អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឈ្នះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីជាផ្លូវការ លោក ប្រាបូវ៉ូ អំពាវនាវឱ្យប្រជាជនសាមគ្គីគ្នា
21, Mar 2024 , 11:46 am        
រូបភាព
លោក​ ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ ថ្លែងនៅរដ្ឋធានីហ្សាការតាណៅថ្ងៃទី២០ ខែមីនា ។ រូបភាព ៖ AFP
លោក​ ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ ថ្លែងនៅរដ្ឋធានីហ្សាការតាណៅថ្ងៃទី២០ ខែមីនា ។ រូបភាព ៖ AFP
គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ីនៅថ្ងៃទី២០ ខែមីនា បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិលោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ ឈ្នះការបោះប្រធានាធិបតីនៅត្រឹមជុំទីមួយតែម្ដង។ លោកត្រូវរំពឹងនឹងចូលកាន់តំណែងនៅខែតុលាបន្តពីលោក ចូកូ វីដូដូ។
 
រដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ និងបេក្ខជនអនុប្រធានាធិបតី Gibran Rakabuming Raka ទទួលបានសំឡេងឆ្នោតជាង៩៦លានសន្លឹក ស្មើនឹង ៥៨,៦ភាគរយនៃសន្លឹកឆ្នោតសរុប ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឈ្នះការបោះឆ្នោតនៅជុំទីមួយ។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី Hasyim Asy'ari បាននិយាយបែបនេះនៅថ្ងៃទី២០ ខែមីនា។ 
 
គូប្រជែងរបស់លោក ប្រាប៉ូវ៉ូ គឺលោក Anies Baswedan និងលោក Ganjar Pranowo ទទួលបាន ២៤,៩ភាគរយ និងច្រើនជាង ១៦ភាគរយនៃសំឡេងឆ្នោតសរុបរៀងគ្នា។ 
 
ថ្លែងនៅឯគេហដ្ឋានរបស់លោកក្នុងទីក្រុងហ្សាការតា លោក ប្រាប៉ូវ៉ូ អាយុ ៧២ឆ្នាំ បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោត និងអ្នកស្ម័គ្រចិត្ត ហើយបាននិយាយថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន។ លោក​ត្រូវបានរំពឹងថានឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី២០ ខែ​តុលា ដោយ​ដឹកនាំ​​ឥណ្ឌូណេស៊ី​សម្រាប់​អាណត្តិ​ ៥​ឆ្នាំ។
 
«យើងអំពាវនាវឱ្យប្រជាជនឥណ្ឌូណេស៊ីទាំងអស់សាមគ្គីគ្នាឆ្ពោះទៅមុខដោយការរួបរួម ពីព្រោះបញ្ហាប្រឈមរបស់យើងនៅតែមានទំហំធំធេង»។ លោក ប្រាប៉ូវ៉ូ ថ្លែងបែបនេះ ដោយបានប្តេជ្ញាថា នឹងលុបបំបាត់ភាពក្រីក្រ និងអយុត្តិធម៌នៅក្នុងសង្គម។ នេះបើតាមសារព័ត៌មាន Reuters។  
 
ប៉ុន្តែលោក Anies និង Ganjar ប្រកាស​ប្តឹង​ទៅ​តុលាការ​ធម្មនុញ្ញ​អំពី​ភាព​មិន​ប្រក្រតី និង​ការ​ក្លែង​បន្លំ​ក្នុង​ការ​បោះ​ឆ្នោតថ្ងៃទី១៤ ខែកុម្ភៈ។ ក្រុមអ្នកច្បាប់របស់លោក ប្រាប៉ូវ៉ូ ជឿថានឹងមិនផ្លាស់ប្តូរលទ្ធផលនោះទេ ពីព្រោះរដ្ឋមន្ត្រីការពារជាតិរូបនេះបានទទួលជ័យជម្នះយ៉ាងច្រើនក្រៃលែង។ 
 
លោក ប្រាប៉ូវ៉ូ កើត​ក្នុង​គ្រួសារ​ឥស្សរជន​មួយ​ដែល​ឪពុក​របស់​លោកធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រោម​ការ​ដឹក​នាំ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​លោក ស៊ូកាណូ។ យ៉ាងណាមិញ លោកត្រូវរស់នៅនិរទេសខ្លួនតាំងពីក្មេងដោយសារតែឪពុករបស់លោកដែលជាសេដ្ឋវិទូដ៏ល្បីម្នាក់របស់ឥណ្ឌូណេស៊ីត្រូវភៀសខ្លួនទៅក្រៅប្រទេសដោយសារតែការប្រឆាំងលោក ស៊ូកាណូ។
 
នៅឆ្នាំ ១៩៦៧ នៅពេលដែលឧត្តមសេនីយ៍ ស៊ូហាតូ ឡើងកាន់អំណាច គ្រួសាររបស់លោកបានត្រឡប់ទៅស្រុកវិញ។ លោក ប្រាបូវ៉ូ បានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ ១៩៧០ ដោយបម្រើការជាកងកម្លាំងពិសេស ហើយបន្ទាប់មកបានរៀបការជាមួយកូនស្រីរបស់ប្រធានាធិបតី ស៊ូហាតូ ក្នុងឆ្នាំ ១៩៨៣។ នេះត្រូវបានចាត់ទុកថាជាចំណុចចាប់ផ្តើមសម្រាប់អាជីពនយោបាយរបស់ ប្រាបូវ៉ូ។
 
បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល ស៊ូហាតូ ក្នុងឆ្នាំ ១៩៩៨ យោធាឥណ្ឌូណេស៊ីបានបណ្តេញលោក ប្រាបូវ៉ូ ។ លោក​បាន​លែង​លះ​ប្រពន្ធ ហើយ​បាន​ចាក​ចេញ​ពី ​ឥណ្ឌូណេស៊ីម្តង​ទៀតដោយ​រស់​នៅ​និរទេស​នៅហ្ស៊កដានី។ លោក ប្រាបូវ៉ូ បានត្រឡប់មកវិញហើយបានបង្កើតគណបក្សនយោបាយផ្ទាល់ខ្លួនក្នុងឆ្នាំ ២០០៨។ លោកធ្លាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ ២០១៤ និង ២០១៩ ប៉ុន្តែបានចាញ់ប្រធានាធិបតី វីដូដូ ទាំង២លើក៕ 

Tag:
 ឥណ្ឌូណេស៊ី
  ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com