ជាតិ
សេដ្ឋកិច្ច
ទេសាភិបាល​ធនាគារជាតិ​ លើកទឹក​ចិត្ត​វិស័យឯកជនឱ្យ​​ផ្តល់​បៀវត្សរ៍បុគ្គលិកជា «ប្រាក់រៀល»
20, Mar 2024 , 6:59 pm        
រូបភាព
លោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា ជា សិរី ។ រូបថត៖ NBC
លោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា ជា សិរី ។ រូបថត៖ NBC
ម្ចាស់ក្រុមហ៊ុន-សហគ្រាស គួរបង្កើនការ​បើកប្រាក់ខែដល់បុគ្គលិកជា «ប្រាក់រៀល»​។ នេះជាសារលើកចិត្តរបស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយជឿជាក់ថា​ ការប្រើប្រាស់ប្រាក់រៀល​កាន់តែច្រើន​ក្នុងសេដ្ឋកិច្ច គឺជួយពង្រឹងអធិបតេយ្យភាពជាតិ និងកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ដោយនិរន្តរភាព។
 
ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរដ្ឋាភិបាល ជាពិសេសធនាគារជាតិ ដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់ តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀល និងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។ ការណ៍នេះ បានធ្វើទំហំការចរាចរប្រាក់រៀលបានកើនជាលំដាប់ នារយៈពេល២០ឆ្នាំចុងក្រោយនេះ។
 
លោកស្រី ជា សិរី បានបញ្ជាក់ក្នុងសិក្ខាសាលាខួប​លើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ «ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» នាថ្ងៃទី២០មីនា ថា ៖ «ជាមធ្យមការចរាចរប្រាក់រៀលក្នុងចរន្តសេដ្ឋកិច្ចមានកំណើន ១៥ភាគរយក្នុងមួយឆ្នាំ នាអំឡុង២ទសវត្សរ៍ចុងក្រោយ ខណៈឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា៣៥ភាគរយ និង ៣០ភាគរយ រៀងគ្នា ផងដែរ»។
 
ទោះយ៉ាងណា កិច្ចការដែលបានធ្វើកន្លងមកនេះ នៅតែមិនទាន់អាចកាត់បន្ថយនូវកម្រិតដុល្លារូបនីយកម្មនៅកម្ពុជាបានឡើយ ដោយបច្ចុប្បន្នទំហំនៃការចរាចរប្រាក់ដុល្លារមានអត្រារហូតដល់ប្រមាណ៨០ភាគរយ ក្នុងចរន្តសេដ្ឋកិច្ចជាតិ។ ត្រង់ចំណុចនេះ លោកស្រី ជា សិរី បានលើកឡើងថា ការស្តារទំនុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់ប្រាក់រៀលឡើងវិញ គឺជាការលំបាកដែលទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មពីក្រសួង-ស្ថាប័នសាធារណៈ ក្រុមហ៊ុន-សហគ្រាស ប្រជាពលគ្រប់ភាគីទាំងអស់។ 
 
ការពង្រឹង​ការប្រើប្រាស់ប្រាក់រៀល  គឺអាចរួមចំណែកជួយការពារ ក៏ដូចជាស្តារសេដ្ឋកិច្ចពីវិបត្តិ ដោយហេតុថា ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ នឹងជួយឱ្យកម្ពុជាមានអធិបតេយ្យនិងឯករាជ្យក្នុងការអនុវត្តនយោបាយ ម៉ាក្រូសេដ្ឋកិច្ច។ ជាពិសេសនយោបាយរូបិយវត្ថុ ដែលអាចជួយដល់ការជំរុញការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុកតាមរយៈការជួយបន្ថយ ឬបង្កើនអត្រាការប្រាក់នៅលើទីផ្សារ និងការបញ្ចេញសន្ទនីយភាពទៅក្នុងសេដ្ឋកិច្ច។ ក៏ប៉ុន្តែលោកស្រី ជា សិរី  បានបញ្ជាក់ថា ៖ « ការអនុវត្តធ្វើដូច្នេះបានទាល់តែធនាគារកណ្តាល អាចគ្រប់គ្រងការប្រើប្រាស់នយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព គឺនៅពេល រូបិយវត្ថុជាតិត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ»។
 
ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនេះ  អាជ្ញាធររូបិយវត្ថុជាតិបានខិតខំ សម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និង ចំណាយតិច។ 
 
បើតាមលោកស្រីទេសាភិបាលធនាគារជាតិ ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់។ ពោលក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជា«ប្រាក់រៀល»តាមប្រព័ន្ធអេឡិចត្រូនិក បានកើនរហូតដល់៤៤ភាគរយធៀបនឹងឆ្នាំ២០២២។ អត្រានេះ គឺខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាម៉េរិក ដែលមានកំណើនត្រឹម៣,១ភាគរយប៉ុណ្ណោះ។
 
លើសពីនេះ ធនាគារជាតិក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដើម្បីឱ្យពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធឌីជីថល(QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ ការតភ្ជាប់នេះក៏បានអនុញ្ញាតឱ្យទេសចរ បរទេសអាចទូទាត់តាមរយៈ QR code នៅតាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់នេះជាប្រាក់រៀល។ បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន។​ ធនាគារជាតិធ្វើបែបនេះ ក្នុងគោលដៅបង្កើនភាពងាយស្រួលដល់ពលរដ្ឋក្នុងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែសកម្មភាពនៅក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន។
 
ជាមួយគ្នានេះ ការសិក្សាស្រាវជ្រាវលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ប្រាក់ឈ្នួលនៅក្នុងវិស័យកាត់ដេរសម្លៀក បំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ របស់ធនាគារជាតិបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) បានបង្ហាញថា  បច្ចុប្បន្ន​កម្មករមានចំណូលជាប្រាក់ដុល្លារ។ ក៏ប៉ុន្តែការចំណាយប្រចាំថ្ងៃនិងផ្ញើប្រាក់ទៅកាន់គ្រួសាររបស់កម្មករ ភាគច្រើន គឺជាប្រាក់រៀល ដែលមានរហូតដល់ជាង៨០ភាគរយ។​ 
 
បញ្ហារវាងប្រាក់ខែជាលុយដុល្លារ និងការចំណាយជាលុយរៀលនេះ នាំឱ្យកម្មករមានការខាតបង់ពេលវេលា និង ប្រាក់កាសដោយសារការប្តូរប្រាក់។ ផ្អែកតាមការស្រាវជ្រាវនេះ កម្មករជាច្រើន បានយល់ស្របលើការបើកប្រាក់ឈ្នួលទាំងស្រុង ឬមានមួយផ្នែកជាប្រាក់រៀល ផងដែរ។ បើតាមលោកស្រី ជា សិរី​។ 
 
« ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស គួរបង្កើនការបើកប្រាក់ខែ ជាប្រាក់រៀល ហើយសូមគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ជម្រើសឱ្យអតិថិជន មានលទ្ធភាពប្រើប្រាស់ QR code ជាប្រាក់រៀល ដើម្បីសម្រួល ដល់ការទូទាត់ជាប្រាក់រៀលជាប្រចាំ»។ លោក ជា សិរី អះអាង​ថា ការប្រើប្រាស់ប្រាក់រៀល​កាន់តែច្រើន​ក្នុងសេដ្ឋកិច្ច នឹងជួយពង្រឹងអធិបតេយ្យភាពជាតិ រួមទាំងជួយកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ដោយនិរន្តរភាព។  
 
ហេតុដូច្នេះ សូមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង។ ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃ ទំនិញនិងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល៕

Tag:
 ប្រាក់រៀល
  ជា សិរី​
© រក្សាសិទ្ធិដោយ thmeythmey.com