ជាតិ
ឆ្នាំ២០២៣ វិស័យសុខាភិបាលខេត្តសៀមរាបមានការរីកចម្រើនគួរឱ្យកត់សម្គាល់
21, Mar 2024 , 9:59 pm        
រូបភាព
លោក ក្រុស សារ៉ាត់ ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
លោក ក្រុស សារ៉ាត់ ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
សៀមរាប៖ ជាខេត្តដែលមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្នុងនោះវិស័យសុខាភិបាល​នៅខេត្តសៀមរាប ក៏មានការអភិវឌ្ឍជាបន្តបន្ទាប់ផងដែរ។ នៅក្នុងឆ្នាំ២០២៣កន្លងទៅ មន្ទីរសុខាភិបាលខេត្តបានរាយការណ៍ថា វិស័យនេះ​រីកចម្រើនឱ្យកត់សម្គាល់ ហើយការព្យាបាល និងអគារព្យាបាលបំពាក់ដោយឧបករណ៍ទំនើប ក៏ត្រូវបានដាក់ឱ្យដំណើរការ។
 
ក្នុងឆ្នាំ២០២៣កន្លងទៅ ការងារផ្ដល់សេវាសម្រាប់កម្មវិធីសុខភាពមាតា ទារក និងកុមារ ត្រូវបានរាយការណ៍ថា មានភាពល្អប្រសើរ ដ្បិតខេត្តសៀមរាបមានមន្ទីរពេទ្យកុមារ​ដល់ទៅពីរទីតាំង រួមមានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងមន្ទីរពេទ្យកុមារអង្គរ។ ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ក្រុស សារ៉ាត់ បានបង្ហាញថា បញ្ហាសុខភាពបន្តពូជមាតា ទារក និងកុមារ មានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ស្រ្តីជាច្រើនមានការយល់ដឹងខ្ពស់ លើការថែទាំសុខភាព ពិសេសពេលមានផ្ទៃពោះ ពួកគេបានជ្រើសរើសការថែទាំសុខភាពបានល្អ តាមការណែនាំរបស់គ្រូពេទ្យ។ ចំណែកនៅពេលសម្រាល មាតាទាំងនោះក៏បានជ្រើសរើស យកការសម្រាលកូននៅតាមមូលដ្ឋានសុខាភិបាលដែលពេញចិត្ត និងមានទំនុកចិត្ត​ទៅតាមលទ្ធភាព។
 
ចំពោះការប្រយុទ្ធនឹងជំងឺឆ្លងវិញ បច្ចុប្បន្នខេត្តសៀមរាបមានអ្នកជំងឺអេដស៍ជិត៥ពាន់នាក់ ក្នុងនោះរកឃើញករណីថ្មីនៅឆ្នាំ២០២៣ ជាង៣០០នាក់។ ក្នុងឆ្នាំកន្លងទៅ អ្នកជំងឺ៨៨នាក់​បានស្លាប់។​ យ៉ាងណា ​អ្នកជំងឺទាំងអស់កំពុងទទួលបានការ ព្យាបាលដោយឱសថប្រឆាំង​មេរោគអេដស៍ និងមានសុខភាពល្អ៩៩%។ នេះជាការលើកឡើងរបស់លោក ក្រុស សារ៉ាត់ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នាថ្ងៃទី២១ មីនា។ 
 
សន្និបាតបូកសរុបការងារ២០២៣ និងលើកទិសដៅឆ្នាំ២០២៤។

ដោយឡែកចំពោះជំងឺគ្រុនចាញ់វិញ បានថយចុះពី២៩ករណី មកនៅ២០ករណី​ត្រឹមឆ្នាំ២០២៣។ ជំងឺគ្រុនឈាម មានការរាតត្បាតខ្លាំងនៅក្នុងក្រុង និងស្រុកមួយចំនួន ដូចជាក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរជុំ ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកប្រាសាទបាគង និងស្រុកវ៉ារិន។ ឆ្នាំ២០២៣ មានអ្នកជំងឺសរុប ១១ ២៩១ករណី បានចូលរួមសម្រាកនៅតាម មន្ទីរពេទ្យបង្អែកសាធារណៈ មន្ទីរពេទ្យជ័យវរ្ម័នទី៧ និងមន្ទីរពេទ្យកុមារអង្គរ។ អ្នកជំងឺ៣៦នាក់ បានស្លាប់ដោយសារករណីជំងឺគ្រុនឈាមនេះ តែមិនមានអ្នកសៀមរាបឡើយ។ នេះជាការបញ្ជាក់ ពីលោក ក្រុស សារ៉ាត់។ 
 
ចំពោះការងារពង្រឹងប្រព័ន្ធសុខាភិបាលវិញ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប​ និយាយថា អគារមន្ទីរពេទ្យបង្អែកធំៗចំនួន៥ខ្នង និងអគារមណ្ឌលសុខភាពចំនួន២ខ្នងទៀត ត្រូវបានសាងសង់រួចរាល់ ក្នុងនោះអគារវះកាត់ខ្នាតធំមួយខ្នងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។
 
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មន្ទីរសុខាភិបាលខេត្តសៀមរាបមានមន្រ្តីរាជការសរុប ១៣០៩នាក់ ក្នុងនោះវេជ្ជបណ្ឌិត ៩៨នាក់ និងវេជ្ជបណ្ឌិតឯកទេស២២នាក់ គ្រូពេទ្យមធ្យម១០នាក់ ឱសថការី២៣នាក់ គិលានុប្បដ្ឋាក ៥៣៦នាក់ ឆ្មប៣៧៧នាក់ ជំនាញពិសោធន៍៤២នាក់ ទន្ដបណ្ឌិត៨នាក់ ព្យាបាលចលនា១៦នាក់ និងវិទ្យុសាស្រ្ត២នាក់។ល៕

Tag:
 ខេត្តសៀមរាប
  សុខភាពសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com