ជាតិ
សង្គមជាតិ
កម្ពុជា ដាក់ឱ្យដំណើរការសាកល្បង​«ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីន»
20, Mar 2024 , 8:59 pm        
រូបភាព
លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន។ រូបថត៖ ហ្វេសប៊ុក លី​ ធុជ
លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន។ រូបថត៖ ហ្វេសប៊ុក លី​ ធុជ
ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាននូវអនាគតមួយដែលគ្មានមីនសម្រាប់នៅកម្ពុជា អាជ្ញាធរមីន បនាប្រកាសដាក់ឱ្យដំណើរការសាកល្បងនូវ«ប្រព័ន្ធព័ត៌មានគ្រប់គ្រងសកម្មភាពមីននៅកម្ពុជា»។​ ការដាក់ឱ្យដំណើរការនូវប្រព័ន្ធនេះ គឺដើម្បីសម្របសម្រួល និងប្រសិទ្ធភាពនៃប្រតិបត្តិការសកម្មភាពមីននៅទូទាំងប្រទេស។
 
បើតាមលោក លី ធុជ​ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ គឺផ្តោតលើការគ្រប់គ្រងព័ត៌មានប្រតិបត្តិការទីវាល ដោយមានបំពាក់មុខងារថ្មីៗសម្រាប់ជួយគាំទ្រដល់ប្រព័ន្ធ IMSMA CORE ដែលកំពុងដំណើរការពេលបច្ចុប្បន្ន ក្នុងការគ្រប់គ្រងទិន្នន័យ និងប្រសិទ្ធភាពប្រតិបត្តិការ សម្រួលការបោសសម្អាតមីន ជំនួយជនរងគ្រោះ និងដំណើរការរំដោះផ្ទៃដី។ 
 
ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីន នាថ្ងៃទី២០មីនា លោកលី ធុជ បាននិយាយថា ៖ «ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា គឺជានិមិត្តរូបនៃបដិវត្តន៍បច្ចេកវិទ្យា ហើយវាមិនមែនគ្រាន់តែជាកម្មវិធីមួយ ឬឧបករណ៍មួយប៉ុណ្ណោះទេ។ តែវាជាសក្ខីភាពនៃបេសកកម្មរួមរបស់យើងក្នុងការធ្វើឱ្យកម្ពុជាគ្មានមីន ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសកម្មភាពមីន និងការរៀបចំផែនការយុទ្ធសាស្ត្រនានា»។
 
អាជ្ញាធរមីនរូបនេះ​បន្តរៀបរាប់ថា  មុនឈានឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការចូលរួមពីប្រទេសចំនួន ១៦៤ និងអង្គការ-ស្ថាប័នសំខាន់ៗជុំវិញពិភពលោក កម្ពុជាកំពុងនាំមុខគេក្នុងការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសកម្មភាពមីន។​  នេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តឥតងាករេ និងម៉ឺនម៉ាត់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេស ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទូទាំងពិភពលោក។ 
 
« ភាពជាអ្នកដឹកនាំរបស់កម្ពុជា បានបំផុសគំនិតគំរូថ្មី ដើម្បីបញ្ចូលភាពជឿនលឿនផ្នែកបច្ចេកវិទ្យានៅក្នុងសកម្មភាពមីន ជំរុញសហគមន៍ពិភពលោកឆ្ពោះទៅរកដំណោះស្រាយមនុស្សធម៌ ប្រកបដោយភាពច្នៃប្រឌិត ផ្តល់ព័ត៌មាន និងផលប៉ះពាល់បន្ថែមទៀត»។ នេះជាការលើកឡើងរបស់លោក លី ធុជ៕ 

Tag:
 មីន
© រក្សាសិទ្ធិដោយ thmeythmey.com