អន្តរជាតិ
វៀតណាម រកប្រធានាធិបតីថ្មី ក្រោយលោក វ៉ វាន់ធឿង លាលែង
21, Mar 2024 , 1:59 pm        
រូបភាព
លោក វ៉ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម។ រូបភាព VnExpress
លោក វ៉ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម។ រូបភាព VnExpress
សភាវៀតណាម នៅថ្ងៃទី២១ ខែមីនា បានអនុម័តលើពាក្យលាលែងរបស់លោក លោក វ៉ វ៉ាន់ធឿង ជាប្រធានាធិបតីដែលកាន់ទើបតែបានប្រមាណ១ឆ្នាំប៉ុណ្ណោះ។ ការស្វែងរកបេក្ខភាពថ្មី កំពុងធ្វើឡើងដើម្បីបំពេញកៅអីទំនេរ។
 
ក្នុងកិច្ចប្រជុំវិសាមញ្ញ សភាវៀតណាម បានអនុម័តលើពាក្យលាលែងរបស់លោក លោក វ៉ វ៉ាន់ធឿង ជាប្រធានាធិបតី។ មុនការអនុម័តរបស់សភាមួយថ្ងៃ បក្សកុម្មុយនីស្តវៀតណាម ក៏បានទទួលលាលែងដែរ។ លោក ធឿង ក៏លាលែងពីសមាជិកគណៈមជ្ឈិមបក្ស និងប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិដែរ។
 
តាមរបាយការណ៍ពីគណៈកម្មការអធិការកិច្ចមជ្ឈិម ប្រធានាធិបតីវៀតណាមរូបនេះ បានបំពានគោលនយោបាយរបស់បក្សដែលធ្វើឱ្យប៉ះពាល់ដល់មតិសាធារណៈ និងមុខមាត់របស់បក្ស និងរដ្ឋ។ របាយការណ៍នេះ មិនបានបញ្ជាក់ពីកំហុសរបស់លោកធឿង ឱ្យបានច្បាស់លាស់ឡើយ។
 
ការលាលែងរបស់មេដឹកនាំវៀតណាមខាងលើ ធ្វើឡើងស្របពេលវៀតណាម កំពុងបោសសម្អាតអំពើពុករលួយទ្រង់ទ្រាយធំនៅក្នុងប្រទេស។ លោក ធឿង ដែលត្រូវមើលឃើញថា ជាមនុស្សជំនិតលោក ង្វៀន ភូ​ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ទំនងពាក់ព័ន្ធករណីពុករលួយនៅខេត្ត Quang Nai ។ ប៉ូលិសវៀតណាម ទើបប្រកាសចាប់ខ្លួនអតីតអភិបាលខេត្ត Quang Nai ក្នុងអំឡុងពេលនោះ លោកធឿង ជាលេខាបក្សកុម្មុយនីស្តប្រចាំខេត្ត។ 
 
ក្រោយការលែងរបស់លោក ធឿង វៀតណាម កំពុងស្វែងរកបេក្ខជនថ្មី។ អនុប្រធានាធិបតី លោកស្រី Vo Thi Anh Xuan នឹងកាន់តំណែងជាប្រធានាធិបតីស្ដីទី។ លោកស្រី ក៏ត្រូវមើលឃើញជាបេក្ខជនជំនួសលោក ធឿង ដែរ។
 
ចំណែកបុគ្គលផ្សេងទៀតដែលអាចស្នងតំណែងដ៏សំខាន់នេះ មានលោក តូ ឡិម (To Lam) រដ្ឋមន្រ្តីសន្តិសុខសាធារណៈដ៏មានអំណាច និង អ្នកស្រី ជឿង ធីម៉ៃ (Truong Thi Mai) សមាជិកអចិន្រ្តៃយ៍នៃលេខាធិការដ្ឋាន និងជាប្រមុខគណៈចាត់តាំងរបស់បក្សកុម្មុយនីស្តវៀតណាម។ 
 
ជាមួយគ្នានេះ លោក ជុង ផ្ទាល់ ក៏អាចកាន់តំណែងនេះដែរ ប៉ុន្តែវ័យជរារបស់លោក ទំនងជាបង្ខំឱ្យបក្សរកអ្នកផ្សេងវិញ។ នាយករដ្ឋមន្រ្តី ផាម មិញឈិញ និងប្រធានសភា វឿង ឌិញវ៉េ ក៏មានសិទ្ធិធ្វើជាប្រធានាធិបតីដែរ។ អ្នកទាំងអស់​ សុទ្ធតែជាសមាជិកការិយាល័យនយោបាយ។ បក្សកុម្មុយនីស្តវៀតណាម ទំនងរកបេក្ខជនក្នុងចំណោមថ្នាក់ដឹកនាំក្រុងធំៗមានលេខាបក្សក្រុងហូជីមិញ និងហាណូយផងដែរ។
 
គួររម្លឹកថា លោក ធឿង កាន់តំណែងបន្តពីលោក ង្វៀន សួនហ្វ៊ុក ដែលលាលែងពីតំណែងដោយសារកំហុសថ្នាក់ក្រោម ពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com