ ខែមីនា នាទឹកដីអង្គរ។ កីឡាការិនីចំនួន ២៧៦នាក់ បានរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ១០គីឡូម៉ែត្រ បិទបញ្ចប់បេសកកម្មដ៏អស្ចារ្យ លាយឡំដោយក្តីរំភើប រីករាយ ស្រក់ទឹកភ្នែក រួមទាំងចំណេះដឹងផ្នែកវប្បធម៍ដ៏មហាសាល។
 
កីឡាការិនីខ្មែរ ៤រូប រួមមានអ្នកនាង កល្យាណ, ម៉ារីណា, សិន្ធារី និងកល្យាណី ចំណោមបេក្ខនារីទាំង ២៧៦ បានចូលរួមចំណែកដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយ និងពន្យល់អំពីវប្បធម៍ ប្រវត្តិសាស្ត្រ ជីវភាពរស់របស់ពលរដ្ឋ ទេសភាពតំបន់អង្គរ ទៅកាន់បេក្ខនារីអឹរ៉ុប ភាគច្រើនជនជាតិដែលតែងតែមានចម្ងល់ ហើយសួរសំដៅទៅកីឡាការីនីទាំងបួនរូប។
  


គួរបញ្ជាក់ថា កីឡាការិនីទាំង ៤រូប ធ្វើបានសម្រេចបេសកកម្មរយៈពេល ៦ថ្ងៃ រត់ចម្ងាយ ១៥គីឡូម៉ែត្រ, ចែវទូកកានូ, ជិះកង់ និងរត់, ស្វែងរកកំណប់, ជិះកង់ភ្នំ និងរត់ចម្ងាយ ១០គីឡូម៉ែត្រ បិទបញ្ចប់នាថ្ងៃទី២០ ខែមីនា របស់កីឡាបែបទេសចរណ៍ ដកស្រង់សមត្ថភាព ស្វែងយល់ពីវប្បធម៍ Raid Amazones។ 
 
ដោយឡែកកីឡាការិនីបារាំង​ Marie, Isabelle, Armelle, Maryline បានសរសើរយ៉ាងខ្លាំងពីភាពស្រស់ស្អាតទេសភាពតំបន់អង្គរ របស់ប្រទេសកម្ពុជា ថែមទៀត។
 
កីឡាការិនីអឺរ៉ុប ភាគច្រើនជនជាតិបារាំង កោតសរសើរសម្រស់ដ៏អស្ចារ្យនៃទេសភាពក្នុងទឹកដីតំបន់អង្គរ ប្រទេសកម្ពុជា ប្រៀបបានបង្កើតឡើងដោយវេទមន្តអ្វីមួយ ធ្វើឱ្យពួកគេរំភើបទប់ចិត្តមិនរួច។ 
  


ស្នាមញញឺមប្រជាជនខ្មែរ បានក្លាយជាភាពទាក់ទាញខ្លាំងបំផុតមួយ ទន្ទឹមនឹងទេសភាពភូមិអ្នកស្រុក វាលស្រែចម្ការ គោក្របី ក្មេងចាស់ប្រុសស្រី លើកដៃបក់ទៅមកស្វាគមន៍ គួបផ្សំនឹងការស្រែហ៊ោលើកទឹកចិត្ត ដល់កីឡាការិនី Raid Amazones ទាំង ២៧៦រូប អំឡុងពេលបំពេញបសសកម្ម ធ្វើតេស្តលើសមត្ថភាព សិក្សាពីជីវភាព ស្វែងយល់ពីចំណេះដឹងនានា ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក។
 
ពាក្យ​ថាប្រៀបបានទៅនឹងវេទមន្ត (Magic) ភាពស្រស់ស្អាត រួសរាយរាក់ទាក់ និងប្រាង្គប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា តែងត្រូវបានលេចឮចេញពីមាត់របស់កីឡាការិនី Raid Amazones ទាំងអស់រូបនេះ៕





Tag:
 Raid Amazones
© រក្សាសិទ្ធិដោយ thmeythmey.com