ក្រុមហ៊ុន Hengda Real Estate ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Evergrande ទើបតែត្រូវបានអាជ្ញាធរចិនពិន័យជាប្រាក់ចំនួន ៥៨០លានដុល្លារ ជុំវិញការបំប៉ោងប្រាក់ចំណូលជិត ៨០ពាន់លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំមុនពេលជាប់បំណុលវ័ណ្ឌក។
គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) នៅថ្ងៃទី១៨ ខែមីនា ទើបតែបានប្រកាសពិន័យជាប្រាក់ចំនួន ៤,១៧៥ពាន់លានយ័ន (៥៨០លានដុល្លារ) ចំពោះក្រុមហ៊ុន Hengda Real Estate សម្រាប់ការបំប៉ោងប្រាក់ចំណូលប្រហែល ២១៤ពាន់លានយ័ន (២៩,៧ពាន់លានដុល្លារ) ក្នុងឆ្នាំ២០១៩ និង ៣៥០ពាន់លានយ័ន (៤៨,៦ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២០ នៅលើរបាយការណ៍ប្រចាំឆ្នាំ។
តាមគណៈកម្មការនិយតកម្មមូលបត្រចិន ក្រុមហ៊ុន Hengda បានបំប៉ោងប្រាក់ចំណូល ដើម្បីទាក់ទាញវិនិយោគិនឱ្យទិញប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២០ និង ២០២១ ដែលមានតម្លៃ ២០,៨ពាន់លានយ័ន (២,៩ពាន់លានដុល្លារ) ដែលអាជ្ញាធរចាត់ទុកថាជាឧក្រិដ្ឋកម្មនៃការក្លែងបន្លំហិរញ្ញវត្ថុ។
ចំនួនទឹកប្រាក់បានកើនឡើងប្រមាណពាក់កណ្តាលនៃចំណូលសរុបរបស់ Hengda ក្នុងឆ្នាំ២០១៩ និង៧៩ភាគរយក្នុងឆ្នាំ ២០២០។ ទន្ទឹមនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុនក៏កើនហួសប្រមាណ ៦៣ភាគរយនិង ៨៧ភាគរយរៀងគ្នាក្នុងរយៈពេលពីរឆ្នាំនោះ។
គណៈកម្មការនិយតកម្មមូលបត្រ បានចោទប្រកាន់ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Evergrande លោក Hui Ka Yan ថាបានបញ្ជាបុគ្គលិកឱ្យបំផ្លើសទិន្នន័យអាជីវកម្មរបស់ Hengda ក្នុងអំឡុងពេលពីរឆ្នាំនោះ។ បើតាម CSRC ប្រធាន Evergrande ត្រូវទទួលខុសត្រូវចំពោះការយឺតយ៉ាវក្នុងការចេញផ្សាយរបាយការណ៍ប្រាក់ចំណូលរបស់ Hengda និងការមិនបង្ហាញពីបំណុលដែលនៅសេសសល់ ព្រមទាំងពាក្យបណ្តឹងទៅក្រុមហ៊ុននាពេលកន្លងមក។
បន្ថែមពីការពិន័យចំពោះក្រុមហ៊ុន Hengda លោក Hui Ka Yan ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៤៧លានយ័ន (៦,៥លានដុល្លារ) ពីបទក្លែងបន្លំព័ត៌មាន និងការរំលោភបំពានផ្សេងៗទៀត។ លោកក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងសកម្មភាពទីផ្សារមូលធនអស់មួយជីវិត។ អតីតនាយកប្រតិបត្តិ Evergande លោក Xia Haijun និង CFO Pan Darong និងនាយកផ្សេងទៀតក៏ត្រូវបានពិន័យដោយនិយតករចិន និងហាមឃាត់ពីទីផ្សារមូលធនដែរ។
ធ្លាប់ជាមហាសេដ្ឋីទីពីរនៅអាស៊ីដែលមានទ្រព្យសម្បត្តិមានតម្លៃ ៤២ពាន់លានដុល្លារនៅកម្រិតកំពូលក្នុងឆ្នាំ២០១៧ ទ្រព្យសម្បត្តិរបស់លោក Hui Ka Yan បានធ្លាក់ចុះប្រហែល ១ពាន់លានដុល្លារបន្ទាប់ពី Evergrande ជំពាក់បំណុលគេនៅឆ្នាំ២០២១។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ ហើយទីបំផុតត្រូវបានផ្អាកការជួញដូរ។ ក្រុមហ៊ុន Evergrande ទទួលបានដីការំលាយទ្រព្យសម្បត្តិពីតុលាការហុងកុងក្នុងខែមករា ដែលជាការដួលរលំដ៏ធំបំផុតនៅក្នុងវិបត្តិអចលនទ្រព្យរយៈពេលបីឆ្នាំនៅចិន៕