សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឡាវ គ្រោងដំឡើងពន្ធតម្លៃបន្ថែមជាថ្មីលើទំនិញដល់ ១០ភាគរយ
21, Mar 2024 , 9:59 am        
រូបភាព
មនុស្ស​ម្នា​មើលសម្លៀកបំពាក់ក្នុង​ពិព័រណ៍​អន្តរជាតិ Lancang-Mekong នៅ​ទីក្រុង​វៀងចន្ទន៍ កាលពីខែមិថុនា ឆ្នាំ២០២២ ។ រូបភាព​ ៖ Xinhua
មនុស្ស​ម្នា​មើលសម្លៀកបំពាក់ក្នុង​ពិព័រណ៍​អន្តរជាតិ Lancang-Mekong នៅ​ទីក្រុង​វៀងចន្ទន៍ កាលពីខែមិថុនា ឆ្នាំ២០២២ ។ រូបភាព​ ៖ Xinhua
នៅថ្ងៃទី១៩ ខែមីនា រដ្ឋាភិបាលឡាវបានប្រកាសពីផែនការដំឡើងអត្រាពន្ធលើតម្លៃបន្ថែម (VAT) ដល់ត្រឹម ១០ភាគរយ ដើម្បីគាំទ្រចំណូលថវិកា រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ក្រោយ ២ឆ្នាំនៃការអនុវត្តអត្រាពន្ធ៧ភាគរយ។
 
អត្រាពន្ធលើតម្លៃបន្ថែម ១០ភាគរយត្រូវបានអនុវត្តចំពោះទំនិញនាំចូល, ទំនិញ និងសេវាកម្មដែលផ្គត់ផ្គង់ក្នុងស្រុកដែលត្រូវបង់ពន្ធលើតម្លៃបន្ថែមរួមមាន រ៉ែនាំចូល និងអាជីវកម្មរ៉ែក្នុងស្រុក,ការផលិតអគ្គិសនី និងអ្នកផ្គត់ផ្គង់អគ្គិសនី។ 
 
យ៉ាងណាមិញ អត្រាពន្ធ ១០ភាគរយនេះ នឹងត្រូវចូលជាធរមានយ៉ាងយូរ១៥ថ្ងៃ ក្រោយការអនុម័តពីរដ្ឋសភាឡាវ។ នេះ​បើតាមសារព័ត៌មាន The Laotian Times។ 
 
ការស្ដារឡើងវិញនូវអាករលើតម្លៃបន្ថែមពី ៧ភាគរយទៅ១០ភាគរយ ជាវិធានការមួយរបស់រដ្ឋាភិបាលឡាវក្នុងការកែលម្អសមត្ថភាពប្រមូលថវិកា ដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសបានជួបប្រទះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
 
កន្លងមក ការអនុគ្រោះដល់ការដំឡើងអត្រាពន្ធលើតម្លៃបន្ថែមនៅឡាវមិនមានប្រសិទ្ធភាពក្នុងការជំរុញសេដ្ឋកិច្ចដូចការព្យាករទេ។ នេះបើតាមសារព័ត៌មានវៀតណាម VNA ដកស្រង់ចេញពីរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុឡាវ។ 
 
ជាងនេះទៅទៀត ចំនួនអាជីវកម្មដែលបានចុះបញ្ជីនៅក្រោមច្បាប់អាករលើតម្លៃបន្ថែមបច្ចុប្បន្នមានកម្រិតទាបជាងការរំពឹងទុក រដ្ឋាភិបាលត្រូវបង្កើនប្រាក់ចំណូល ដើម្បីកាត់បន្ថយឱនភាពថវិកា និងរក្សាស្ថិរភាពរូបិយប័ណ្ណក្នុងស្រុក។ 
 
បន្ថែមពីលើការដំឡើងអត្រាពន្ធលើតម្លៃបន្ថែម ក្រសួងហិរញ្ញវត្ថុឡាវក៏កំពុងពិចារណាលើវិធានការផ្សេងទៀត ដើម្បីកែលម្អប្រព័ន្ធពន្ធដារដូចជា ការពន្លឿនការបង្កើតយន្តការបង្វិលសងពន្ធ ដើម្បីជួយកាត់បន្ថយការបាត់បង់ផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលតាមរយៈការលើកលែងពន្ធចំពោះអាជីវកម្មក្នុងស្រុក។
 
គួររម្លឹកថា នៅក្នុងឆ្នាំ២០២២ ឡាវបានកាត់បន្ថយពន្ធលើតម្លៃបន្ថែមពី ១០ភាគរយ មកត្រឹម៧ភាគរយប៉ុណ្ណោះ ដើម្បីជំរុញសេដ្ឋកិច្ចក្រោយជំងឺឆ្លងកូវីដ-១៩៕ 

Tag:
 ឡាវ
  ពន្ធតម្លៃបន្ថែម
  VAT
© រក្សាសិទ្ធិដោយ thmeythmey.com