RFI
អន្តរជាតិ
រដ្ឋអាជ្ញាវៀតណាម​ទាមទារ​ឲ្យ​កាត់ទោសប្រហារជីវិត​សេដ្ឋីនីអចលនទ្រព្យ ក្នុងសំណុំរឿងគៃបន្លំហិរញ្ញវត្ថុ
21, Mar 2024 , 8:59 am        
រូបភាព
រដ្ឋអាជ្ញាវៀតណាម បានទាមទារឲ្យតុលាការកាត់ទោសប្រហារជីវិត លោកស្រី ជឿង មីឡាន ម្ចាស់ក្រុមហ៊ុនវ៉ាន់ធីញហ្វាត់ ។ រូបថត AFP
រដ្ឋអាជ្ញាវៀតណាម បានទាមទារឲ្យតុលាការកាត់ទោសប្រហារជីវិត លោកស្រី ជឿង មីឡាន ម្ចាស់ក្រុមហ៊ុនវ៉ាន់ធីញហ្វាត់ ។ រូបថត AFP
ដោយ៖ ឈាង បុប្ផា/RFI ខេមរភាសា
 
មហាសេដ្ឋីនី​អចលនទ្រព្យ​វៀតណាម ដែល​ជាប់ចោទ​ប្រព្រឹត្ត​អំពើពុករលួយ​កំពុង​ប្រឈម​នឹង​ទោសប្រហារជីវិត។ នៅក្នុង​សវនាការ​ផ្តោត​ទៅលើ​សំណុំរឿង​គៃបន្លំ​ហិរញ្ញវត្ថុ​ដ៏ធំជាងគេ​នៅក្នុងប្រវត្តិសាស្រ្តវៀតណាម រដ្ឋអាជ្ញា​វៀតណាម កាលពីថ្ងៃ​អង្គារ​ទី ១៩​មីនា​បានទាមទារ​ឲ្យ​តុលាការ​កាត់ទោស​ប្រហារជីវិត លោកស្រី ជឿង មីឡាន ម្ចាស់​ក្រុមហ៊ុន​វ៉ាន់ធីញហ្វាត់ ក្នុងហេតុផល​ថា លោកស្រី ជាមេគំនិត ជាអ្នកបញ្ជា​ឲ្យធ្វើឯកសារ​បន្លំ​ខ្ចីប្រាក់ធនាគារ ក្នុងទំហំទឹកប្រាក់ ជាង១២​ពាន់លាន​ដុល្លារ។ នេះបើតាមការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​វៀតណាម Tuoi Tre។
 
នៅទីក្រុង​ហូជីមិញ សវនាការ​លើសំណុំរឿងគៃបន្លំហិរញ្ញវត្ថុ​ដ៏ធំជាងគេ​នៅ​វៀតណាម​បានចាប់ផ្តើម តាំង​ពីថ្ងៃ​ទី ៥​មីនា និង​គ្រោង​ដំណើរការ​រយៈពេល​២ខែ ដោយ​យោងទៅលើ​មនុស្សរងការចោទប្រកាន់​ ចំនួន ៧៨នាក់ និងឯកសារភស្តុតាង ពាក្យបណ្តឹង ទម្ងន់ ៦តោន។
 
ប៉ុន្តែ នៅក្នុង​សវនាការ​ដែលទើបចាប់ផ្តើម​បាន​២សប្តាហ៍ រដ្ឋអាជ្ញា​វៀតណាម កាលពីថ្ងៃ​អង្គារ​បាន​សំណូមពរ​ឲ្យ​គណៈវិនិច្ឆ័យ​ប្រជាជន​ដាក់ទោស​ធ្ងន់ គឺទោស​ប្រហារ​ជីវិត ​ដល់​លោកស្រី ជឿង មីឡាន ប្រធានក្រុមហ៊ុន វ៉ាន់ធីញហ្វាត់ នៅក្នុង​រឿងលួចបន្លំ​ហិរញ្ញវត្ថុ ដ៏មហាសាល ជាង ១២ពាន់លាន​ដុល្លារ។
 
