សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហ្វាំងឡង់បន្តជា​ប្រទេស​​មាន​សុភមង្គល​បំផុត​លើលោក ៧ឆ្នាំជាប់គ្នា
20, Mar 2024 , 5:39 pm        
រូបភាព
មនុស្ស​ម្នា​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុងហែលស៊ិនគី ប្រទេស​ហ្វាំងឡង់ ។ រូបភាព ៖  AFP
មនុស្ស​ម្នា​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុងហែលស៊ិនគី ប្រទេស​ហ្វាំងឡង់ ។ រូបភាព ៖ AFP
ហ្វាំងឡង់ ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោកសម្រាប់រយៈពេល ៧ឆ្នាំជាប់ៗគ្នា។ នេះបើតាមរបាយការណ៍សុភមង្គលពិភពលោកប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១១៩ ក្នុងចំណោម ១៤៣ប្រទេស។
 
របាយការណ៍សុភមង្គលពិភពលោកលើកទី១០ នៅថ្ងៃទី២០ ខែមីនា ដោយបណ្តាញដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN) បង្ហាញថា ប្រទេសដែលមានសុភមង្គលបំផុតទាំង១០ នៅលើពិភពលោករួមមាន ហ្វាំងឡង់ ដាណឺម៉ាក អ៊ីស្លង់ ស៊ុយអែត អ៊ីស្រាអែល ហូឡង់ ន័រវែស លុចសំបួ ស្វីស និងអូស្ត្រាលី។
 
នេះ​ជា​ឆ្នាំ​ទី​៧​ជាប់គ្នាដែល​ហ្វាំងឡង់​បាន​ឈរ​នៅ​កំពូល​តារាង។ លោកស្រី Jennifer De Paola អ្នកស្រាវជ្រាវសុភមង្គលនៅសាកលវិទ្យាល័យ Helsinki ប្រទេសហ្វាំងឡង់បាននិយាយថា ភាពស្និទ្ធស្នាលរបស់ប្រជាជននៅហ្វាំងឡង់ចំពោះធម្មជាតិ និងតុល្យភាពជីវិតការងារដែលមានផាសុខភាព ជាកត្តាសំខាន់ដែលជួយពួកគេឱ្យមានអារម្មណ៍ពេញចិត្ត។
 
សង្គមដែលសុខុមាលភាពល្អរបស់ហ្វាំងឡង់ ការជឿទុកចិត្តលើអាជ្ញាធររដ្ឋ អត្រាអំពើពុករលួយទាប ការថែទាំសុខភាពដោយឥតគិតថ្លៃ និងការអប់រំក៏ជាកត្តាសំខាន់ដែលធ្វើឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ១។ លោកស្រី De Paola បាននិយាយថា ៖« សង្គមហ្វាំងឡង់ គឺពោរពេញទៅដោយការជឿទុកចិត្ត សេរីភាព និងកម្រិតខ្ពស់នៃស្វ័យភាព»។ នេះបើតាមទីភ្នាក់សារព័ត៌មានបារាំង AFP។ 
 
អាហ្វហ្គានីស្ថាន ជាប្រទេសដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយមនុស្សធម៌ ជាប់ចំណាត់ថ្នាក់ចុងក្រោយក្នុងចំណោមប្រទេសចំនួន ១៤៣ នៅក្នុងរបាយការណ៍របស់ UN។
 
ចំណែកអាម៉េរិក និងអាល្លឺម៉ង់ បានធ្លាក់ចេញពីកំពូលតារាងនៃប្រទេសទាំង ២០មានសុភមង្គល ដោយឈរនៅលំដាប់ទី២៣ និងទី២៤។ នេះជាការធ្លាក់ចេញជាលើកដំបូង ក្នុងរយៈពេលជាង ១ទសវត្សរ៍ ដែលរបាយការណ៍សុភមង្គលត្រូវបានចាប់ផ្តើមឡើង។ 
 
បើតាមរបាយការណ៍ដដែល នៅក្នុងកំពូលទាំង១០ មានតែហូឡង់ និងអូស្ត្រាលីប៉ុណ្ណោះដែលមានប្រជាជនច្រើនជាង ១៥លាននាក់ ខណៈកំពូលទាំង២០ មានតែកាណាដា និងអង់គ្លេសដែលមានប្រជាជនច្រើនជាង ៣០លាននាក់។
 
អាហ្វហ្គានីស្ថាន លីបង់ និងហ្ស៊កដានី ជាប្រទេសដែលបានកត់ត្រាការធ្លាក់ចុះនៃសុភមង្គលបំផុតចាប់តាំងពីឆ្នាំ២០០៦-២០១០ ខណៈបណ្តាប្រទេសនៅអឺរ៉ុបខាងកើតដូចជាស៊ែប៊ី ប៊ុលហ្ការី និងឡេតូនី បានឃើញនូវកំណើនចំណាត់ថ្នាក់សុភមង្គលពិភពលោក។ 
 
កម្ពុជាឈរនៅលេខរៀងទី១១៩ ដែលស្ថិតបាតតារាងក្នុងចំណោមប្រទេសអាស៊ាន ខណៈមីយ៉ាន់ម៉ាដែលកំពុងមានជម្លោះផ្ទៃក្នុងស្ថិតនៅលំដាប់លេខ ១១៨។ ចំណែកសិង្ហបុរី ស្ថិតនៅលំដាប់ទី៣០ និងជាចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងអាស៊ាន។
 
ចំណាត់ថ្នាក់នេះរបស់បណ្តាញដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាពធ្វើឡើងដោយផ្អែកលើការស្ទង់មតិនៃកម្រិតសុភមង្គលរបស់មនុស្សរួមជាមួយនឹងព័ត៌មានមួយចំនួនដូចជា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ អាយុសង្ឃឹមរស់ សេរីភាពផ្ទាល់ខ្លួន ចិត្តសប្បុរស ការគាំទ្រសង្គម និងអំពើពុករលួយ។
 
របាយការណ៍ឆ្នាំនេះក៏បង្ហាញផងដែរថា ក្មេងៗជំនាន់ក្រោយមានសុភមង្គលជាងមនុស្សចាស់នៅក្នុងតំបន់ភាគច្រើននៃពិភពលោក លើកលែងតែអាម៉េរិកខាងជើង អូស្ត្រាលី និងនូវែលសេឡង់។ នៅក្នុងតំបន់ទាំងនេះ កម្រិតសុភមង្គលរបស់មនុស្សដែលមានអាយុក្រោម ៣០ឆ្នាំបានថយចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០០៦-២០១០។
 
ផ្ទុយទៅវិញ នៅអឺរ៉ុបកណ្តាល និងខាងកើត កម្រិតសុភមង្គលបានកើនឡើងយ៉ាងខ្លាំងនៅគ្រប់ក្រុមអាយុទាំងអស់ ក្នុងអំឡុងពេលដូចគ្នានេះ។ នៅអឺរ៉ុបខាងលិច មនុស្សគ្រប់វ័យមានកម្រិតនៃសុភមង្គលដូចគ្នា៕ 

Tag:
 ហ្វាំងឡង់
  កម្ពុជា
  សុភមង្គល
© រក្សាសិទ្ធិដោយ thmeythmey.com