ជាតិ
ការនាំចូលសាច់បង្កកតាមម៉ូតូ ឬឡានឈ្នួលនៅតែមាន ទោះវិធានការហាមឃាត់ចូលជាធរមាន
20, Mar 2024 , 7:59 pm        
រូបភាព
ភ្នំពេញ៖ វិធានការហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ចេញដោយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដំណើរការបាន៨ថ្ងៃហើយ ប៉ុន្តែ លំហូរសាច់បង្កកចូលមកកម្ពុជានៅតែបន្តកើតមានតាមរយៈម៉ូតូ ឬឡានឈ្នួល ចេញពីប្រទេសថៃ។ នេះជាការអះអាងរបស់ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។


លោក ស្រ៊ុន ពៅ បញ្ជាក់ថា ទោះបី វិធានការហាមឃាត់ការនាំចូលសាច់បង្កក ចូលជាធរមានហើយក្ដី ប៉ុន្តែ ជ្រូកក្នុងស្រុកនៅបន្តលក់មិនចេញ និងមានតម្លៃថោកដដែល។ ទន្ទឹមគ្នានេះ
លោក សង្កេតឃើញថា ការនាំចេញសាច់បង្កកទ្រង់ទ្រាយតូច នៅតែកើតមានជាហូរហែ ភាគច្រើនត្រូវបានគេលួចដឹកជញ្ជូនតាមឡានឈ្នួល ឡានក្រុង និងម៉ូតូ ចេញពីប្រទេសថៃ។
 
ប្រសិនបើ បណ្ដោយឱ្យមានការនាំចូលក្នុងទម្រង់បែបនេះច្រើនទៀត​ វានឹងបង្កផលប៉ះពាល់ធ្ងន់ដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក។ លោក ស្រ៊ុន ពៅ បានក្រើនរំលឹកថា ឱ្យមន្រ្តីច្រកព្រំដែនថៃពង្រឹងច្បាប់ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ សម្ដេច​ ហ៊ុន ម៉ាណែត។ 
 
លោក ប្រាប់ដូច្នេះថា៖«ការនាំចូលនៅតែមាន ប៉ុន្តែមិនមែនរាប់កុងតឺនដូចពីមុននោះទេ។ ឥឡូវ គេលួចដឹកតាមឡានក្រុង ឡានឈ្នួល​​ និងម៉ូតូ ចេញពីមកពីប្រទេសថៃ តាមច្រកព្រំដែន។ ប្រសិនបើ អាណិតកសិករ អាណិតប្រជាជន ខ្ញុំសូមឱ្យស្ថានប័ន ឬអាជ្ញាធរតាមព្រំដែន ជួយទប់ស្កាត់សាច់បង្កកដែលមកពីថៃឱ្យបាន។ នេះជារឿងសំខាន់»។ 
 
ការចរាចរណ៍សាច់បង្កក បានធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងទីផ្សារជ្រូកក្នុងស្រុកពី ២០ទៅ ៣០ភាគរយ ដែលនាំឱ្យកសិករជាច្រើនបោះបង់ការចិញ្ចឹម ដោយការបាក់ទឹកចិត្ត។ ចំពោះ ​សាច់បង្កកដែលខូចគុណភាព ឬគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បង្កផលប៉ះពាល់ផ្នែកសុខភាពពលរដ្ឋកម្ពុជាផងដែរ។ 
 
រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាករាល់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤។ 
ក្នុងការផ្អាកនេះ សម្ដេចនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យឈ្មួញដែលធ្លាប់ទទួលទិញសាច់បង្កកពីបរទេស ងាកមកទិញសាច់ក្នុងស្រុកទៅបង្កកវិញ ដើម្បីជួយសម្រាលបន្ទុកកសិករក្នុងវិស័យចិញ្ចឹមសត្វ។
 
ផលិតផលដែលត្រូវបានហាមឃាត់នេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក។ ចំណែក ពោះវៀន , ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ។
 
គិតត្រឹមថ្ងៃទី១២ ខែមីនា មកទល់ពេលនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ (ក.ប.ប.) ចាប់បានសាច់បង្កកចម្រុះ និងគ្រឿងក្នុងខូចគុណភាពជាង២តោន៕ 
 

Tag:
 ស្រ៊ុន ពៅ
  សាច់បង្កក
© រក្សាសិទ្ធិដោយ thmeythmey.com