យោងតាម​ការិយាល័យរដ្ឋអាជ្ញា ដែលដកស្រង់​ចុះផ្សាយ​ដោយ​កាសែត​ក្នុងស្រុក​វៀតណាម Tuoi Tre សេដ្ឋីនីអចលនទ្រព្យ ជឿង មីឡាន ជាមេខ្លោង​បញ្ជា​ឲ្យគេ​ធ្វើ​ឯកសារបន្លំខ្ចីប្រាក់​ធនាគារ​ដល់​ទៅជាង ១៣០០ឯកសារ ក្នុង​រយៈពេល​១០ឆ្នាំ ដើម្បី​ដកប្រាក់ ជាង ១២ពាន់លាន​ដុល្លារ ចេញ​ពី​ធនាគារ Saigon Commercial Bank ដែល​ក្រុមហ៊ុន​របស់​លោកស្រី​មាន​ភាគហ៊ុន​ដល់​ទៅ​៩០%។ សម្រាប់រដ្ឋអាជ្ញាវៀតណាម ជាមេគំនិតរៀបចំ​ឲ្យមានការគៃបន្លំហិរញ្ញវត្ថុ​ដ៏ធំសម្បើម ប៉ុន្តែ នៅក្នុង​អង្គសវនាការរហូតមក សេដ្ឋីនីអចលនទ្រព្យ ជឿង មីឡាន​មិន​ព្រម​ទទួល​ស្គាល់ឧក្រិដ្ឋកម្ម​របស់ខ្លួន នៅតែ​ចចេស​រឹងក្បាល និងបន្ត​ទម្លាក់កំហុស​ទៅលើបុគ្គលិក​ដែល​ធ្វើការក្រោមបង្គាប់របស់ខ្លួន។ ជឿង មីឡាន​គ្មានបង្ហាញ​ការសោកស្តាយ​ទាល់តែសោះ ខណៈពេល​អ្នកជាប់ចោទប្រកាន់ផ្សេងទៀត សារភាព​ទទួល​កំហុស។
 
តាមរដ្ឋអាជ្ញា ជឿង មីឡាន​បាន​បោកប្រាស់​លុយ​របស់​មនុស្ស​ជាង ៤ម៉ឺននាក់។ នគរបាលវៀតណាមវិញនិយាយថា ជនរងគ្រោះ​ដែលជា​អ្នកដាក់លុយ​នៅក្នុង​ធនាគារ Saigon Commercial Bank ​បាន​អះអាង​ថា ពួកគេ​មិនអាច​ដកប្រាក់​របស់ពួកគេ មិន​បាន​ទទួល​ការប្រាក់ ឬភាគរយ​ពីធនាគារនោះទេ គិតចាប់តាំង មហាសេដ្ឋីនី ជឿង មីឡាន​ត្រូវ​ចាប់ខ្លួន នៅ​ខែតុលា​កន្លងទៅ។
 
នៅក្នុងសំណុំរឿងនេះ រដ្ឋអាជ្ញា​ទាមទារ​ឲ្យ​គណៈវិនិច្ឆ័យ​កាត់ទោស​ប្រហារជីវិត​អតីតសេដ្ឋីនី ជឿង មីឡានក្នុង​បទចោទប្រកាន់​គៃបន្លំហិញ្ញវត្ថុ និង​ទោស​ជាប់ពន្ធនាគារ​រហូត​២០ឆ្នាំសម្រាប់​ការប្រព្រឹត្តអំពើពុករលួយសូកប៉ាន់មន្រ្តីរដ្ឋ និង​ការរំលោភច្បាប់ធនាគារ។
 
នៅ​វៀតណាម ទោសប្រហារជីវិត​តែងអនុវត្ត​សម្រាប់​ទោសឧក្រិដ្ឋកម្ម​ជួញដូរគ្រឿងញៀន ប៉ុន្តែ កម្រ​នឹង​មាន​សម្រាប់​ទោសឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច។ ការទាមទារ​​របស់​រដ្ឋអាជ្ញា​ឲ្យ​តុលាការ​កាត់ទោស​ប្រហារជីវិត សេដ្ឋីនី​អចលនទ្រព្យ​លើកនេះ​សបញ្ជាក់ថា រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម​មិន​យោគយល់ អត់ឱន​ឲ្យអ្នកជាប់ពាក់ព័ន្ធ​ឃុបឃិត រួមផ្សំគំនិត​ក្នុងសំណុំរឿង​ពុករលួយ។
 
នៅក្នុង​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ និង​បង្រ្កាប​ក្រុមហ៊ុន​ដែលធ្វើជំនួញបោកប្រាស់​អតិថិជន​វៀតណាមនេះ តុលាការ​នៅទីក្រុង​ហាណូយ​បាន​ចាប់បើក​សវនាការ​មួយទៀត ជំនុំជម្រះ​សេដ្ឋីអចលនទ្រព្យ​ម្នាក់ទៀត ដែល​បាន​បន្លំបោកប្រាស់យកលុយ​ពីម្ចាស់វិនិយោគ ក្នុងទំហំទឹកប្រាក់ ៣៥៥​ពាន់លាន​ដុល្លារ៕

© រក្សាសិទ្ធិដោយ thmeythmey.com